លោក​ដូណាល់ ត្រាំ​ថា​បើ​ចាញ់ឆ្នោត​​លោក​មានរឿង​ផ្សេង​ត្រូវធ្វើ​​

13-06-2020 4:47 pm 882
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា លោក​មាន​ផែនការ​នឹងធ្វើ​រឿង​ផ្សេង​បន្ដ ប្រសិនបើ​លោក​ចាញ់​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​០៣​ខែវិច្ឆិកា​ខាងមុខ​។ ការលើកឡើង​ដូច្នេះ​បន្ទាប់ពី​គូប្រជែង​នៅ​គណបក្ស​ប្រជាធិបតេយ្យ​លោកចូ បាយដិ​ននិយាយថា គណបក្ស​សាធារណរដ្ឋ​របស់លោក​ត្រាំ​ទំនង​នឹង​ប្រើ​មធ្យោបាយ​បោកប្រាស់ ហើយ​មិន​ព្រម​ចាកចេញ​ពី​សេត​វិមាន​នោះទេ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​Fox News លោក​ត្រាំ​បានបញ្ជាក់​ដូច្នេះ​ថា “​ច្បាស់​ណាស់​ប្រសិនបើ​ខ្ញុំ​មិន​ឈ្នះ ខ្ញុំ​មានន័យថា ខ្ញុំ​ត្រូវ​បន្ដធ្វើ​រឿង​ផ្សេងទៀត​”​។ លោក​ត្រាំ​មិនបាន​បង្ហាញថា​នឹងធ្វើ​អ្វី​ទេ ប៉ុន្ដែ​លោក​ថា​លោក​ក៏​នឹង​ទទួលយក​លទ្ធផល​ឆ្នោត​។ ខាង​គណបក្ស​ប្រជាធិបតេយ្យ​បានបង្ហាញ​ការព្រួយបារម្ភ ខ្លាច​លោក​ត្រាំ​មិន​ព្រម​ទទួលយក​លទ្ធផល​ឆ្នោត​ប្រសិនបើ​ចាញ់​។​

​ចន្លោះពេល​នេះ​ភាព​តានតឹង​រវាង​លោក​ដូណាល់ ត្រាំ និង​លោកចូ បាយដិន​បេក្ខជន​ប្រធានាធិបតី​តំណាងប​ក្ស​ប្រជាធិបតេយ្យ​បាន​កើនឡើង​កាន់តែខ្លាំង​។ ភាគី​ទាំង​ពីរបាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា​មាន​ចេតនា​ចង់​បោកប្រាស់​នៅក្នុង​ការបោះឆ្នោត​ដើម្បី​ទទួលបាន​ជោគជ័យ​។ លោក​បាយ​ដិនដែល​នាំមុខ​លោកត្រាំ​ក្នុងពេលស្ទ​ង់​មតិ​ថ្នាក់ជាតិ​កន្លងមក កាលពីដើម​សប្ដាហ៍​នេះ​បានបង្ហាញ​ការព្រួយបារម្ភ​ថា លោក​ត្រាំ​អាច​ព្យាយាម​លួច​សន្លឹកឆ្នោត បើទោះបីជា​លោក​មិន​បញ្ជាក់ថា​លោក​ត្រាំ​ធ្វើ​តាមរបៀប​ណាក៏ដោយ​។ លោក​បាយដិន​សង្កត់ធ្ងន់ថា លោក​មាន​ទំនុកចិត្ដ​លើ​ទាហាន​អាមេរិក អាច​នឹង​ជូន​ដំណើរ​លោក​ត្រាំ​ចេញពី​សេត​វិមាន ប្រសិនបើ​លោក​ត្រាំ​ចាញ់ឆ្នោត​តែ​មិន​ទទួលយក​លទ្ធផល​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត