ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួននឹងខិតខំបន្ថែមទៀតទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ ដើម្បីឆ្លើយតបនឹងសហរដ្ឋអាមេរិកដែលកំពុងបន្ដគោលនយោបាយអរិភាព។ រដ្ឋមន្ដ្រីក្រសួងការបរទេសកូរ៉េខាងជើងលោកRi Son Gwon បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី១២មិថុនានេះ ចំខួបពីរឆ្នាំនៃកិច្ចជំនួបលោកគីម ជុងអ៊ុននិងលោកដូណាល់ ត្រាំនៅប្រទេសសិង្ហបុរី។
នៅក្នុងសេចក្ដីថ្លែងការណ៍បាននិយាយថា កូរ៉េខាងជើងបានផ្អាកធ្វើតេស្ដអាវុធនុយក្លេអ៊ែរនិងមីស៊ីលឆ្លងទ្វីបICBM ប៉ុន្ដែអាមេរិកកំពុងណែនាំគ្រឿងសព្វាវុធដូចជាយន្ដហោះបំបាំងកាយ និងយន្ដហោះគ្មានមនុស្សបើកទៅកូរ៉េខាងត្បូងទៅវិញ។ ដូច្នេះគោលដៅយុទ្ធសាស្ដ្រប្រកបដោយសុវត្ថិភាពរបស់កូរ៉េខាងជើង គឺបង្កើនកម្លាំងបន្ថែមទៀតទប់ទល់នឹងការគំរាមកំហែងខាងយោធារយៈពេលវែងពីសហរដ្ឋអាមេរិក។
គួររម្លឹកថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុននិងប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានជួបគ្នាលើកដំបូងនៅសិង្ហបុរីកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ ក្រោយកិច្ចជំនួបជាប្រវត្ដិសាស្ដ្រសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។ តួយ៉ាងមានកិច្ចព្រមព្រៀងរំលាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងជាដើម។ ប៉ុន្ដែកិច្ចព្រមព្រៀងនេះអនុវត្ដមិនបានប៉ុន្មានផងក៏ត្រូវជាប់គាំង ព្រោះខ្វែងគំនិតលើការដកទណ្ឌកម្មសេដ្ឋកិច្ច។
គិតមកដល់ពេលនេះរយៈពេលពីរឆ្នាំហើយនៅតែមិនអាចដោះស្រាយចេញ ខណៈកូរ៉េខាងជើងទាមទារឲ្យអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចចេញខ្លះ ប៉ុន្ដែអាមេរិកទទូចឲ្យកូរ៉េខាងជើងរំលាយនុយក្លេអ៊ែរចោលមុន។ ទាស់ទែងគ្នាលើចំណុចនេះហើយទើបកូរ៉េខាងជើងឈប់បន្ដកិច្ចព្រមព្រៀងដែលឯកភាពនៅសិង្ហបុរី។ កូរ៉េខាងជើងធ្លាប់ឆ្លើយតបទៅអាមេរិកថា ខ្លួនមិនអាចឲ្យអាមេរិកកេងចំណេញដាច់ខាត ត្រូវតែមានការដោះដូរទើបយុត្ដិធម៌។ កូរ៉េខាងជើងមិនអាចបោះបង់ចោលនុយក្លេអ៊ែរបានទេ ទាល់តែអាមេរិកយល់ព្រមដកទណ្ឌកម្មសេដ្ឋកិច្ច៕
ដោយ៖ពេញ ផេង