ផលិត​ក្នុងសម័យ​​សង្គ្រាមត្រជាក់​​តែ​SR-71​​នៅតែ​ជា​ស្ដេច​​យន្ដហោះ​​ចារកម្ម​ក្នុង​លោក​

12-06-2020 11:41 am 2861

​ផលិត​នៅក្នុង​សម័យ​សង្គ្រាមត្រជាក់ SR-71​គឺជា​យន្ដហោះ​ដែល​ហោះ​បាន​ខ្ពស់​និង​លឿន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ប៉ុន្ដែ​រយៈពេល​៥៥​ឆ្នាំ​ក្រោយមក​យន្ដហោះ​នេះ​នៅតែ​ជាប់​កំណត់ត្រា​ចាស់​ដដែល​។ SR-71​អាច​ហោះហើរ​នៅ​ជិត​ជ្រុង​ម្ខាង​នៃ​លំហ​អាកាស ហើយ​ល្បឿន​វិញ​លឿន​ជាង​មី​ស៊ី​ល​។ សព្វថ្ងៃ​វា​នៅតែ​ទទួលបាន​កំណត់ត្រា​ជា​យន្ដហោះ​ហោះ​បាន​ខ្ពស់បំផុត​និង​លឿន​បំផុត​ក្នុង​ប្រភេទ​យន្ដហោះ​ដែល​គ្មាន​បំពាក់​ជំនួយ​ថាមពលរ៉ុ​កក្កែ​ត​។ វា​ជា​ផ្នែក​មួយ​នៃ​ក្រុមគ្រួសារ​យន្ដហោះ​ចារកម្ម​របស់​អាមេរិក ដែល​បាន​បង្កើតឡើង​ដើម្បី​ហោះចូល​ស៊ើបការណ៍​ក្នុង​ដែនដី​សត្រូវ ព្រោះ​មិនអាច​ចាប់​សញ្ញា​វា​បាន​ឬក៏​អាច​បាញ់​វា​ទម្លាក់​បានឡើយ​។​

SR-71​ដែលមាន​រហ័ស​នាម​មួយទៀត​ថា​បក្សី​ខ្មៅ​(Blackbird) ត្រូវបាន​រចនា​ឡើង​ជាមួយ​រូបរាង​យ៉ាង​ប្រណីត ធ្វើឡើង​ពី​ទី​តា​ញ៉ូម​អាចធន់នឹ​ងក​ម្ដៅ​ខ្លាំង​មិនឲ្យ​រលាយ​ពេលហោះ​កម្ពស់​ខ្ពស់​។ ចំពោះ​រូបរាង​វិញ​ដូចជា​សត្វ​បក្សី ហើយ​សមត្ថភាព​នៅតែ​អស្ចារ្យ​។ វា​នៅតែ​ជា​យន្ដហោះ​សម្រាប់​ពេលអនាគត ទោះបីជា​បាន​ផលិតឡើង​តាំងពី​ទសវត្ស​ឆ្នាំ​១៩៥០​។ តួ​នៃ​យន្ដហោះ​SR-71​មាន​ផ្សំ​ពី​សម្ភារ​ដែល​មិន​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​យន្ដហោះ​ធម្មតា​ឡើយ ធ្វើឲ្យ​យន្ដហោះ​អាច​បំបាំងកា​យបាន ដូច្នេះ​ទើប​រ៉ា​ដា​របស់​សត្រូវ​មិនអាច​ចាប់​សញ្ញា​វា​បាន​។​

​ហោះហើរ​ក្នុង​រយៈកម្ពស់​ខ្ពស់​ហើយ​ល្បឿន​លឿន​ជាង​មី​ស៊ី​ល បក្សី​ខ្មៅ​អាច​ចូលក្នុង​ដែនអាកាស​របស់​សត្រូវ​បាន​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​ពុំមាន​ការរំខាន​។ នៅពេលដែល​រ៉ា​ដា​ចាប់​សញ្ញា​បាន​ហើយ​បញ្ជា​មី​ស៊ី​លបាញ់​ប្រឆាំង​វា​នោះ SR-71​អាច​រក​ច្រកចេញ​ដោយ​សុវត្ថិភាព​បាត់ទៅហើយ​។ តាម​លទ្ធផល​នៃ​ការប្រើប្រាស់​ជាក់ស្ដែង​កន្លងមក SR-71​ឬ​បក្សី​ខ្មៅ​មិនដែល​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​សត្រូវ​ឡើយ​។ តែ​យ៉ាងណាមិញ​វា​ជា​ប្រភេទ​យន្ដហោះ​ដែល​ពិបាក​ក្នុង​ការប្រើប្រាស់​និង​ស្មុគស្មាញ​ច្រើន ហេតុនេះ​អ្នកបើកបរ​ត្រូវតែមាន​សមត្ថភាព​គ្រប់គ្រាន់​។ អ្នកបើកបរ​ត្រូវ​ត្រៀម​ទុកជាមុន​ចំពោះ​ហានិភ័យ​ដែល​អាច​កើតឡើង រីឯ​ការប្រើប្រាស់​ឯកសណ្ឋាន​គឺ​ដូចជា​ត្រូវ​បំពេញបេសកកម្ម​ក្នុង​លំហ​អាកាស​អ៊ីចឹង​ដែរ​។ 

​គួរ​បញ្ជាក់ថា SR-71​ឬ​បក្សី​ខ្មៅ​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​Lockheed​របស់​អាមេរិក មាន​ចំនួន​តែ​៣២​គ្រឿង​ប៉ុណ្ណោះ​។ យន្ដហោះ​នេះ​មាន​បណ្ដោយ​៣២.៧៣​ម៉ែត្រ ស្លាប​ប្រវែង​១៦.៩៤​ម៉ែត្រ កម្ពស់​៥.៦៤​ម៉ែត្រ ទម្ងន់​ជាង​៣​ម៉ឺន​គីឡូក្រាម​។ យន្ដហោះ​ផ្ទុក​មនុស្ស​ពីរ​នាក់ គឺ​អ្នកបើកបរ​ម្នាក់​និង​មន្ដ្រី​គ្រប់គ្រង​ប្រព័ន្ធ​ស៊ើបការណ៍​ម្នាក់​។ ចំពោះ​រយៈកម្ពស់​យន្ដហោះ​នេះ​អាច​ហោះ​បាន​ដល់​២៥,៩២៩​ម៉ែត្រ និង​ល្បឿន​លឿន​បំផុត​ដល់​៣,៥២៩.៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ការហោះ​សាកល្បង​លើកដំបូង​ក្នុង​ឆ្នាំ​១៩៦៤ ដាក់​ឲ្យប្រើ​ប្រាស់ក្នុង​ឆ្នាំ​១៩៦៦ ហើយ​ត្រូវបាន​ចូលនិវត្ដ​ក្នុង​ឆ្នាំ​១៩៩៨​។ ប៉ុន្ដែ​នៅ​ឆ្នាំ​១៩៩៩​អង្គការ​ណា​សាបាន​ប្រើប្រាស់​យន្ដហោះ​នេះ​ពីរ​គ្រឿង​សម្រាប់​ការស្រាវជ្រាវ​តាម​ដែន​អាកាស បន្ទាប់មក​ក៏​បញ្ជូន​ចូលក្នុង​ឃ្លាំង​វិញ​។ ទាក់ទង​នឹង​តម្លៃ​មួយគ្រឿង​ខ្ទង់​៣៤​លាន​ដុល្លារ​អាមេរិក​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត