អាមេរិក​​លូកដៃ​​ក្នុង​កិច្ចការ​​អន្ដរ​កូរ៉េ​​នឹង​ប៉ះពាល់​​ដល់​​ការបោះឆ្នោត​​ប្រធានាធិបតី​

11-06-2020 3:54 pm 601

​ក្រសួងការបរទេស​អា​មេរិក​កាលពី​ថ្ងៃ​អង្គារបានប​ង្ហា​ញ​ការ​អាក់​អន់ចិត្ដ​យ៉ាងខ្លាំង​ចំពោះ​ប្រទេស​កូរ៉េខាងជើង ដែល​សម្រេច​បិទ​ចោល​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​ប្រចាំថ្ងៃ​ជាមួយ​កូរ៉េខាងត្បូង​។ ប៉ុន្ដែ​រំលង​បានតែ​ពីរ​ថ្ងៃ​កូរ៉េខាងជើង​ក៏​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ឆ្លើយតប​ទៅ​អាមេរិក​វិញ​។ លោក​Kwon Jong Gun មន្ដ្រី​ក្រសួងការបរទេស​កូរ៉េខាងជើង និង​ជា​អគ្គនាយក​ទទួលបន្ទុក​កិច្ចការ​ជាមួយ​អាមេរិក បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ប្រសិនបើ​អាមេរិក​ទៅ​ឈឺឆ្អាល​នឹង​កិច្ចការ​ប្រទេស​ដទៃ គ្មាន​ការយកចិត្ដទុកដាក់​និង​ឃ្លាត​កាន់តែ​ឆ្ងាយ​ពី​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ខ្លួន​ដូច្នេះ នៅពេលដែល​ស្ថានភាព​នយោបាយ​របស់ខ្លួន​ស្ថិតក្នុង​ភាពច្របូកច្របល់​នោះ​អាមេរិក​នឹង​ពិបាក​ដោះស្រាយ​។ 

​លោក​បន្ថែមថា អាមេរិក​គួរតែ​ទប់​អណ្ដាត​ហើយ​ដោះស្រាយ​រឿង​ក្នុងស្រុក​សិន បើ​ចង់បង្ហាញ​ឲ្យគេ​ឃើញ​ពី​បទពិសោធន៍​ល្អ​របស់ខ្លួន​។ វា​មិនមែនជា​រឿង​ល្អ​នោះទេ គឺ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ផលប្រយោជន៍​អាមេរិក​ប៉ុណ្ណោះ​ឡើយ វា​នឹង​ប៉ះពាល់​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​នាពេលខាងមុខ​ថែមទៀត​។ កូរ៉េខាងជើង​សង្កត់ធ្ងន់ថា អាមេរិក​គ្មាន​គោលជំហរ​អ្វី​ក្នុង​ការរិះគន់​លើ​កិច្ចការ​អន្ដរ​កូរ៉េ​ដាច់ខាត​។ ទីក្រុង​វ៉ាស៊ីនតោន​គួរតែ​នៅ​ឲ្យ​ស្ងៀម បើ​ចង់ឲ្យ​ការបោះឆ្នោត​ប្រធានាធិបតីនៅខែ​វិច្ឆិកា​ប្រព្រឹត្ដទៅដោយ​រលូន​។ 

​កូរ៉េខាងជើង​មិន​បានបញ្ជាក់​ទេ​ថា​នឹងធ្វើ​អ្វី​ឬ​បង្ក​ការរំខាន​អ្វី​ដល់​ការបោះឆ្នោត​នៅ​អាមេរិក ប៉ុន្ដែ​ប្រសិនបើ​កូរ៉េខាងជើង​ធ្វើ​មែន នោះ​ការ​បង្កហេតុ​និង​ការ​សងសឹក​ប្រាកដជា​កើតឡើង​ទៅវិញទៅមក ហើយ​ឈានទៅ​ផ្ទុះ​ភាព​តានតឹង​កាន់តែខ្លាំង​។ បន្ទាប់ពី​មាន​កិច្ច​ជំនួប​ជាច្រើនលើក​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន​ក្នុង​ឆ្នាំ​២០១៨-២០១៩ ការរំលាយ​នុយក្លេអ៊ែរ​ដែល​បាន​ព្រមព្រៀង​ដំណើរការ​ទៅមុខ​តិចតួច​ប៉ុណ្ណោះ​។ ទីក្រុង​ព្យុងយ៉ាង​ក៏​បង្ហាញ​ការមិន​សប្បាយចិត្ដ​កាន់តែខ្លាំង នៅពេល​ទីក្រុង​វ៉ាស៊ីនតោន​មិន​ព្រម​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច ទីបំផុត​កូរ៉េខាងជើង​ក៏​ផ្អាក​ការរំលាយ​នុយក្លេអ៊ែរ​ធ្វើឲ្យ​កិច្ចព្រមព្រៀង​ត្រូវ​ជាប់គាំង​នាពេល​សព្វថ្ងៃ​។​

​ចំពោះ​ការប្រកាស​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃ​អង្គារ ថា​នឹង​ផ្ដាច់​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង ដោយសារតែ​មាន​ពលរដ្ឋ​កូរ៉េខាងជើង​ភៀសខ្លួន​ទៅនៅ​កូរ៉េខាងត្បូង បាន​បង្ហោះ​ខិត្ដបណ្ណ​ភ្ជាប់​សារ​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​និង​របប​គ្រប់គ្រង​របស់លោក​គីម ជុង​អ៊ុន​ចូល​ប្រទេស​កូរ៉េខាងជើង​។ កូរ៉េខាងជើង​បាន​ជូនដំណឹង​ឲ្យ​កូរ៉េខាងត្បូង​បញ្ឈប់​ជាបន្ទាន់​អ្នកធ្វើ​សកម្មភាព​នេះ ប៉ុន្ដែ​មិនបាន​ទាន់ពេល​តាម​ការចង់បាន​របស់​កូរ៉េខាងជើង​ទេ​។ ទើបតែ​កាលពី​ថ្ងៃ​ពុធ​ដែល​កូរ៉េខាងត្បូង​ឆ្លើយតប​ថា ខ្លួន​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំង​អង្គការ​ពីរ​ដែល​ធ្វើ​ការងារ​នេះ​៕

​ដោយ​៖​ពេញ ផេង​​

ព័ត៌មានផ្សេងទៀត