មេដឹកនាំ​ហុងកុង​ថា​ទីក្រុង​ហុងកុង​មិនអាច​ទ្រាំទ្រ​នឹង​ភាពវឹកវរ​តទៅទៀតបាន​ទេ​

09-06-2020 5:01 pm 850

​នៅ​ថ្ងៃ​អង្គារ​ទី​៩​ខែមិថុនា​ឆ្នាំ​២០២០​នេះ គម្រប់​ខួប​មួយឆ្នាំ​គត់​នៃ​ការចាប់ផ្តើម​ផ្ទុះឡើង​នូវ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ហុងកុង ដែលមាន​ការចូលរួម​ដោយ​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​ហុងកុង​។ នៅថ្ងៃនេះ លោកស្រី​Carrie Lam មេដឹកនាំ​ហុងកុង បាន​ថ្លែង​សារ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ដ៏​រំជើបរំជួល​នេះ​ថា  «​យើងទាំងអស់គ្នា​អាច​មើលឃើញ​ពី​ការលំបាក ដែល​បាន​ឆ្លងកាត់​រយៈពេល​ពេញ​មួយឆ្នាំ​កន្លងទៅ ហើយ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​បែបនេះហើយ ទើបបានជា​មាន​បញ្ហា​ជាច្រើន​ត្រូវ​ដោះស្រាយ​»​។ លោកស្រី​បន្ថែមថា «​យើងទាំងអស់គ្នា​ត្រូវតែ​ចេះ​រៀនសូត្រ​ពី​កំហុសឆ្គង​»​។ លោកស្រី​សង្ឈឹមថា «​សមាជិកសភា​ទាំងអស់ អាច​រៀនសូត្រ​ពី​កំហុស នោះ​គឺ​ត្រូវ​គិតថា​ហុងកុង​មិនអាច​ទ្រាំទ្រ​នឹង​ភាពវឹកវរ​បែបនេះ​ត​ទៅមុខទៀត​បានទេ​»​។​

​គួរ​រំលឹក​ជូន​ថា នៅ​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២០​នេះ គឺ​គម្រប់​ខួប​មួយឆ្នាំ​គត់ នៃ​ការចាប់ផ្តើម​ផ្ទុះឡើង​នូវ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ហុងកុង​។ ក្រុម​សកម្មជន​និង​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​ហុងកុង​រាប់សែន​នាក់ បាន​ប្រមូលផ្តុំ​តាម​ដងផ្លូវ ដើម្បី​តវ៉ា​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ជាមួយ​ចិន​។ ការតវ៉ា​អហិង្សា បានប្រែក្លាយ​ជា​អំពើហិង្សា​ផ្ទុះឡើង រវាង​ប៉ូលិស​និង​ក្រុមអ្នកតវ៉ា បណ្តាលឲ្យ​របួស​មនុស្សជា​ច្រើននាក់​និង​មនុស្ស​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​។ ប៉ុន្តែ​ការតវ៉ា​របស់​ពួកគេ​មិន​អត់​ប្រយោជន៍​នោះទេ​។ មិន​អត់​ប្រយោជន៍ ព្រោះ​ចន្លោះពេល​ការតវ៉ា​ជិត​កន្លះ​ឆ្នាំ​នោះ មេដឹកនាំ​ហុងកុង បាន​យល់ព្រម​លុបចោល​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់​នោះ​ចេញ​។ ទោះបីជា​ដក​សេចក្តីព្រាងច្បាប់​ចេញ​ក៏ដោយ តែ​ការតវ៉ា​បាន​បន្ត​អូសបន្លាយ​រហូត​ទាល់តែ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បាន​ផ្ទុះឡើង​ទើប​ស្ងប់ស្ងាត់​។ ការតវ៉ា​នេះ ដើម្បី​ទាមទារ​ចំណុច​មួយចំនួនទៀត ដែល​មានដូចជា ទាមទារ​ឲ្យ​បើ​កការស៊ើបអង្កេត​លើ​ប៉ូលិស​ដែល​ប្រើ​អំពើហិង្សា​លើ​អ្នក​តវ៉ា​ជាដើម​។​

​ថ្នីៗ​នេះ ការតវ៉ា​នៅ​ហុងកុង​បាន​ផ្ទុះឡើង​ជាថ្មីទៀត ជា​ការតវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ថ្មី ដែល​ស្នើ​និង​អនុម័ត​ដោយ​សភា​ចិន សម្រាប់​ទុក​អនុវត្ត​នៅ​ហុងកុង​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  ហុងកុងការតវ៉ា

ព័ត៌មានផ្សេងទៀត