រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី០៩ ខែមិថុនានេះ បានចុះហត្ថលេខាលើពិធីសារផ្លូវការ ក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនដោយផ្ទាល់។
ពិធីនេះធ្វើឡើងក្រោមវត្តមានលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម។
ថ្លែងក្នុងឱកាសនេះលោករដ្ឋមន្ដ្រី វេង សាខុន បានមានប្រសាសន៍ថា ផលិតកម្មផ្លែស្វាយស្រស់នៅកម្ពុជានាពេលបច្ចុប្បន្ន បានឡើងជាលំដាប់ ដែលបង្ហាញពីសក្តានុពលនូវភាពចាំបាច់ត្រូវដោះស្រាយរកទីផ្សារដើម្បីនាំចេញ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា តាមស្ថិតិចុងក្រោយនាឆ្នាំ២០១៩ បានបង្ហាញថា ផ្ទៃដីដាំដុះដំណាំស្វាយមានចំនួន ១២៤,៣១៩ហិកតា ផ្ទៃដីដែលអាចប្រមូលផលមានចំនួន៩១,៣៩៨ហិកតា និងទិន្នផលជាមធ្យមទទួលបាន១៥.៨៥តោនក្នុងមួយហិកតាក្នុងរដូវ ដែលជាមធ្យម កម្ពុជាអាចមានផលិតផលស្វាយស្រស់ប្រមាណ១,៤៤៨,៦៧៧តោន ក្នុងមួយរដូវ។
នេះជាជោគជ័យលើកទី២លើការចរចា ក្នុងការនាំចេញផ្លែឈើស្រស់ពីកម្ពុជាទៅចិនដោយផ្ទាល់ដោយជោគជ័យលើកទី១ លើការនាំចេញផ្លែចេកស្រស់ទៅកាន់ប្រទេសចិន។ ក្រៅពីផ្លែស្វាយនេះកម្ពុជាក៏កំពុងចរាចរណ៍ជាមួយចិនក្នុងការនាំចេញតាងែន (មៀនប៉ែលិន) ស្រការនាគ និងទឹកមាត់ត្រចៀកកាំ ទៅកាន់ប្រទេសចិន ដោយផ្ទាល់ ផងដែរ។ បច្ចុប្បន្នផលិតផលកសិកម្មរបស់កម្ពុជាចំនួន៥មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់គឺ អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី និងចេក។
បើតាមរបាយកាណ៍របស់ក្រសួងកសិកម្មបានឲ្យដឹងថានៅរយៈពេល៥ខែដំបូងឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ (តួលេខផ្លូវការ) បាន ៤៤,០៩៩ តោនកើនឡើង ប្រមាណ ១៤,៨៨៥តោន ស្មើនឹង ៥០.៩៥% ដែលធៀបទៅនឹងរយៈពេល៥ខែ ដើមឆ្នាំ២០១៩ មានចំនួនតែ ២៩,២១៤ តោនប៉ុណ្ណោះ៕
ដោយ៖ សៅ វិសាល