បច្ចុប្បន្នបើគិតពីទណ្ឌកម្ម កូរ៉េខាងជើងពិតជាមិនអាចក្លាយខ្លួនជាប្រទេសរីកចម្រើនបានឡើយ។ អាចទៅរួចលុះត្រាតែយល់ព្រមបោះបង់ចោលកម្មវិធីនុយក្លេអ៊ែ ហើយមានការព្រមព្រៀងជួយពីបណ្ដាប្រទេសផ្សេង ជាក់ស្ដែងមានកូរ៉េខាងត្បូងនិងអាមេរិកជាដើម។ ប៉ុន្ដែស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន កូរ៉េខាងជើងសុខចិត្ដលំបាក ក៏មិនព្រមចុះញ៉មរំលាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដាច់ខាត។ កិច្ចព្រមព្រៀងរំលាយនុយក្លេអ៊ែរជាមួយអាមេរិកត្រូវជាប់គាំង ដោយសារតែអាមេរិកចង់ឲ្យកូរ៉េខាងជើងដើរមុនមួយជំហាន ប៉ុន្ដែកូរ៉េខាងជើងមិនព្រមសុខចិត្ដរកវិធីផ្សេងដើម្បីរស់។ តើកូរ៉េខាងជើងប្រឹងប្រែងរស់តាមរបៀបយ៉ាងម៉េច?
និយាយពីប្រទេសកូរ៉េខាងជើង អ្វីដែលគេស្គាល់ខ្លាំងបំផុតគឺមីស៊ីលនិងនុយក្លេអ៊េររបស់ប្រទេសមួយនេះ។ កូរ៉េខាងជើងល្បីរន្ទឺក្នុងការធ្វើតេស្ដមីស៊ីលនិងនុយក្លេអ៊ែរ ដោយគិតត្រឹមពេលនេះបានបាញ់ធ្វើតេស្ដនុយក្លេអ៊ែរ៦លើកហើយ លើកទីមួយក្នុងឆ្នាំ២០០៦ លើកទីពីរក្នុងឆ្នាំ២០០៩ លើកទីបីក្នុងឆ្នាំ២០១៣ លើកទីបួននិងទីប្រាំក្នុងឆ្នាំ២០១៦ និងលើកទីប្រាំមួយក្នុងឆ្នាំ២០១៧។ ក្រៅពីនេះកូរ៉េខាងជើងបានបាញ់មីស៊ីលរាប់សិបគ្រាប់ទៀត។
ក្រោមហេតុផលគំរាមកំហែងសន្ដិសុខក្នុងតំបន់និងសន្ដិសុខពិភពលោក អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មលើកដំបូងក្រោយពេលកូរ៉េខាងជើងធ្វើតេស្ដនុយក្លេអ៊ែរក្នុងឆ្នាំ២០០៦។ ទណ្ឌកម្មបន្ថែមកាន់តែតឹងរ៉ឹងជាងមុននៅពេលកូរ៉េខាងជើងមិនស្ដាប់ការហាមឃាត់ និងរំលោភជាបន្ដបន្ទាប់លើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។ បច្ចុប្បន្នកូរ៉េខាងជើងត្រូវបានហាមឃាត់លើការនាំចេញធ្យូងថ្ម ដែក សំណ វាយនភ័ណ្ឌ និងគ្រឿងសមុទ្រ ហើយក៏មិនអាចនាំចូលទំនិញប្រណីតៗនិងផលិតផលប្រេងបានដែរ។ ការនាំចូលប្រេងមិនបាននេះបានរុញច្រានឲ្យរដ្ឋផ្ដាច់ខ្លួនកូរ៉េខាងជើងជួបបញ្ហាយ៉ាងខ្លាំង គឺប៉ះពាល់ដល់ផលិតកម្មកសិកម្ម ធ្វើឲ្យកូរ៉េខាងជើងមិនអាចផលិតជី ឬឧបករណ៍ដែលប្រើប្រាស់សាំងបាន។ ទិន្នផលកសិកម្មរបស់កូរ៉េខាងជើងត្រូវធ្លាក់ចុះ មិនអាចផ្គត់ផ្គង់ប្រជាជនបានគ្រប់គ្រាន់ទេ។
បើតាមការស្រាវជ្រាវនានាបង្ហាញថា បច្ចុប្បន្នកូរ៉េខាងជើងមានប្រជាជនរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រប្រមាណ៦០ភាគរយឯណោះ។ កត្ដាដែលពលរដ្ឋកូរ៉េខាងជើងជួបភាពក្រីក្រមានជាអាទិ ការគ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អ បាត់បង់ការគាំទ្រពីរុស្ស៊ី រួមទាំងការនាំចូលត្រូវធ្លាក់ចុះយ៉ាងខ្លាំង។ ទាំងនេះគឺសុទ្ធតែជាផ្នែកមួយកើតចេញពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ការណ៍នេះបានធ្វើឲ្យកូរ៉េខាងជើងកាន់តែលំបាកជាងមុន ជាពិសេសគឺការស្វែងរកប្រភពចំណូលជាសាច់ប្រាក់។
កូរ៉េខាងជើងធ្លាប់បានទទួលសាច់ប្រាក់ពីពលរដ្ឋខ្លួនទៅធ្វើពលករក្រៅប្រទេស ដោយមួយផ្នែកត្រូវបង់ចូលក្នុងវិភាគទានរបស់រដ្ឋ ដែលប្រាក់ទាំងនោះហើយត្រូវបានគេចោទថាកូរ៉េខាងជើងយកទៅអភិវឌ្ឍកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែរ។ ប៉ុន្ដែក្រោយអង្គការសហប្រជាជាតិនិងអាមេរិកបានបន្ថែមកម្រិតទណ្ឌកម្ម បណ្ដាប្រទេសដែលធ្លាប់ទទួលពលករកូរ៉េខាងជើងខ្លះបានបញ្ជូនពួកគេត្រឡប់ទៅវិញ ធ្វើឲ្យកូរ៉េខាងជើងបាត់បង់កាន់តែធំនូវប្រភពចំណូលពីក្រៅ។ ប៉ុន្ដែមិនថាប្រឈមនឹងកាលៈទេសៈលំបាកយ៉ាងណា កូរ៉េខាងជើងនៅប្រើគ្រប់មធ្យោបាយដើម្បីរស់។ មិនព្រមធ្វើតាមការទាមទាររបស់អង្គការសហប្រជាជាតិឬសហរដ្ឋអាមេរិកដោយគិតថាគ្មានយុត្ដិធម៌ កូរ៉េខាងជើងដែលស្ថិតក្រោមការដឹកនាំរបស់បុរសវ័យក្មេងគីម ជុងអ៊ុន បានបន្ដរិះរកមធ្យោបាយដើម្បីអាចរស់ដោយខ្លួនឯងបាន។
រឿងដែលគេខ្លាចកូរ៉េខាងជើងមួយទៀតគឺការលួចវាយប្រហារតាមអ៊ីនធឺណេត ដើម្បីលួចយកប្រាក់ពីបរទេសមានពីធនាគារជាដើម រួមទាំងសកម្មភាពលាងលុយកខ្វក់ដើម្បីគេចពីទណ្ឌកម្ម។ អាមេរិកទើបតែបានចោទប្រកាន់ជនជាតិកូរ៉េខាងជើង២៨នាក់និងជនជាតិចិន៥នាក់ ពាក់ព័ន្ធនឹងការលាងលុយកខ្វក់បញ្ជូនទៅឲ្យកូរ៉េខាងជើងរាប់ពាន់លានដុល្លារ។ នេះមិនមែនជាលើកទីមួយទេដែលអាមេរិកបានចោទកូរ៉េខាងជើងលើករណីលួចប្រាក់ពីបរទេសនិងការលាងលុយកខ្វក់ ទោះបីកូរ៉េខាងជើងបដិសេធថាមិនបានធ្វើក៏ដោយ។ នៅក្នុងការចោទប្រកាន់ជាថ្មីទាំងជនជាតិកូរ៉េខាងជើងនិងជនជាតិចិន បានប្រើប្រាស់បណ្ដាញក្រុមហ៊ុនជាង២៥០ដើម្បីផ្ទេរប្រាក់ចេញទៅកូរ៉េខាងជើង គេចពីការដាក់ទណ្ឌកម្មរបស់អន្ដរជាតិ។
នៅពេលក្រុងព្យុងយ៉ាងបង្កើនការធ្វើតេស្ដអាវុធនុយក្លេអ៊ែរក្នុងឆ្នាំ២០១៦និង២០១៧ បណ្ដាញពង្រឹងសមត្ថភាពឧក្រិដ្ឋកម្មហិរញ្ញវត្ថុអាមេរិក បានប្រកាសថាវិស័យហិរញ្ញវត្ថុទាំងមូលរបស់កូរ៉េខាងជើងគឺជាក្ដីកង្វល់អំពីការលាងលុយកខ្វក់។ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបានពង្រីកវិសាលភាពនៃការដាក់ទណ្ឌកម្ម ដោយប្ដូរវិធានការពីការផ្ដោតលើបុគ្គលឬស្ថាប័នជាក់លាក់ដែលជាប់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ទៅជាទណ្ឌកម្មដ៏ទូលំទូលាយមានលើសពីការហាមឃាត់។ ការពង្រីកវិសាលភាពទណ្ឌកម្មត្រូវបានអនុវត្ដចំពោះគ្រប់ប្រទេស មិនត្រឹមតែជាអ្នកសង្ស័យថាបានទាក់ទងនឹងការផលិតអាវុធកូរ៉េខាងជើងឡើយ វាក៏រួមបញ្ចូលជនស៊ីវិលផងដែរ។
អ្នកដែលគាំទ្រលើទណ្ឌកម្មបានអះអាងថា មានតែធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុកូរ៉េខាងជើងដួលរលំប៉ុណ្ណោះ ទើបធ្វើឲ្យប្រទេសនេះអាចចូលចរចាកម្មវិធីនុយក្លេអ៊ែរ និងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ ចំពោះអ្នកវិភាគមួយចំនួនអះអាងថាដើម្បីឲ្យមានប្រសិទ្ធភាព វិធានការត្រូវតែដាក់ធ្ងន់ធ្ងរជាងនេះ ដូចជាបង្កកទ្រព្យសម្បត្ដិមេដឹកនាំកូរ៉េខាងជើងដែលមានក្នុងគណនីនៅក្រៅប្រទេស។ និយាយពីសហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ បានឈានដល់កិច្ចព្រមព្រៀងរំលាយនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ក្នុងពេលជួបលោកគីម ជុងអ៊ុននៅសិង្ហបុរីកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ លោកត្រាំបានទាមទារឲ្យកូរ៉េខាងជើងព្រមបោះបង់កម្មវិធីនុយក្លេអ៊ែរសិន បើចង់បានការដកទណ្ឌកម្មសេដ្ឋកិច្ច ប៉ុន្ដែកូរ៉េខាងជើងមិនព្រមទើបធ្វើឲ្យការរំលាយនុយក្លេអ៊ែរត្រូវជាប់គាំង។
សម្រាប់កូរ៉េខាងជើងមិនថាប្រឈមនឹងទណ្ឌកម្មវ័ណ្ឌក កូរ៉េខាងជើងនៅតែអាចស្វែងរកចំណូលបាន។ នេះហើយដែលគេថាកូរ៉េខាងជើងឆ្លាត អាចច្នៃប្រឌិដ្ឋតាមគ្រប់មធ្យោបាយដើម្បីដោះស្រាយឧបសគ្គ។ រម្លឹកពីអតីតកាលក្នុងពេលមានសង្គ្រាមកូរ៉េក្នុងទសវត្សឆ្នាំ១៩៥០ យោធាកូរ៉េខាងជើងបានប្រើយុទ្ធសាស្ដ្រពិសេសមួយ វាយប្រហារទាហានកូរ៉េខាងត្បូងនិងអាមេរិកដែលបំពាក់សុទ្ធគ្រឿងសព្វាវុធល្អៗ។ នោះគឺជាយុទ្ធសាស្ដ្រដែលស្ថាបនិកប្រទេសកូរ៉េខាងជើងប្រើប្រយុទ្ធប្រឆាំងនឹងទ័ពព្រៃជប៉ុន។
នៅក្រោយសម័យសង្គ្រាមកូរ៉េខាងជើងបានប្រើយុទ្ធសាស្ដ្រសម្ងាត់មួយទៀត ធ្វើសង្គ្រាមមនោគមន៍វិជ្ជាប្រឆាំងកូរ៉េខាងត្បូងតាមរយៈការផ្ដល់ថវិកាដោយសម្ងាត់ដល់ក្រុមនិស្សិតដែលគាំទ្រកូរ៉េខាងជើង ជាមួយនឹងក្ដីសង្ឃឹមនៃការបះបោរធ្វើឲ្យខូចខាតដល់ភាពស្របច្បាប់របស់មេដឹកនាំកូរ៉េខាងត្បូង។ ថ្មីៗនេះកូរ៉េខាងជើងបានដាក់ពង្រាយក្រុមវាយប្រហារតាមអ៊ីនធឺណេត(Hacker)ជំនាញៗ ដើម្បីអនុវត្ដការវាយប្រហារតាមអ៊ីនធឺណេតទៅលើធនាគារជុំវិញពិភពលោក។
តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា កូរ៉េខាងជើងអាចស្វែងរកចន្លោះប្រហោងក្នុងពេលរុំព័ទ្ធដោយទណ្ឌកម្ម។ ក្រុមHackerកូរ៉េខាងជើងត្រូវបានរាយការណ៍ថាកំពុងកបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីលួចយកលុយនិងលាងលុយកខ្វក់ដោយប្រើរូបិយបណ្ណគ្រីបតូ(cryptocurrency)។ កូរ៉េខាងជើងក៏មានជំនួយការអាចទុកចិត្ដបាននៅក្នុងប្រទេសចិន ដែលបានផ្ដល់ជំនួយទៅកូរ៉េខាងជើងកាលពីឆ្នាំ២០១៩ខណៈកំពុងរងទណ្ឌកម្ម។ អ្នកគាំទ្រទាំងនោះបានទាំងសន្យាជួយដោះស្រាយការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅកូរ៉េខាងជើងថែមទៀតផង ទោះបីកូរ៉េខាងជើងរាយការណ៍ថាគ្មានអ្នកឆ្លងម្នាក់ផង។
ជារួមមកពិតជាគ្មានហេតុផលណាមួយដែលអាចជឿជាក់បានថា ការដាក់ទណ្ឌកម្មធ្វើឲ្យកូរ៉េខាងជើងដកហូតកម្មវិធីអាវុធនុយក្លេអ៊ែរឬផ្លាស់ប្ដូរឥរិយាបថឡើយ។ អត្ដសញ្ញាណជនជាតិកូរ៉េខាងជើងកាន់តែច្រើន ត្រូវបានចងភ្ជាប់ក្នុងការប្រឆាំងពិភពលោកខាងក្រៅ ពិសេសគឺប្រឆាំងសហរដ្ឋអាមេរិក។ មេដឹកនាំកូរ៉េខាងជើងក៏មិនអាចសារភាពបានទេថា បានធ្វើខុសគ្រាន់តែដើម្បីបន្ដកម្មវិធីនុយក្លេអ៊ែរ ហើយបើចង់ឲ្យបោះបង់ចោលនុយក្លេអ៊ែរធ្វើជាប្រទេសធម្មតារឹតតែសង្ឃឹមតិចបំផុត។
អាមេរិកអាចបន្ដហៅនិងដាក់ភាពអាម៉ាស់ឲ្យកូរ៉េខាងជើង ប៉ុន្ដែលោកគីម ជុងអ៊ុននិងអ្នកទទួលខុសត្រូវនៅកូរ៉េខាងជើងយល់ច្បាស់ថា ពួកគេទំនងមិនអាចមានយុត្ដិធម៌ទេ ហើយនឹងបន្ដរិះរកមធ្យោបាយនានាដើម្បីរកប្រាក់ ស្របពេលដែលពលរដ្ឋសាមញ្ញកូរ៉េខាងជើងអាចនឹងត្រូវបន្ដរងនូវការឈឺចាប់ដោយសារតែការដាក់ទណ្ឌកម្ម៕
ដោយ៖ពេញ ផេង