លោកRick Scott សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Florida បានចោទប្រកាន់ដោយយោងទៅលើរបាយការណ៍ ពីការស៊ើបការណ៍សម្ងាត់ថា ចិនបានព្យាយាមពន្យឺតដល់ដំណើរការផលិតវ៉ាក់សាំងកូវីដ-១៩របស់ប្រទេសលោកខាងលិច។ លោក Rick Scott ដែលគាំទ្រលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកយ៉ាងខ្លាំងនោះនិយាយថា «លោកមានភ័ស្តុតាងបង្ហាញថា ចិនកុម្មុយនិស្តកំពុងព្យាយាមបំផ្លាញយើងឬបន្ថយល្បឿន»។ ប៉ុន្តែលោកបដិសេធនិយាយលម្អិតអំពីភ័ស្តុតាងទាំងនោះ។ អំឡុងពេលផ្តល់កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BBC លោកScott និយាយម្តងហើយម្តងទៀតថា «ចិនមិនចង់ឲ្យយើងនិងអង់គ្លេសនិងអឺរ៉ុបធ្វើវាមុនទេ…ពួកគេបានសម្រេចចិត្តធ្វើជាសត្រូវនឹងអាមេរិកនិងប្រទេសប្រជាធិបតេយ្យនៅជុំវិញពិភពលោក»។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ចិនតាមរយៈលោកស្រី Hua Chunyingអ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានទាមទារឲ្យលោក Scott លើកភ័ស្តុតាងមកបង្ហាញថា ចិនពិតជាបានប៉ុនប៉ងពន្យឺតឬធ្វើឲ្យអន្តរាយ ដល់ការអភិវឌ្ឍវ៉ាក់សាំងរបស់ប្រទេសលោកខាងលិចមក កុំឲ្យចេះតែចោទផ្តេសផ្តាស់។ នេះជាការចោទប្រកាន់ថ្មីមួយទៀត មកលើចិនពាក់ព័ន្ធវីរុសកូវី-១៩ បន្ថែមពីលើការចោទប្រកាន់មុនៗថា ចិនបានបិទបាំងពីភាពគ្រោះថ្នាក់នៃវីរុស មុនរាតត្បាតពាសពេញពិភពលោក និងការចោទថា វីរុសកូវីដ-១៩មានប្រភពចេញមកពីមន្ទីរពិសោធន៍ នៅក្នុងទីក្រុងវូហានប្រទេសចិន។ តែចិនបានច្រានចោលរាល់ការចោទទាំងអស់នេះ។
ចាប់តាំងពីវីរុសកូរ៉ូណាបានផ្ទុះឡើងក្នុងទីក្រុងវូហានប្រទេសចិននាចុងឆ្នាំ២០១៩ ដោយបានសម្លាប់មនុស្សជាង៤០ម៉ឺននាក់ និងឆ្លងជាង៧លាននាក់ ទូទាំងពិភពលោក មិនទាន់មានវ៉ាក់សាំងនិងថ្នាំការពារនិងព្យាបាលបាននៅឡើយទេ។ ក្រុមស្រាវជ្រាវជិត១០០ក្រុមនៅជុំវិញពិភពលោក កំពុងប្រណាំងប្រជែងគ្នាស្វែងរកវ៉ាក់សាំង ដ៏មានប្រសិទ្ធភាព អាចទប់ស្កាត់វីរុសដ៏កាចសាហាវនេះ។ នៅក្នុងនោះក៏មានវ៉ាក់សាំងខ្លះផលិតរួចរាល់ និងដាក់ឲ្យធ្វើតេស្តសាកល្បងផងដែរ។ យ៉ាងណាក៏ដោយ បើទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្តី ក៏អ្នកជំនាញខ្លះជឿជាក់ថា រហូតទៅដល់ពាក់កណ្តាលឆ្នាំ២០២១ឯណោះ ទើបគេអាចចម្រាញ់បានវ៉ាក់សាំងមួយ ដែលទំនងជាអាចប្រើប្រាស់បាន តែក៏នៅមិនអាចធានាបានទាំងស្រុងថា វាមានប្រសិទ្ធភាពលើអ្នកជំងឺគ្រប់ៗគ្នាឡើយ៕ ដោយ៖អ៊ុន សុខឡា