សភាអឺរ៉ុបហៅកាត់ថា EP បានផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាមឬហៅកាត់ថាEVFTA កាលពីថ្ងៃទី១២ ខែកុម្ភៈ ដោយទទួលបានសំឡេងគាំទ្រចំនួន៤០១ទល់នឹងសំឡេងប្រឆាំងចំនួន១៩២និងអនុប្បវាទចំនួន៤០សំឡេង។ បន្ទាប់មកនៅថ្ងៃទី៣០ ខែមីនា សហគមន៍អឺរ៉ុប បានយល់ព្រមលើកិច្ចព្រមព្រៀងនេះ ដោយបញ្ចប់នីតិវិធីច្បាប់ចុងក្រោយ នៅក្នុងដំណើរការផ្តល់សច្ចាប័នផ្ទៃក្នុងរបស់សហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងនេះរង់ចាំតែការផ្តល់សច្ចាប័ន របស់រដ្ឋសភាវៀតណាមប៉ុណ្ណោះ ដើម្បីចូលជាធរមានទាំងសហភាពអឺរ៉ុបនិងវៀតណាម។
ដូច្នេះ តំណាងរាស្ត្រនៅក្នុងរដ្ឋសភាវៀតណាម ដែលតែងតែផ្តល់សច្ចាប័ន លើសំណើនានារបស់រដ្ឋាភិបាល បានបោះឆ្នោតគាំទ្រជាង ៩០ភាគរយ ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម។ មានន័យថា កិច្ចព្រមព្រៀងEVFTA បានចូលជាធរមានទាំងខាងសហភាពអឺរ៉ុបនិងវៀតណាមជាស្ថាពរហើយ និងគ្រោងដាក់ឲ្យអនុវត្តជាផ្លូវការនៅខែកក្កដាឆ្នាំ២០២០។
តាមរយៈកិច្ចព្រមព្រៀងនេះ នឹងកាត់បន្ថយឬលុបចោលពន្ធចំនួន ៩៩ ភាគរយ លើទំនិញដែលត្រូវបានធ្វើពាណិជ្ជកម្ម រវាងវៀតណាមនិងប្រទេសក្នុងប្លុកសហភាពអឺរ៉ុប។ ការនាំចេញសំខាន់ៗរបស់វៀតណាម ទៅកាន់សហភាពអឺរ៉ុបមានដូចជាសំលៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌផ្សេងទៀត ក៏ដូចជាគ្រឿងអេឡិចត្រូនិច និងផលិតផលកសិកម្មជាដើម។ ចំណែកឯទំនិញដែលវៀតណាមនាំចូលពីសហភាពអឺរ៉ុបវិញ មានដូចជាគ្រឿងម៉ាស៊ីន ថ្នាំពេទ្យ គ្រឿងបន្លាស់រថយន្ត និងផលិតផលអាហារ។ កិច្ចព្រមព្រៀងនេះតម្រូវឲ្យវៀតណាមទទួលស្គាល់តាមផ្លូវច្បាប់ថា សហជីពការងារមានភាពឯករាជ្យពីគណបក្សកាន់អំណាច និងតម្រូវឲ្យវៀតណាមពង្រឹងច្បាប់មួយចំនួនទៀត ជាថ្នូរនឹងការទទួលបាន EVFTA។
ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មEVFTA កើតឡើងក្នុងគ្រាដែលវៀតណាម កំពុងតែខិតខំប្រឹងប្រែង រើបម្រាស់ចេញពីវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយសារតែវីរុសកូវីដ-១៩។ ហេតុនេះជាដំណឹងល្អបំផុតសម្រាប់ប្រទេសវៀតណាម ដើម្បីជំរុញវិស័យផលិតកម្មនិងការនាំចេញរបស់ប្រទេសនេះ។ ធនាគារពិភពលោកបាននិយាយកាលពីខែឧសភាថាកិច្ចព្រមព្រៀង EVFTA អាចជំរុញផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមនិងការនាំចេញបានច្រើនគួរសមនៅឆ្នាំ ២០៣០ និងជួយលើកស្ទួយមនុស្សរាប់រយ រាប់ពាន់នាក់ឲ្យងើបផុតពីភាពក្រីក្រ។
សូមបញ្ជាក់ថា វៀតណាមបានក្លាយជាប្រទេសទី២ នៃប្រទេសសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាASEAN ដែលទទួលបានកិច្ចព្រមព្រៀង EVFTA ពីសហភាពអឺរ៉ុប បន្ទាប់ពីប្រទេសសិង្ហបុរី ៕ដោយ៖អ៊ុន សុខឡា