ការស្លាប់​រប​ស់ចច ហ្វ្ល​យ​រុញឲ្យ​ផ្ទុះ​ការតវ៉ា​ស្ទើរ​ពាសពេញ​ពិភពលោក​

07-06-2020 2:12 pm 329

​មនុស្ស​រាប់ពាន់នាក់​បាន​ដើរ​ដង្ហែ​ក្បួន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី ក្នុង​ការតវ៉ា​ដ៏​ធំ​នៅក្នុង​រដ្ឋធានី នា​ថ្ងៃទី ១២ នៃ​មរណភាព​របស់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​លោក​ច​ច ហ្វ្ល​យ​។ មនុស្សម្នា​បានមក​ប្រមូលផ្តុំ នៅក្បែរ​វិមាន​Capitol, វិមាន​អនុស្សាវរីយ៍ Lincoln Memorial និង​ខាងក្រៅ​សួន​Lafayette ដែល​នៅជាប់ នឹង​សេត​វិមាន​។ នៅក្នុង​ដៃ​របស់​ក្រុមអ្នកតវ៉ា​ជាច្រើន បាន​កាន់​បដា​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​ថា Black Lives Matter ដែល​មានន័យថា ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មានតម្លៃ​។ កម្លាំង​សន្តិសុខ​បាន​ការពារ​មិនឲ្យ​ក្រុមអ្នកតវ៉ា ចូលទៅ​កៀក​សេត​វិមាន​ពេក​ទេ​។ ក្រៅពី​នៅ​ទីក្រុង​វ៉ាស៊ីនតោន ការតវ៉ា​ក៏បាន​កើតឡើង​នៅ​ទីក្រុង​ផ្សេងទៀត ដូចជា​នៅ​ទីក្រុង​ញូវយ៉ក ឈី​កាហ្គោ និង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូជា​ដើម​។ ការប្រមូលផ្តុំ​ក៏​មាននៅ​ទីក្រុង North Carolina ជា​កន្លែង​កំណើត​របស់លោក​ចច ហ្វ្ល​យ​ផងដែរ ដើម្បី​រំលឹក​ដល់​ដួង​វិញ្ញាណក្ខណ្ឌ​របស់​លោក​។​

​ក្រៅពីនោះ ការប្រមូលផ្តុំ​តវ៉ា​ស្រដៀង​គ្នា​នេះ ក៏បាន​ផ្ទុះ​រាលដាល​នៅក្នុង​ប្រទេស​មួយចំនួន​ទៀត​​​កាលពី​ថ្ងៃ​សៅរ៍​។ នៅ​ចក្រភព​អង់គ្លេស​ទីលាន​សភា Parliament Square ដែល​ស្ថិតនៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍ បាន​ពេញប្រៀប​ទៅដោយ​មនុស្សម្នា បើទោះបីជា​មាន​ការអំពាវនាវ​ពី​រដ្ឋាភិបាល ដើម្បី​ជៀសវាង ការប្រមូលផ្តុំ​គ្នាច្រើន ព្រោះ​ខ្លាច​មាន​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ក៏ដោយ ក៏​ពួកគេ​នៅតែ​មកជួបជុំ​។ នៅ​អង់គ្លេស​ដដែល មាន​ក្រុមអ្នកតវ៉ា​ខ្ទង់ពាន់​នាក់ បានដើរ​ហែ​ក្បួនកាត់​មុខ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស​។​

​ការតវ៉ា​ផ្ទុះ​ជាថ្មី​នៅ​អាមេរិក​នេះ ពុំមាន​សេចក្តីរាយការណ៍​ថា​មាន​ការប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​និង​ក្រុមអ្នកតវ៉ា ដូច​ថ្ងៃមុនៗ​ទេ​។ ប៉ុន្តែ​នៅ​អង់គ្លេស​ឯណោះ​វិញ មាន​ការប៉ះទង្គិច​គ្នា​រយៈពេល​ខ្លី រវាងក្រុម​អ្នក​តវ៉ា​និង​ប៉ូលិសត្រួតពិនិត្យការតវ៉ាពីលើខ្នងសេះ។ ក្រុមអ្នកតវ៉ាបានគប់ដបទឹកសុទ្ធដាក់ប៉ូលិស រហូតមានការប្រឈមមុខដាក់គ្នា បណ្តាលឲ្យមន្រ្តីប៉ូលិសម្នាក់រងរបួសដោយសារតែធ្លាក់ពីលើខ្នងសេះ។ ចំណែក​នៅ​អូស្ត្រាលី​វិញ​មាន​ការតវ៉ា​ធំៗ នៅក្នុង​ទីក្រុង​ស៊ីដនី​,​មែ​ល​ប៊​ន​និង​ប្រ៊ី​ស​ប៊ែន ខណៈ​នៅ​បារាំង អាល្លឺម៉ង់​និង​អេ​ស្ប៉ាញ​ក៏មាន​ការតវ៉ា​ដែរ​។ 

​ការតវ៉ា​ធ្វើឡើង ដើម្បី​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍ និង​ភាព​សាហាវឃោរឃៅ​របស់​ប៉ូលិស ដែល​បាន​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ច​ច ហ្វ្ល​យ​។ នៅលើ​បណ្តាញ​សង្គម​និង​នៅតាម​ដង ផ្លូវ​អ្នក​ដែល​គាំទ្រ​ចលនា​តវ៉ា បាន​អំពាវនាវ​ដល់​មន្ត្រី​ជាប់ឆ្នោត ឲ្យ​ដោះស្រាយ​ការរើសអើង​ជាតិ​សាសន៍ និង​ភាពមិន​ស្មើភាព​គ្នា​ជា​យូរ​មកហើយ និង​ការ​ប្រឆាំងនឹង​ភាព​សាហាវ​របស់​ប៉ូលិស ដែល​ធ្វើ ចំពោះ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​។​

​សូមបញ្ជាក់ថា​លោក​ច​ច ហ្វ្ល​យ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ អាយុ​៤៦​ឆ្នាំ រង​ការចោទប្រកាន់ថា​បាន​ចាយ​ក្រដាសប្រាក់​ក្លែងក្លាយ​២០​ដុល្លារ​។ ក្រោយមក​លោក​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ហើយ​បាន​តតាំង​គ្នា​រហូត​ប៉ូលិស​ស្បែក​សម្នាក់ យក​ជង្គង់​សង្កត់​លើក​របស់លោក បណ្ដាលឲ្យ​ស្លាប់ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០២០៕ ដោយ​៖​អ៊ុន សុខ​ឡា 

 ពាក្យគន្លឹះ  ​លោកច​ចហ្វ្ល​យ

ព័ត៌មានផ្សេងទៀត