លោក​ដូណាល់ ត្រាំ​​ពិតជា​ពិបាក​​ជាប់ឆ្នោត​​នៅ​អាណត្ដិ​ទីពីរ​?

05-06-2020 4:56 pm 639

​នៅសល់​ប្រមាណ​៥​ខែ​ទៀត​ប៉ុណ្ណោះ អាមេរិក​នឹង​ឈាន់ដល់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជាថ្មី​។ បេក្ខភាព​ដែល​ត្រូវ​ប្រជែង​ក្នុង​ការបោះឆ្នោត​នេះ​គឺមាន​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​បច្ចុប្បន្ន​មកពី​គណបក្ស​សាធារណរដ្ឋ និង​លោកចូ បាយដិន​បេក្ខភាព​ប្រធានាធិបតី​តំណាង​គណបក្ស​ប្រជាធិបតេ​យ្យ​។ ប៉ុន្ដែ​ទន្ទឹមនឹង​ការបោះឆ្នោត​ជិត​ចូល​មកដល់ លោក​ដូណាល់ ត្រាំ​ពេលនេះ​កំពុង​ប្រឈម​បញ្ហា​ធំៗ​ចំនួន​បី​។ វិបត្ដិ​ទាំងបី​នេះ​បង្ក​ជា​មន្ទិលសង្ស័យ​ថា លោក​ត្រាំ​ទំនង​ពិបាក​ខ្លាំង​បំផុត​អាច​គ្រង​តំណែង​ប្រធានាធិបតី​ក្នុង​អាណត្ដិ​ទីពីរ​។ 

​វិបត្ដិ​ទីមួយ​ដែល​រដ្ឋបាល​លោក​ត្រាំ​កំពុង​ជួបប្រទះ​គឺ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​។ ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ វិស័យ​អាជីវកម្ម​អាមេរិក​ត្រូវ​បិទទ្វារ​ទើប​បើ​កឲ្យដំណើរ​ការខ្លះ​ក្នុងពេល​ថ្មីៗ​នេះ​ទេ​។ ការបិទទ្វារ​អាជីវកម្ម​ដូច្នេះ ធ្វើឲ្យ​សេដ្ឋកិច្ច​អាមេរិក​ត្រូវ​ធ្លាក់ចុះ​គ្រឹប​ចន្លោះ​ពី​២០​ទៅ​៣០​ភាគរយ​នៅក្នុង​ត្រីមាស​នេះ​។ តាម​ទិន្នន័យ​បង្ហាញ​កន្លងមក​ឃើញថា ជាង​៣០​លាន​ការងារ​នៅក្នុង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ​មួយ​ក្នុង​លោក​មួយ​នេះ ត្រូវបាន​បំផ្លាញ​ដោយសារតែ​កូវី​ដ​-១៩ ខណៈដែល​ភាព​អត់​ការងារ​ធ្វើ​អាច​កើនឡើង​ពី​២០​ទៅ​២៥​ភាគរយ ជា​ចំនួន​មិន​ធ្លាប់មាន​តាំងពី​ទសវត្ស​ឆ្នាំ​១៩៣០​។ តួលេខ​មិនទាន់​ធ្លាក់ចុះ​នោះទេ ហើយ​អាច​នឹង​កាន់តែ​អាក្រក់​នៅ​ដំណាច់ខែ​មិថុនា​នេះ​។​

​វិបត្ដិ​ទី​ពីរ​គឺ​ចំនួន​មនុស្ស​ស្លាប់​ដោយសារកូ​វីដ​-១៩ ដែល​ពេលនេះ​កើនឡើង​ដល់​ជាង​១១​ម៉ឺន​នាក់​ហើយ​។ ចំណែក​មនុស្ស​ឆ្លង​វិញ​មាន​ជិត​២​លាន​នាក់ ជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​មួយ​ដល់​សុខមាលភាព​ប្រជាជន​។ ទោះបី​ចំនួន​មនុស្ស​ឆ្លង​និង​ស្លាប់​មិន​កើនឡើង​លឿន​ដូច​ពីដំបូង ប៉ុន្ដែ​អាមេរិក​ពុំទាន់​អាច​បង្ការ​មិនឲ្យ​មនុស្ស​ស្លាប់​និង​ឆ្លង​បានឡើយ​។ ការព្រួយបារម្ភ​កំពុង​កើតឡើង​ជាថ្មី​នៅពេល​ចាប់ផ្ដើម​បើក​ឲ្យ​ដំណើរការឡើង​វិញ​នូវ​ទីតាំង​ដែល​បាន​បិទ​កន្លងមក​។ អាមេរិក​ត្រូវ​ចំណាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​ការគ្រប់គ្រង​និង​ព្យាបាល​កូវី​ដ​-១៩ ខណៈដែល​វ៉ាក់សាំង​ក៏​រក​ពុំទាន់​ឃើញ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​។​

​វិបត្ដិ​ទី​បី​គឺ​ការតវ៉ា​ក្លាយជា​ហិង្សា​ដែល​កំពុង​ផ្ទុះឡើង​ទូទាំង​សហរដ្ឋអាមេរិក​។ នេះ​ក៏​ជា​រឿង​ក្ដៅ​ផងដែ​រហើយ​លោក​ដូណាល់ ត្រាំ​ក៏​កំពុង​រង​ការរិះគន់​យ៉ាងធ្ងន់ធ្ងរ​បំផុត​។ ដើមហេតុ​កើតចេញពី​លុយ​២០​ដុល្លារ​ដែល​បុរស​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ​ច​ច ហ្វ្ល​យ​យកទៅ​ចាយ ហើយ​ត្រូវគេ​ចោទថា​ជា​លុយ​ក្លែងក្លាយ​។ បន្ទាប់មក​ក៏ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ឈានដល់​ការ​តតាំង រហូត​ប៉ូលិស​ស្បែក​សបាន​យក​ជង្គង់​សង្កត់​លើ​កច​ច ហ្វ្ល​យ​បណ្ដាលឲ្យ​ស្លាប់​។ ការតវ៉ា​ផ្ទុះឡើង​ទូទាំងប្រទេស​អាមេរិក​ទា​ម​ទារ​រក​យុត្ដិធម៌​ឲ្យ​ហ្វ្ល​យ និង​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​។ លោក​ដូណាល់ ត្រាំ​រង​ការរិះគន់​មិន​សំចៃមាត់​ជុំវិញ​ការបញ្ជាឲ្យ​បង្ក្រាប​ទៅលើ​ក្រុមបាតុករ​ដែល​លោក​ចាត់ទុកជា​ក្រុម​ភេរ​វករ ជា​ក្រុម​ជ្រុលនិយម នាំគ្នា​តវ៉ា​ដោយ​ខុសច្បាប់​។ មិន​ត្រឹមតែ​ប្រជាជន​អាមេរិក​ប្រតិកម្ម លោក​ដូណាល់ ត្រាំ​ក៏ត្រូវ​ប្រទេស​បច្ចាមិត្ដ​សើចចំអ​កនិង​ចាប់​ចំណុចខ្សោយ​វាយប្រហារ​ជា​ញយដង ក្នុងនោះ​ឃើញ​មាន​ប្រទេស​ចិន​។ ចិន​ឡកឡាយ​ដាក់​លោក​ត្រាំ​ថា ធ្លាប់តែ​ចោទប្រកាន់​គេ​មិន​គោរព​សិទ្ធិមនុស្ស បង្ក្រាប​យ៉ាងឃោ​ឃៅ​ទៅលើ​ក្រុម​តវ៉ា ប៉ុន្ដែ​ពេលនេះ​អាមេរិក​បាន​ជួបប្រទះ​ខ្លួនឯង​ផ្ទាល់ ហើយ​បាន​បង្ក្រាប​ទៅលើ​ក្រុម​តវ៉ា​ដូចគ្នា នេះ​ជា​រឿង​យ៉ាងម៉េច​វិញ​។ ចំពោះ​ប្រទេស​សម្ព័ន្ធមិត្ដក៏​កំពុងតាមដាន​មិនដាក់​ភ្នែក​លើ​ស្ថានកា​រណ៍នៅ​អាមេរិក ហើយ​សម្ព័ន្ធមិត្ដ​មួយចំនួន​សម្ដែង​ការព្រួយបារម្ភ​ជាខ្លាំង​។​

​ជារួម​វិបត្ដិ​ធំៗ​ទាំងបី​នេះ គឺជា​អ្វីដែល​រដ្ឋបាល​របស់លោក​ត្រាំ​កំពុង​ព្យាយាម​ដោះស្រាយ ដោយសារតែ​ជា​បញ្ហា​ចំពោះមុខ និង​កើតឡើង​ចំពេល​ដែល​កៀក​ការបោះឆ្នោត​ទៀត​។ ការណ៍​នេះ​បាន​ទាញ​ឲ្យមាន​ការ​សន្និដ្ឋានថា លោក​ត្រាំ​ពិតជា​ពិបាក​យកឈ្នះ​ណាស់​នៅក្នុង​ការបោះឆ្នោត​ខាងមុខ​។ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៦ ពេលនេះ​លោក​កំពុងស្ថិត​លើផ្លូវ​តូចចង្អៀត​មែនទែន ពិតជា​ពិបាក​ស្វែងរក​សំឡេងគាំទ្រ​ភាគច្រើន​ខណៈ​ប្រជាប្រិយភាព​កំពុង​ដាំ​ក្បាល​ចុះ​។ ការបាត់បង់​ជាក់ស្ដែង​នៅក្នុង​ការបោះឆ្នោត​ស្វែងរក​ប្រជាប្រិយភាព លោក​ត្រាំ​អាច​ចាញ់​ចន្លោះ​ពី​៤​ទៅ​៥​លាន​សំឡេង​។​

​ក្នុងករណី​ដែល​លោក​ត្រាំ​ចង់​ទទួលជោគជ័យ លោក​ត្រូវតែ​ព្យាយាម​ឆ្លៀតឱកាស​ស្ដារ​មុខមាត់​ឡើងវិញ តាមរយៈ​ការដោះស្រាយ​វិបត្ដិ​ដូច​រៀបរាប់​ខាងលើ​។ លោក​ត្រូវ​យកឈ្នះ​ទឹកចិត្ដ​ពលរដ្ឋ​នៅ​ជនបទ​ខណៈពល​រដ្ឋក្នុង​ទីក្រុង​ហាក់​ខឹងសម្បា​នឹង​រដ្ឋបាល​របស់លោក​ខ្លាំង​។ ម្យ៉ាងទៀត​ត្រូវ​ទាក់ទាញ​ទឹកចិត្ដ​ពលរដ្ឋ​អាមេ​រិក​ស្បែកស ស្របពេល​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ជាច្រើន​កំពុង​មិន​ពេញចិត្ដ​នឹង​ការរើសអើង​ជាតិ​សាសន៍​។ លោក​ដូណាល់ ត្រាំ​ក៏​គួរ​កំណត់​គោលដៅ​ឲ្យបាន​ច្បាស់លាស់ នៅ​ពេលធ្វើ​យុទ្ធនាការ​ទាញយក​សំឡេងគាំទ្រ ហើយ​ធ្វើយ៉ាងណា​កេង​ប្រយោជន៍​ពី​គូប្រជែង​លោកចូ បាយ​ដិន ដើម្បី​ទាញ​ឲ្យ​អ្នក​គាំទ្រលោក​បាយដិន​ងាកមក​គាំទ្រ​រូបលោក​វិញ​ម្ដង​។ ប៉ុន្ដែ​និយាយ​គឺ​ស្រួល​តែ​ការធ្វើ​វា​ពិបាក ចង់​ឬ​មិន​ចង់​លោក​ត្រាំ​ត្រូវតែ​ប្រើ​គោលនយោបាយ​ណាមួយ លួងលោម​ទឹកចិត្ដ​ពលរដ្ឋ​អាមេ​រិក​។ យ៉ាងណាក៏ដោយ​នរណា​ជា​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក មានតែ​រង់ចាំ​ក្រោយ​ថ្ងៃ​០៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​ប៉ុណ្ណោះ ពោលគឺ​បន្ទាប់ពី​ការបោះឆ្នោត​បានបញ្ចប់ នោះ​ទើប​ជា​លទ្ធផល​ជាក់ស្ដែង​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត