ជប៉ុន​ផ្ដល់​ជំនួយឥតសំណង​ជាង​៤១​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​អភិវឌ្ឍន៍​គម្រោង​៣

04-06-2020 2:59 pm 347
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស(រូបស្ដាំ) និង​លោក មិ​កាមិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា(រូបឆ្វេង)

​ក្រសួងការបរទេស និង​សហ​ប្រតបត្តិការ​អន្តរជា​តិ នៅ​ថ្ងៃ​ទី​០៤ មិថុនា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់​តាម​រយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៤,៥០១​លាន​យ៉េន ស្មើ​ប្រមាណ ៤១,៤​លាន​ដុល្លារ​អាមេរិក តាមរយៈ​ការអញ្ជើញ​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​លោក មិ​កាមិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​០៥ មិថុនា​ខាង​មុខ​នេះ នា​ទីស្ដីការ​ក្រសួងការបរទេស​។​

​គួរបញ្ជាក់​ថា ហិរញ្ញប្បទាន​ឥត​សំណង​នេះ​នឹង​ត្រូវ​យកទៅ​អនុវត្ត​គម្រោង​ចំនួន​០៣ រួមមាន ទី​១. អាហារ​រូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​ចំនួន ៣៤៨​លាន​យ៉េន​(​ស្មើ​ប្រមាណ ៣,២​លាន​ដុល្លារ​អាមេរិក​)​។ ទី​២. ការធ្វើឲ្យ​ប្រសើរ​ឡើង​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ចំនួន ២,១៥៣​លាន​យ៉េន​(​ស្មើ​ប្រមាណ ១៩,៨​លាន​ដុល្លារ​អាមេរិក​) និង​ទី​៣.​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការ​ផ្ដល់​សម្ភារៈ​វេជ្ជសាស្ត្រ​សម្រាប់​ការការពារ និង​ការឆ្លើយតប​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ចំនួន ២,០០០​លាន​យ៉េន​(​ស្មើ​ប្រមាណ ១៨,៤០​លាន​ដុល្លារ​អាមេរិក​)​។​

​លើសពី​នេះ​ក្រសួង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការលើកកម្ពស់​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ផងដែរ​៕
​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត