បណ្ដាក្រុមហ៊ុនជាច្រើននៅក្នុងពិភពលោក កំពុងតែបាត់បង់ចំណូលយ៉ាងច្រើនខណៈក្រុមហ៊ុនខ្លះត្រូវបិទទ្វារបណ្ដោះអាសន្ន និងខ្លះត្រូវកាត់បន្ថយបុគ្គលិកជាដើមចន្លោះពេលផ្ទុះឡើងនូវវីរុសកូវីដ-១៩។ ប៉ុន្ដែសម្រាប់ក្រុមហ៊ុនZoom Video Communications, Incវិញ កំពុងសប្បាយនឹងកើបចំណូល។ Zoom Video Communications, Inc ជាក្រុមហ៊ុនអាមេរិក បម្រើសេវាកម្មជជែកពិភាក្សាតាមអ៊ីនធឺណេត ដែលក្នុងនោះមានកិច្ចប្រជុំតាមអនឡាញ ការរៀនតាមអនឡាញ ឬកិច្ចពិភាក្សាផ្សេងៗជាទៀតជាច្រើន។
ចំពោះការកើនឡើងនូវចំនួនអ្នកប្រើប្រាស់កម្មវិធីZoomដូច្នេះ ដោយសារតែចន្លោះពេលផ្ទុះកូវីដ-១៩ មនុស្សភាគច្រើនតម្រូវឲ្យធ្វើការ ចូលរួមកិច្ចប្រជុំ ឬរៀនតាមអនឡាញពីផ្ទះ ជំនួសឲ្យការចូលរួមដោយផ្ទាល់ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ-១៩។ តាមការបញ្ជាក់ពីក្រុមហ៊ុនមានមនុស្សប្រមាណជាង៣០០លាននាក់ បានចូលប្រើប្រាស់កម្មវិធីជជែកពិភាក្សាZoomប្រចាំថ្ងៃ ធ្វើឲ្យអតិថិជនដែលត្រូវបង់លុយកើនឡើងជាងបីដង។ Zoomនិយាយថាការលក់របស់ខ្លួនរំពឹងនឹងកើនឡើងដល់១.៨ពាន់លានដុល្លារក្នុងឆ្នាំនេះ គឺកើនឡើងទ្វេដងខ្ពស់ជាងការព្យាករណ៍កាលពីខែមីនា៕
ដោយ៖ពេញ ផេង