កម្ពុជា​ប្រាប់​ឲ្យ​វៀតណាម​​​រើ​តង់​ចេញ​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្តកណ្តាល​​​​​

03-06-2020 10:11 am 752
ប្រភពរូបភាពពី​ ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការ​បោះតង់​របស់​វៀតណាម នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​កណ្តាល ជាប់​នឹង​ខេត្ត​អាន​យ៉ាង (​វៀតណាម​) កាលពី​ថ្ងៃទី​២​មិថុនា បានឲ្យដឹងថា កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស​ខ្មែរ បាន​កោះ​អញ្ជើញលោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀត​ណា​ម មក​ជួបពិភាក្សា និង​បាន​ស្នើឲ្យ​ភាគី​វៀតណាម រុះរើ​តង់​ចេញ​ទាំងអស់​ឲ្យបាន​ឆាប់ ហើយ​បន្ត​រក្សា​ស្ថានភាព​ដើម មិន​កែប្រែ​ក្នុង​តំបន់​នោះ រហូតដល់​គណៈកម្មកា​រ ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដោះស្រាយ​កំណត់​ខ្សែ​ព្រំដែន​ជាក់លាក់ ជា​ស្ថាពរ​នៅ​តំបន់​នោះ ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ជា​ប្រយោជន៍​រួម​សម្រាប់ ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​ក្រសួងការបរទេស​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០ ក្រសួងការបរទេស​បាន​ធ្វើ​កំណត់​ទូត​តវ៉ា អំពី​ការ​បោះតង់​របស់​វៀតណាម​ចំនួន ៣១​កន្លែង លើ​តំបន់​ព្រំដែន​ដែល​មិនទាន់​ឯកភាពគ្នា ក្នុង​ខេត្តកណ្តាល​នៃ​ប្រទេស​កម្ពុជា ជាប់​នឹង​ខេត្ត​អាន​យ៉ាង នៃ​ប្រទេស​វៀតណាម ដោយ​ស្នើ ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំងនោះ​ចេញ និង​បញ្ឈប់​សកម្មភាព​នានា ដើម្បី​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ នៅក្នុង​តំបន់​នេះ ស្របតាម​សេចក្តីប្រកាស​រួម​ចុះ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥ សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ។​

​ក្រសួង​បន្តថា នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ ២០២០ ក្រសួងការបរទេ​សវៀ​ត​ណា​ម បានធ្វើ​កំណត់​ទូត​ឆ្លើយតប ដោយ​អះអាងថា ការ​បោះតង់​នៅតាម​ព្រំដែន ដោយ​ខេត្ត​អាន​យ៉ាងនេះ គឺជា​វិធាន​បណ្តោះអាសន្ន​ចាំបាច់ ដើម្បី​ទប់ស្កាត់​ឲ្យទាន់​ពេលវេលា នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ក្នុងអំឡុងពេល​នៃ ការរីក​រាលដាល​ជម្ងឺ​ឆ្លងកូវី​ដ​១៩ ហើយ​ការ​បោះតង់​ទាំងនោះ មិនមាន​ផលប៉ះពាល់​ដល់​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​លើ​តំបន់​ព្រំដែន រវាង​ប្រទេស​ទាំងពីរ​នេះ​ទេ​។ អាជ្ញាធរ​វៀតណាម​បាន​សន្យាថា នឹងធ្វើ​ការរុះរើ​តង់​ដែល​បាន​បោះ​ជា បណ្តោះអាសន្ន​ទាំងអស់​ចេញពី​តំបន់​នោះ ។​

​គួរ​រំលឹក​ផងដែ​រថា កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២០ ភាគី​វៀតណាម​បាន​បោះតង់​ចំនួន ៣១​កន្លែង នៅ​ជា​ព្រំដែន​ស្រុក​លើកដែក និង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ដែល​នេះ​ជា​តំបន់​មិនទាន់​ឯកភាពគ្នា លើ​ខ្សែបន្ទាត់​ព្រំដែន​នៅឡើយ​ទេ ។ ហើយ​ការ​បោះតង់ របស់​ភាគី​វៀតណាម​នេះ គឺធ្វើឡើង​ក្រោម​ហេតុផល ទប់ស្កាត់​ការរីក​រាលដាល​នៃ​ងឺ​កូវី​ដ​១៩ ៕​

ព័ត៌មានផ្សេងទៀត