ទ្រព្យសម្បត្តិ​អាជីវកម្ម​ខ្មែរ​នៅ​អាមេរិក​រង​ការបំផ្លាញ​ទូត​ខ្មែរ​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​

02-06-2020 10:06 am 1336

​ទ្រព្យសម្បត្តិ​ព្រមទាំង​អាជីវកម្ម​មួយចំនួន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ទីក្រុង​ឡុង​ប៊ិច​សហរដ្ឋអាមេរិក​បាន​រង​ការបំផ្លិចបំផ្លាញ ដោយសារ​ក្រុម​បាតុករ​ដែល​បាន​ធ្វើ​បាតុកម្ម​ទាមទារ​រក​យុត្តិធម៌​ឲ្យ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ដែល​ត្រូវ​ប៉ូលិស​សង្កត់ក​ស្លាប់​។ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​សិក្សា​រៀនសូត្រ​នៅ​សហរដ្ឋអាមេរិក ត្រូវ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពី​ការជួបជុំ ឬ​ប្រមូលផ្តុំ​នានា ទោះបី​ក្រោម​រូបភាព ឬ​មូលហេតុ​អ្វី​ក៏ដោយ​។ ទូត​កម្ពុជា​ក៏​បាន​អំពាវនាវ​ឲ្យ​កាត់បន្ថយ​ការចេញ​ទៅ​ក្រៅ​ផង​ដែរ​។ 

​តាមរយៈ​លិខិត​អំពាវនាវ របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​អាមេរិក នៅ​ថ្ងៃ​ទី​០១​ខែ​មិថុនា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត​គោរព​ឲ្យបាន​ខ្ជាប់ខ្លួន​តាម​បម្រាម​គោចរ និង​បម្រាម​នានា​របស់​អាជ្ញាធ​រ​មូលដ្ឋាន​ដែល​ខ្លួន​កំពុង​ស្ថិតនៅ​។ បន្ថែម​ពីលើ​នេះ ក្នុង​ករណី​ចាំបាច់​ត្រូវ​ប្រកាន់​នូវ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ពី​ការឆ្លង​ជំងឺ និង​ហានិភ័យ​ជាយថាហេតុ​បណ្ដា​លពី​បាតុកម្ម​។​

​នៅ​ក្នុង​សេចក្តីអំពាវនាវ​នេះ​ស្ថានទូត​កម្ពុជា​បាន​ចូលរួម​សោកស្តាយ​ផង​ដែរ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ឡុង​ប៊ិច​ដែល​រង​ការខូចខាត​ធុរៈកិច្ច (Business) និង​ទ្រព្យសម្បត្តិ ដោយសារ​បាតុកម្មហិង្សា​នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២០​កន្លងទៅ​។ ស្ថានទូត​ក៏​មាន​ការព្រួយបារម្ភ​ថា​ករណី​បែប​នេះ​ក៏​អាច​កើតមាន​ផងដែរ​ចំពោះ​ពលរដ្ឋ​ខ្មែរ​នៅតាម​ទីក្រុង​ផ្សេងៗ​ទៀត​។​

​ដើមហេតុ​ដំបូង​នៃ​ការតវ៉ា​ក្លាយ​ជា​ហិង្សា​នេះ ដោយសារ​តែ​ពលរដ្ឋ​អាមេរិក​ខឹង​នឹង​មន្ដ្រី​ប៉ូលិស​ស្បែក​ស ដែល​ចាប់​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ហើយ​យក​ជង្គង់​សន្កត់​កបុរ​សស្បែកខ្មៅ​រហូត​បណ្ដាលឲ្យ​ស្លាប់​។ ក្រោយ​ហេតុការណ៍​នេះ​មន្ដ្រីប៉ូលិស​ពាក់ព័ន្ធ​៤​នាក់​ត្រូវ​បណ្ដេញចេញ​ពី​ការងារ ប៉ុន្ដែ​ក្រុម​តវ៉ា​មិន​សុខ​ចិត្ដនឹង​ចំណាត់ការ​នេះ​ទេ ទីបំផុត​មន្ដ្រីប៉ូលិស​ដែល​ធ្វើ​សកម្មភាព​ផ្ទាល់​លើ​បុរស​ស្បែក​ខ្មៅ​ត្រូវ​ចាប់ខ្លួន ដែល​នឹង​ចូល​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​សប្ដាហ៍​នេះ​។ ចំពោះ​បុរស​ស្បែក​ខ្មៅ​ដែល​ស្លាប់​មានឈ្មោះ​George Floyd អាយុ​៤៦​ឆ្នាំ​នោះ ជា​ជនសង្ស័យ​ចាយប្រាក់​ដុល្លារ​ក្លែងក្លាយ​។​

​ជា​ការកត់សម្គាល់​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​George Floyd បង្ក​ជា​ការតវ៉ា​ទូ​ទាំង​សហរដ្ឋអាមេរិក មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​ការរើសអើង​ជាតិ​សាសន៍ ក៏​ដូចជា​ប្រព័ន្ធ​យុត្ដិធម៌​របស់​អាមេរិក ដែល​ករណី​នេះ​ធ្លាប់បាន​កើតឡើង​ជា​យូរណាស់​មក​ហើយ​មិន​ងាយ​នឹង​ដោះស្រាយ​ទេ​។ ក៏​ធ្លាប់​មាន​ជនជាតិ​ស្បែក​ខ្មៅ​បាន​ស្លាប់​ក្រោម​ថ្វីដៃ​ប៉ូលិស​ស្បែក​ស​ដែរ​ពី​មុន​ហើយ​ក៏​បង្ក​ជា​ការតវ៉ា​ដូចគ្នា​។ ប៉ុន្ដែ​ការតវ៉ា​លើក​នេះ​គេ​ប៉ាន់ប្រមាណ​ថា​នឹង​មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន​៕

ដោយ​៖ សៅ វិសាល​

ព័ត៌មានផ្សេងទៀត