អាមេរិក​​ខិត​កាន់តែ​ជិត​​អាជីវកម្ម​អវកាស​​ហើយ​ក្រោយ​​ទទួលជោគជ័យ​​ដ៏​អស្ចារ្យ​

01-06-2020 11:56 am 786

​យាន​អវកាស​Crew Dragon​របស់​ក្រុមហ៊ុន​អាមេរិក​SpaceX  បាន​ដឹកជញ្ជូន​អវកាសយានិក​អាមេរិក​ពីររូប​ចូល​ទៅកាន់​ស្ថានីយ​អវកាស​អន្ដរជាតិ​ដោយ​ជោគជ័យ​។ នេះ​គឺជា​លើកដំបូង​គិត​ក្នុង​រយៈពេល​៩​ឆ្នាំ ដែល​អាមេរិក​អាច​ដឹកជញ្ជូន​អវកាសយានិក​ទៅកាន់​ស្ថានីយ​អវកាស​ដោយ​ខ្លួនឯង ព្រោះ​កន្លងមក​ធ្លាប់តែ​ពឹងផ្អែក​លើ​រ៉ុក​ក្កែ​ត​រុស្ស៊ី​។ 

​អវកាសយានិក​ទាំងពី​រ​រូប​របស់​អាមេរិក​គឺ​លោក​Bob Behnken​និង​លោក​Doug Hurley បាន​ត​ភ្ជាប់​នៅក្នុង​ស្ថានីយ​អវកាស​អន្ដរជាតិ​កាលពី​ម៉ោង​១៤​និង​១៦​នាទី​ថ្ងៃអាទិត្យ និង​ស្ថិតក្នុង​រយៈកម្ពស់​៤២២​គីឡូម៉ែត្រ​ពី​ផែនដី​។ យាន​អវកាស​Crew Dragon​ចាកចេញ​ពី​ផែនដី​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ហើយ​ផ្ដាច់ខ្លួន​ចេញពី​រ៉ុក​ក្កែ​ត​Falcon ១៩​ម៉ោង​ទើប​អាច​ចូលទៅក្នុង​គន្លង​ស្ថានីយ​អវកាស​បាន​ដោយ​ជោគជ័យ​។ បេសកកម្ម​កាលពី​ថ្ងៃ​សៅរ៍​គឺជា​ការសាកល្បង​សមត្ថភាព​ម៉ាស៊ីន​ក្រុមហ៊ុន​SpaceX​របស់លោក​មហាសេដ្ឋី​Elon Musk​ផងដែរ​។ 

​បេសកកម្ម​នេះ​ធ្វើឲ្យ​អាមេរិ​កខិត​កាន់តែជិត​ទំព័​រ​សករាជ​ថ្មី​នៃ​អាជីវកម្ម​អវកាស នោះ​គឺ​ការជួល​យានអវកាស​ដឹក​មនុស្ស​ទៅកាន់​លំហ​អាកាស​។ ប្រសិនបើ​យានអវកាស​Crew Dragon​អាច​ត្រឡប់មក​ចុះចត​លើ​ផែនដី​វិញ​ដោយ​សុវត្ថិភាព​នៅ​ខែ​សីហា នោះ​សា​ណា​នឹង​ផ្ដល់​អាជ្ញា​បណ្ណ​និង​ជួល​យាន​Crew Dragon​របស់​ក្រុមហ៊ុន​SpaceX ឲ្យ​ដឹក​មនុស្ស​៤​នាក់​ទៅកាន់​ស្ថានីយ​អវកាស​ជា​ទៀងទាត់​។ ណា​សា​ក៏បាន​និយាយ​រួចហើយ​ពី​គម្រោង​ធ្វើ​អាជីវកម្ម​ផ្នែក​នេះ​ជាមួយ​SpaceX៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត