បាតុកម្មនៅអាមេរិក​បន្ដកាន់តែខ្លាំង​ខណៈទីក្រុង​ជាង៤០​ត្រូវដាក់​បម្រាមគោចរ

01-06-2020 9:17 am 1046

ចលនាតវ៉ារបស់ពលរដ្ឋអាមេរិកបានរីកកាន់តែធំជាងមុន បន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅGeorge Floyd។ ដំបូងជាការតវ៉ាដោយអហិង្សាប៉ុណ្ណោះប៉ុន្ដែក្រោយមកបានឈានដល់ហិង្សា មានការដុតបំផ្លាញនិងបង្កការខូចខាតនៅតាមទីតាំងនិងសម្ភារនានាដូចជារថយន្ដប៉ូលិស ហាងទំនិញជាដើម។ បូលិសបានចាប់ខ្លួនក្រុមបាតុករជាច្រើននាក់ ហើយក៏មានសេចក្ដីរាយការណ៍ថាមានបាតុករស្លាប់ផងដែរ ស្របពេលមន្ដ្រីប៉ូលិសមួយចំនួនបានរងរបួសស្រាលនៅក្នុងការប៉ះទង្គិច។ 

អំពើហិង្សាបានកើតឡើងនៅតាមបណ្ដាទីក្រុងជាង៧០ទូទាំងសហរដ្ឋអាមេរិក ហើយបម្រាមគោចរត្រូវបានដាក់ក្នុងទីក្រុងយ៉ាងតិចណាស់៤០។ កងកម្លាំងសន្ដិសុខជាតិអាមេរិកបានចុះអន្ដរាគមន៍នៅក្នុងរដ្ឋចំនួន១៥រួមទាំងរដ្ឋធានីវ៉ាស៊ីនតោន។ កំពុងមានក្ដីបារម្ភថាអំពើហិង្សានឹងបន្ដកើនឡើងកាន់តែខ្លាំង  ខណៈក្រុមបាតុករបន្ដសកម្មភាពតាមដងផ្លូវ ដោយពុំខ្លាចរអានិងការព្រមានរបស់អាជ្ញាធរឈានចូលដល់យប់ទី៦ហើយ។ 

ចលនាតវ៉ាទាមទាររកយុត្ដិធម៌ឲ្យបុរសស្បែកខ្មៅGeorge Floyd  ក៏បានរីករាលដាលដល់អង់គ្លេសនិងអាល្លឺម៉ង់។ មនុស្សរាប់រយនាក់បាននាំគ្នាចេញតវ៉ានៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យ បង្ហាញសាមគ្គីភាពជាមួយក្រុមតវ៉ាអាមេរិក។ ពួកគេបានស្រែកថា “បើគ្មានយុត្ដិធម៌ក៏គ្មានសន្ដិភាពដែរ” បន្ទាប់មកពួកគេបានដើរដង្ហែក្បួនទៅកាន់សភានិងបញ្ចប់សកម្មភាពនៅខាងក្រៅទូតអាមេរិក។ នៅអាល្លឺម៉ង់ក្រុមតវ៉ារាប់រយនាក់បាននាំគ្នាតវ៉ានៅខាងក្រៅស្ថានទូតអាមេរិកក្នុងទីក្រុងប៊ែកឡាំង ដោយមានកាន់ផ្ទាំងបដាសរសេរថា “យុត្ដិធម៌សម្រាប់George Floyd, ឈប់សម្លាប់ពួកយើង” និង “តើនរណាបន្ទាប់”។ 

ដើមហេតុដំបូងនៃការតវ៉ាក្លាយជាហិង្សានេះ ដោយសារតែពលរដ្ឋអាមេរិកខឹងនឹងមន្ដ្រីប៉ូលិសស្បែកស ដែលចាប់បុរសជនជាតិស្បែកខ្មៅម្នាក់ ហើយយកជង្គង់សន្កត់កបុរសស្បែកខ្មៅរហូតបណ្ដាលឲ្យស្លាប់។ ក្រោយហេតុការណ៍នេះមន្ដ្រីប៉ូលិសពាក់ព័ន្ធ៤នាក់ត្រូវបណ្ដេញចេញពីការងារ ប៉ុន្ដែក្រុមតវ៉ាមិនសុខចិត្ដនឹងចំណាត់ការនេះទេ ទីបំផុតមន្ដ្រីប៉ូលិសដែលធ្វើសកម្មភាពផ្ទាល់លើបុរសស្បែកខ្មៅត្រូវចាប់ខ្លួន ដែលនឹងចូលបង្ហាញខ្លួននៅតុលាការក្នុងសប្ដាហ៍នេះ។ ចំពោះបុរសស្បែកខ្មៅដែលស្លាប់មានឈ្មោះGeorge Floyd អាយុ៤៦ឆ្នាំនោះ ជាជនសង្ស័យចាយប្រាក់ដុល្លារក្លែងក្លាយ។

ជាការកត់សម្គាល់ការស្លាប់របស់បុរសស្បែកខ្មៅGeorge Floyd បង្កជាការតវ៉ាទូទាំងសហរដ្ឋអាមេរិក មានការខឹងសម្បាយ៉ាងខ្លាំងចំពោះការរើសអើងជាតិសាសន៍ ក៏ដូចជាប្រព័ន្ធយុត្ដិធម៌របស់អាមេរិក ដែលករណីនេះធ្លាប់បានកើតឡើងជាយូរណាស់មកហើយមិនងាយនឹងដោះស្រាយទេ។ ក៏ធ្លាប់មានជនជាតិស្បែកខ្មៅបានស្លាប់ក្រោមថ្វីដៃប៉ូលិសស្បែកសដែរពីមុនហើយក៏បង្កជាការតវ៉ាដូចគ្នា។ ប៉ុន្ដែការតវ៉ាលើកនេះគេប៉ាន់ប្រមាណថានឹងមានទ្រង់ទ្រាយធំជាងមុន៕

ដោយ៖ពេញ ផេង

 

 ពាក្យគន្លឹះ  អាមេរិកការតវ៉ាGeorgeFloyd​

ព័ត៌មានផ្សេងទៀត