ចន្លោះពេលប្រទេសមួយចំនួនបានបើកទ្វារសាលារៀនឡើងវិញក្រោយបិទដោយសារកូវីដ-១៩ តែសម្រាប់ហ្វីលីពីនវិញនៅពុំទាន់អនុញ្ញាតទេ ហើយប្រកាសឲ្យប្រុងប្រយ័ត្នកាន់តែខ្លាំងជាងមុន។ តាមការបញ្ជាក់ពីលោកប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌុយទែតេ លោកមិនអនុញ្ញាតឲ្យសិស្សានុសិស្សត្រឡប់ទៅសាលាវិញឡើយ លុះត្រាតែមានវ៉ាក់សាំងការពារកូវីដ-១៩សិន។ តាមកំណត់សិស្សានុស្សិស្សជាង២៥លាននាក់នឹងត្រូវចូលរៀនវិញ បន្ទាប់ពីសាលាបឋមសិក្សានិងអនុវិទ្យាល័យត្រូវបានបិទទ្វារតាំងពីខែមីនា ជាការរួមចំណែកទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណាឬកូវីដ-១៩។
ប៉ុន្ដែក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះ លោកឌុយទែតេបាននិយាយថាហានិភ័យនៅតែមានខ្ពស់ប្រសិនបើសិស្សសាលាចូលរៀនវិញ។ ប្រសិនបើលោកមិនច្បាស់ថាមានសុវត្ថិភាពគ្រប់គ្រាន់ទេ គ្មានប្រយោជន៍ឡើយដែលត្រូវនិយាយពីរឿងបើកសាលារៀនឡើងវិញ។ សម្រាប់លោកវ៉ាក់សាំងជារឿងទីមួយ បើមានវ៉ាក់សាំងហើយនោះគឺគ្មានបញ្ហាទេ ដូច្នេះពេលនេះបើគ្មានសិស្សបញ្ចប់ថ្នាក់ក៏តាមហ្នឹងសិនចុះ។
ដោយសារតែឥទ្ធិពលនៃការរីករាលដាលនៃវីរុសកូវីដ-១៩បានបង្កហានិភ័យទូទាំងពិភពលោក ក្រុមអ្នកវិទ្យាសាស្ដ្របាននិងកំពុងស្រាវជ្រាវរកវ៉ាក់សាំង ប៉ុន្ដែនៅមិនទាន់ប្រាកដអាចប្រើប្រាស់បាននៅពេលណាឡើយ។ កន្លងមកមានព័ត៌មានពីអ្នកជំនាញថា វ៉ាក់សាំងមិនអាចបង្កើតបានភ្លាមៗទេ ត្រូវឆ្លងកាត់ការពិសោធន៍ច្រើនដំណាក់កាល ដូច្នេះអាចត្រូវចំណាយពេលជាង១ឆ្នាំឯណោះ។
គួរជម្រាបជូនដែរថា បច្ចុប្បន្នហ្វីលីពីនមានករណីឆ្លងកូវីដ-១៩ជាង១៤,០០០នាក់ហើយ និងស្លាប់ជាង៨០០នាក់។ ក្នុងនោះក៏មានអ្នកបានជាសះស្បើយជាង៣ពាន់នាក់ និងកំពុងសម្រាកព្យាបាលជាង១ម៉ឺននាក់៕
ដោយ៖ពេញ ផេង