លោកឈុំ សុជាតខកចិត្តនឹងការរិះគន់ការបំពាក់មេដាយជូនមន្ត្រីយោធាជំនាញវេជ្ជសាស្រ្ដចិន

25-05-2020 1:18 pm 568

លោកនាយឧត្តមសេនីយ៍ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញការសោកស្ដាយ និងខកចិត្តជាខ្លាំងចំពោះការរិះគន់របស់អតីតមន្រ្ដីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ទៅ លើការបំពាក់មេដាយជាគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីយោធាជំនាញវេជ្ជសាស្ត្ររបស់ចិន ដែលបានមកជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

គួររំលឹកថា លោកទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមរាជរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យ ឯករាជ្យ កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅនេះ បានបំពាក់មេដាយជាគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីយោធាជំនាញវេជ្ជសាស្ត្រ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ចំពោះការបំពាក់មេដាយជាគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីយោធាជំនាញវេជ្ជសាស្ត្រចិននេះ ត្រូវបានលោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានបង្ហាញការមិនគាំទ្រនោះឡើយ។ លោកអេង ឆៃអ៊ាង បានប្រាប់វិទ្យុអាស៊ីសេរី ថា រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃគឺយកប្រទេសចិនជាបងធំ ទោះបីជាពិភពលោកមើលឃើញពីទុច្ចរិតភាពរបស់ចិនយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែចាត់ទុកថាជារឿងត្រឹមត្រូវ។ លោកថា កម្ពុជាកំពុងតែអនុវត្តទ្រឹស្ដីអ្នកឯងជួយអញ អញជួយឯងវិញ។

លោកនាយឧត្តមសេនីយ៍ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៥ ខែឧសភានេះ បានចាត់ទុកការរិះគន់របស់លោកអេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ថា ជាការរិះគន់ដោយគ្មានសតិសម្បជញ្ញៈ ហើយការរិះគន់នេះមិនបានឆ្លុះបញ្ចាំង ពីការពិតជាក់ស្តែងនៃស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសជាច្រើននៅលើពិភពលោក បាននិងកំពុងប្រឈមមុខនឹង ការរីករាលដាលឆ្លងជំងឺកូវីដ-១៩រាប់លាននាក់ និងមានមនុស្សស្លាប់រាប់សែននាក់។ ដូចនេះ ការទទួលជំនួយជាសម្ភារៈពេទ្យ ដើម្បីទប់ស្កាត់ប្រឆាំងជំងឺកូវីដ-១៩ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ និងក៏បង្ហាញនូវ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាកផងដែរ។

តាមលោកឈុំ សុជាត ការបំពាក់មេដាយកិត្តិយសដល់សប្បុរសជន មិនថាជូនដល់ជនរួមជាតិកម្ពុជា ឬជូនទៅជនបរទេសគឺជាកាយវិការមនុស្សធម៌ បង្ហាញនូវសាមគ្គីភាការលើកទឹកចិត្តប្រកបដោយគុណធម៌ ឆ្លើយ តបទៅនឹងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-ដ១៩ ដែលជាបញ្ហាប្រឈមរបស់សកលលោក។

ផ្ទុយទៅវិញការរិះគន់ វាយប្រហារក្នុងចេតនាបន្ទុចបង្អាក់ សកម្មភាពមនុស្សធម៌ គឺជាសារជាតិរបស់ក្រុមប្រឆាំង ដែលមិនត្រឹមតែមិនបានផ្តល់នូវប្រយោជន៍ សម្រាប់បម្រើប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវឥរិយាបថ បំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចសហការល្អ និងការទំនាក់ទំនងជាអន្តរជាតិ និងក៏ជាចេតនាទុច្ចរិតមិនឱ្យតម្លៃអាយុជីវិតរបស់ពលរដ្ឋកម្ពុជា ខណៈដែលសិទ្ធិរស់រានមានជីវិតត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយដែលប្រជាជនកម្ពុជាគួរតែមានមោទនភាព ខណៈដែលមានប្រទេសជាមិត្តជួយឧបត្ថមគាំទ្រ៕ (ដោយ៖ឃួន សុភ័ក្រ) 

ព័ត៌មានផ្សេងទៀត