អាមេរិក​ចាប់ផ្តើម​ពិភាក្សា​ពី​ការ​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​

23-05-2020 4:03 pm 375

​កាសែត​Washington Post នៅ​ថ្ងៃទី​២២​ខែ​ឧសភា បាន​ចុះផ្សាយ​ដោយ​ដកស្រង់​សំដី​មន្ត្រីជាន់ខ្ពស់​ម្នាក់​និង​អតីតមន្ត្រី​ពីររូប​ទៀត ថា​កាលពី​ថ្ងៃទី​១៥​ខែ​ឧសភា រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​បាន​បើក​ការពិភាក្សា ទៅលើ​ការធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ បន្ទាប់ពី​ផ្អាក​តាំងពី​ឆ្នាំ​១៩៩២​មក​។ កិច្ចប្រជុំ​នោះ មិនទាន់​សម្រេច​ឲ្យមាន​ការធ្វើ​តេស្ត​ឬក៏​អត់​នៅឡើយ​ទេ ដោយ​ការពិភាក្សា​ត្រូវ​បន្តធ្វើ​នៅពេល​ក្រោយ​ទៀត​។ ការពិភាក្សា​លើ​ប្រធានបទ​ដ៏​រសើប​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់ តំណាង​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​កំពូលៗ បន្ទាប់ពី​ចោទ​លើ​រុស្ស៊ី​និង​ចិន ថា​កំពុង​ធ្វើតេស្ត​នុយក្លេអ៊ែរ​កម្រិត​ទាប​។ ប៉ុន្តែ រុស្ស៊ី​និង​ចិន​បាន​ទាត់ចោល​ការចោទប្រកាន់​នេះ​។​

​ការចុះផ្សាយ​របស់​ការ​សែ​ត Washington Post ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​លោក​ត្រាំ​ប្រកាស​ផែនការ​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​Open Skies ដោយសារតែ​រុស្ស៊ី​រំលោភបំពាន​លើ​សន្ធិសញ្ញា​ពហុភាគី​នេះ​។ ជា​សន្ធិសញ្ញា​មួយទៀត ក្រោយ​លោក​ត្រាំ​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​អាវុធ​សំខាន់ៗ​ពីរ​រួចមកហើយ នៅក្នុង​នោះ​រួមមាន​សន្ធិសញ្ញា ស្តីពី អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម​ជាមួយ​រុស្ស៊ី ដោយ​ចោទថា​រុស្ស៊ី​មិន​គោរព​សន្ធិសញ្ញា​។ មូលហេតុ​ដោយសារតែ​រុស្ស៊ី​ជា​រឿង​មួយ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​អាមេរិក​ចង់បាន​សេរីភាព នៅក្នុង​ការផលិត​មី​ស៊ី​ល​ចម្ងាយ​មធ្យម ដើម្បី​កុំឲ្យ​ចាញ់​ចិន​។ ចិន​ដែល​មិន​ត្រូវបាន​ចងភ្ជាប់​ដោយ​សន្ធិសញ្ញា ស្តីពី នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម បាន​បង្កើន​ការផលិត​មី​ស៊ី​លបាញ់​រយៈ​ចម្ងាយ​មធ្យម​កាន់តែច្រើន​។​

ដូច​ការសន្និដ្ឋាន​របស់​ក្រុមអ្នកវិភាគ​មួយចំនួន ថា នៅពេល​អាមេរិក​ដោះដៃ​ចេញពី​សន្ធិសញ្ញា​អាវុធ​ទាំង​បាន​ដោយ​ជោគជ័យ គេ​នឹង​ពង្រឹង​និង​ពង្រីក​សព្វាវុធ​។ ជាក់ស្តែង​ដំណឹង​ពី​ការពិភាក្សា​ធ្វើតេស្ត​នុយក្លេអ៊ែរ ចាប់ផ្តើម​ចេញមក​បណ្តើ​រៗ​ហើយ​។ បើទោះបីជា​ស្ថិតក្នុង​ដំណាក់កាល​ពិភាក្សា លើ​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​ក៏ដោយ ប៉ុន្តែ​គេ​បាន​ទាញ​ក្តីព្រួយបារម្ភ​ទុក​មុន​រួចហើយ​។ អ្នកវិភាគ​ម្នាក់​បាន​ប្រាប់​កាសែត​ថា ប្រសិនបើ​ការពិភាក្សា​ជឿនលឿន​ទៅមុខ​នោះ នឹង​បានឃើញ​ការ​ប្រណាំងប្រជែង​អាវុធ​នុយក្លេអ៊ែរ​កាន់តែ​ខ្លាំង​មិនខានឡើយ​។ សកម្មជន​មិន​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ បាន​ថ្កោលទោស​។ លោក Daryl Kimball​នាយក​ប្រតិបត្តិ​នៃ​សមាគម​ត្រួតពិនិត្យ​អាវុធ​ថ្លែងថា វា​នឹង​ក្លាយជា​ការប្រកួតប្រជែង​អាវុធ​នុយក្លេអ៊ែរ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ លោក​បាន​បន្ថែមទៀតថា ទំនងជា​រំខាន​ដល់​ការចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ផងដែរ ដែល​នឹង​ធ្វើឲ្យ​លែងមាន​ឆន្ទៈ​បញ្ឈប់​ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត