រយៈពេល២សប្តាហ៍ភ្ញៀវទេសចរបន្តកើនឡើងជិត៤៧ភាគរយ

23-05-2020 1:00 pm 156

រយៈពេល២សប្ដាហ៍ ដើមខែឧសភា ឆ្នាំ២០២០នេះ ចលនាទេសចរក្នុងស្រុកបានបន្តកើនឡើងបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង២៥ ម៉ឺននាក់បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ដែលមានការកើនឡើងជិត៤៧ភាគរយ បើធៀបនឹងពីរសប្តាហ៍ចុងខែមុន។

បើតាមលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា រយៈពេលចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី១៧ ខែឧសភានេះ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានចំនួនសរុបប្រមាណ ២៥៦,៥៤១នាក់កើនឡើង៤៦,៧៦ភាគរយ ធៀបនឹងពីរសប្តាហ៍នៃចុងខែមេសាកន្លងមក។ 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានឲ្យដឹងបន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ គឺមានភ្ញៀវជាតិប្រមាណ ២៥៣,២៥៦នាក់ កើនឡើង៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ៤,២៨៥នាក់ កើនឡើង៧.៤៧ ភាគរយ។ នេះបើតាមការឲ្យដឹងតាមរយៈហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ។ រដ្ឋមន្ត្រីក្រសួងទេសចរ ក៏បានបង្ហាញការកត់សម្គាល់ថា ប្រជាពលរដ្ឋនិងទេសចរបរទេសផ្ទៃក្នុង ភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍ នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ 

លោកបានបញ្ជាក់ទៀតថា ចំពោះមុខនៃការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានសហការជាមួយវិស័យឯកជនរៀបចំនូវវិធានការ (ស្ដង់ដាពិសេស) សម្រាប់សុវត្ថិភាពទេសចរណ៍ ក្នុងនោះរួមមានក្រមប្រត្តិបត្តិគោលការណ៍ណែនាំចាំបាច់មួយចំនួនបន្ថែមពីលើវិធានការសុវត្ថិភាព និងអនាម័យដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់ក្នុងសប្តាហ៍ក្រោយនេះ៕ 

ដោយ៖ ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត