រដ្ឋបាល​ខេត្តព្រះវិហារ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​​និង​អាហា​រដ្ឋា​ន​បន្ត​អនុវត្ត​ទប់ស្កាត់​កូវី​ដ​១៩​

23-05-2020 9:32 am 183

​រដ្ឋបាល​ខេត្តព្រះវិហារ បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​ប្រាប់​ដល់​ម្ចាស់​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទាំងអស់​នៅក្នុង​ខេត្តព្រះវិហារ ឲ្យចូល​រួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ កាន់តែ​មាន​ប្រសិទ្ធិភាព​ថែមទៀត​។ 

​តាមរយៈ​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ខេត្តព្រះវិហា​រ នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ បានឲ្យដឹងថា រដ្ឋបាលខេត្ត​បាន​កត់សម្គាល់ថា ក្រោយពី​មាន​ការព្យាបាល​ជំងឺ​កូវី​ដ​១៩ ជាសះស្បើយ នៅក្នុង​ប្រទេស​កម្ពុជា​នោះ ប្រជាពលរដ្ឋ​មិនមាន​ការភ័យខ្លាច និង​បាត់​ការប្រុងប្រយ័ត្ន​ពី​ជំងឺ​កូវី​ដ​-១៩ ហើយ​នៅតាម​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​មួយចំនួន ខ្វះ​ការប្រុងប្រយ័ត្ន ទាំង​ម្ចាស់​ភោជនីយដ្ឋាន និង​ភ្ញៀវ​ដោយ​ពុំបាន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ដូច​ពីមុន​ឡើយ​។​

​ហេតុដូចនេះ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ថែមទៀត រដ្ឋបាល​ខេត្តព្រះវិហារ សូម​ណែនាំ​ដល់​លោក លោកស្រី​ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទាំងអស់​ឲ្យមាន​ការប្រុ​ង​ប្រយ័ត្ន​ដូចខាងក្រោម​៖

​ត្រូវគោរព​ឲ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ស្តីពី​ផែនការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។ ត្រូវ​រៀបចំ​ឲ្យមាន​ទឹក​អាល់កុល ឫ​ជែល សម្រាប់​លាងដៃ​នៅមុខ​ច្រកចេញចូល និង​ចាត់ចែង​បុគ្គលិក​ធ្វើការ​វាស់​កំដៅ​ភ្ញៀវ​ទាំងអស់ មុន​និង​អនុញ្ញាតឲ្យ​ចូល​ក្នុងភោ​ជ​នីយដ្ឋាន ឫ​អាហា​រដ្ឋា​ន​។ ត្រូវ​រក្សា​គម្លាត​សង្គម​ឲ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​៕

 

ព័ត៌មានផ្សេងទៀត