ធ្លាក់​យន្តហោះ​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​មនុស្ស​យ៉ាងហោចណាស់​៧៦​នាក់​

23-05-2020 9:29 am 208

​យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាត​អន្តរជាតិ របស់​ប្រទេស​ប៉ា​គី​ស្ថាន​ជើងហោះហើរ PK8303 ម៉ាក​Airbus A320 ផ្ទុក​អ្នកដំណើរ​សរុប​៩១​នាក់​និង​អាកាសយានិក​៨​នាក់ បាន​ធ្លាក់​កាលពី​រសៀល​ថ្ងៃទី​២២​ខែ​ឧសភា នៅក្នុង​ទីក្រុង Karachi​ប្រទេស​ប៉ា​គី​ស្ថាន​។ យន្តហោះ​បាន​ហោះ​ចាកចេញ​ពី​ទីក្រុង​Lahore ប្រទេស​ប៉ា​គី​ស្ថាន ឆ្ពោះទៅ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​Jinnah ស្ថិតក្នុង​ទីក្រុង​Karachi​ប្រទេស​ប៉ា​គី​ស្ថាន​។ បើតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​BBC​ហេតុការណ៍​នេះ បណ្តាលឲ្យ​មនុស្ស​យ៉ាងហោ​ចណាស់​៧៦​នាក់​បាន​ស្លាប់​។ តែ​មិនទាន់​ដឹងថា ក្នុងចំណោម​អ្នក​ស្លាប់មាន​មនុស្ស​ក្នុង​យន្តហោះ​ប៉ុន្មាន​នាក់ និង​មនុស្ស​នៅលើ​ដី​ប៉ុន្មាន​នាក់​ទេ​។ 

​លោក​Muhammad Zubair​អ្នកដំណើរ​ម្នាក់ ក្នុងចំណោម​២​នាក់​ដែលមាន​សំណាងល្អ រួចផុត​ពី​សេចក្តីស្លាប់ បានផ្តល់​កិច្ចសម្ភាសន៍​ដល់​សារព័ត៌មាន Geo News នៅ​មន្ទីរពេទ្យ​Civil Hospital Karachi ថា អ្នកបើក​យន្តហោះ​បាន​ព្យាយាម​បញ្ជា​យន្តហោះ​ចុះចត​លើក​ទី​១​តែ​បរាជ័យ ហើយ​១០​នាទី​ក្រោយមក អ្នកបើក​យន្តហោះ​បាន​ប្រកាសប្រាប់​អ្នកដំណើ​រថា លោក​នឹង​ព្យាយាម​ចុះចត​ជា​លើក​ទី​ពីរ ហើយក៏​បរាជ័យ​ម្តងទៀត ដោយ​យន្តហោះ​បាន​ធ្លាក់​លើ​លំនៅដ្ឋាន​របស់​អ្នកស្រុក​ស្ថិតក្នុង​ទីក្រុង​Karachi​។ លោក​Muhammad Zubair​បន្ត​ផ្តល់​កិច្ចសម្ភាសន៍​ពីលើ​គ្រែពេទ្យ​ថា គ្មាន​នរណាម្នាក់​មាន​អារម្មណ៍​ថា​យន្តហោះ​អាច​នឹង​ធ្លាក់​ឡើយ ព្រោះ​វា​បាន​ធ្វើដំណើរ​យ៉ាង​រលូន​លើ​ផ្ទៃ​អាកាស​។ បើតាម​សាក្សី​នៅក្បែរ​ព្រលានយន្តហោះ​ឲ្យដឹងថា ក្រោយ​មិនអាច​ចុះចត​បាន យន្តហោះ​បាន​ទម្លាក់ខ្លួន​មក​បុក​បង្គោល​សេ​វ៉ា​ទូរស័ព្ទ​ចល័ត មុន​បន្ត​ធ្លាក់​លើផ្ទះ​របស់​អ្នកស្រុក ស្ថិតនៅ​ចម្ងាយ​២​ទៅ​៣​គីឡូម៉ែត្រ​ពី​ព្រលានយន្តហោះ​។​

មូលហេតុ​ច្បាស់លាស់ ដែល​បណ្តាលឲ្យ​យន្តហោះ​ធ្លាក់​មិនដឹង​ដឹង​នៅឡើយ​ទេ​។ តែ​មុន​ធ្លាក់​អ្នកបើក​យន្តហោះ បាន​ប្រាប់​ទៅ​អ្នក​ត្រូតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​ថា ម៉ាស៊ីន​ទាំងពីរ​របស់​យន្តហោះ បាន​បាត់បង​ថាមពល​ហើយ​។ គេ​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​រួចហើយ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ ដែល​បណ្តាលឲ្យ​យន្តហោះ​ធ្លាក់​។ ក្រុម​អ្នក​ស៊ើបអង្កេត​ក៏​ព្យាយាម​រក​ប្រអប់​ខ្មៅ​របស់​យន្តហោះ ដើម្បី​កំណត់​មូលហេតុ​។ ករណី​ធ្លាក់​យន្តហោះ​នេះ បាន​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ប្រទេស​ប៉ា​គី​ស្ថាន អនុញ្ញាតឲ្យ​បើក​ដំណើរការ​សេវា​ជើងហោះហើ​រ​ក្នុងស្រុក​ឡើងវិញ បន្ទាប់ពី​ផ្អាក​ដោយសារតែ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។​

​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន មិនមែន​ទើបតែ​កើតឡើង​លើកទីមួយ​ទេ ពោល​ក្នុង​ឆ្នាំ ២០១០ យន្តហោះ​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន Airblue បាន​ធ្លាក់​នៅ​ជិត​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាត ដោយ​បានសម្លាប់​មនុស្ស​ទាំងអស់​នៅលើ​យន្តហោះ​ចំនួន​១៥២​នាក់ ហើយ​វា​ក៏​ជា​គ្រោះមហន្តរាយ​លើ​លំហ​អាកាស​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប៉ា​គី​ស្ថាន​។ ដោយឡែក ក្នុង​ឆ្នាំ ២០១២​យន្ដហោះ​ប៊ូ​អ៊ីង​៧៣៧-២០០​ដំណើរការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​Bhoja Air​របស់​ប៉ា​គី​ស្ថាន បាន​ធ្លាក់​ក្នុង​អាកាសធាតុ​អាក្រក់​ពេល​ហៀ​ប​ចុះចត​នៅ Rawalpindi ដោយ​បានសម្លាប់​អ្នកដំណើរ​១២១​នាក់​និង​នាវិក​៦​នាក់​។ កាលពី​ឆ្នាំ​២០១៦ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន​បាន​ផ្ទុះ​ឆេះ ខណៈ​ធ្វើដំណើរ​ពី​ភាគ​ខាងជើង​ប្រទេស​ប៉ា​គី​ស្ថាន ទៅកាន់​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាត សម្លាប់​មនុស្ស​៤៧​នាក់​៕ ដោយ​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត