យន្តហោះដឹកអ្នកដំណើរខ្នាតអន្តរជាតិ របស់ប្រទេសប៉ាគីស្ថានជើងហោះហើរ PK8303 ម៉ាកAirbus A320 ផ្ទុកអ្នកដំណើរសរុប៩១នាក់និងអាកាសយានិក៨នាក់ បានធ្លាក់កាលពីរសៀលថ្ងៃទី២២ខែឧសភា នៅក្នុងទីក្រុង Karachiប្រទេសប៉ាគីស្ថាន។ យន្តហោះបានហោះចាកចេញពីទីក្រុងLahore ប្រទេសប៉ាគីស្ថាន ឆ្ពោះទៅចុះចតនៅអាកាសយានដ្ឋានអន្តរជាតិJinnah ស្ថិតក្នុងទីក្រុងKarachiប្រទេសប៉ាគីស្ថាន។ បើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានBBCហេតុការណ៍នេះ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៧៦នាក់បានស្លាប់។ តែមិនទាន់ដឹងថា ក្នុងចំណោមអ្នកស្លាប់មានមនុស្សក្នុងយន្តហោះប៉ុន្មាននាក់ និងមនុស្សនៅលើដីប៉ុន្មាននាក់ទេ។
លោកMuhammad Zubairអ្នកដំណើរម្នាក់ ក្នុងចំណោម២នាក់ដែលមានសំណាងល្អ រួចផុតពីសេចក្តីស្លាប់ បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន Geo News នៅមន្ទីរពេទ្យCivil Hospital Karachi ថា អ្នកបើកយន្តហោះបានព្យាយាមបញ្ជាយន្តហោះចុះចតលើកទី១តែបរាជ័យ ហើយ១០នាទីក្រោយមក អ្នកបើកយន្តហោះបានប្រកាសប្រាប់អ្នកដំណើរថា លោកនឹងព្យាយាមចុះចតជាលើកទីពីរ ហើយក៏បរាជ័យម្តងទៀត ដោយយន្តហោះបានធ្លាក់លើលំនៅដ្ឋានរបស់អ្នកស្រុកស្ថិតក្នុងទីក្រុងKarachi។ លោកMuhammad Zubairបន្តផ្តល់កិច្ចសម្ភាសន៍ពីលើគ្រែពេទ្យថា គ្មាននរណាម្នាក់មានអារម្មណ៍ថាយន្តហោះអាចនឹងធ្លាក់ឡើយ ព្រោះវាបានធ្វើដំណើរយ៉ាងរលូនលើផ្ទៃអាកាស។ បើតាមសាក្សីនៅក្បែរព្រលានយន្តហោះឲ្យដឹងថា ក្រោយមិនអាចចុះចតបាន យន្តហោះបានទម្លាក់ខ្លួនមកបុកបង្គោលសេវ៉ាទូរស័ព្ទចល័ត មុនបន្តធ្លាក់លើផ្ទះរបស់អ្នកស្រុក ស្ថិតនៅចម្ងាយ២ទៅ៣គីឡូម៉ែត្រពីព្រលានយន្តហោះ។
មូលហេតុច្បាស់លាស់ ដែលបណ្តាលឲ្យយន្តហោះធ្លាក់មិនដឹងដឹងនៅឡើយទេ។ តែមុនធ្លាក់អ្នកបើកយន្តហោះ បានប្រាប់ទៅអ្នកត្រូតពិនិត្យចរាចរណ៍ផ្លូវអាកាសថា ម៉ាស៊ីនទាំងពីររបស់យន្តហោះ បានបាត់បងថាមពលហើយ។ គេបានបង្កើតគណៈកម្មការស៊ើបអង្កេតរួចហើយ ដើម្បីរកមូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យយន្តហោះធ្លាក់។ ក្រុមអ្នកស៊ើបអង្កេតក៏ព្យាយាមរកប្រអប់ខ្មៅរបស់យន្តហោះ ដើម្បីកំណត់មូលហេតុ។ ករណីធ្លាក់យន្តហោះនេះ បានកើតឡើងតែប៉ុន្មានថ្ងៃ ក្រោយប្រទេសប៉ាគីស្ថាន អនុញ្ញាតឲ្យបើកដំណើរការសេវាជើងហោះហើរក្នុងស្រុកឡើងវិញ បន្ទាប់ពីផ្អាកដោយសារតែវីរុសកូរ៉ូណាឬកូវីដ-១៩។
ហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសប៉ាគីស្ថាន មិនមែនទើបតែកើតឡើងលើកទីមួយទេ ពោលក្នុងឆ្នាំ ២០១០ យន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ឯកជន Airblue បានធ្លាក់នៅជិតទីក្រុងអ៊ីស្លាម៉ាបាត ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះចំនួន១៥២នាក់ ហើយវាក៏ជាគ្រោះមហន្តរាយលើលំហអាកាសអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រប៉ាគីស្ថាន។ ដោយឡែក ក្នុងឆ្នាំ ២០១២យន្ដហោះប៊ូអ៊ីង៧៣៧-២០០ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍Bhoja Airរបស់ប៉ាគីស្ថាន បានធ្លាក់ក្នុងអាកាសធាតុអាក្រក់ពេលហៀបចុះចតនៅ Rawalpindi ដោយបានសម្លាប់អ្នកដំណើរ១២១នាក់និងនាវិក៦នាក់។ កាលពីឆ្នាំ២០១៦ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានបានផ្ទុះឆេះ ខណៈធ្វើដំណើរពីភាគខាងជើងប្រទេសប៉ាគីស្ថាន ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាត សម្លាប់មនុស្ស៤៧នាក់៕ ដោយអ៊ុន សុខឡា