ស្ត្រី​ជនជាតិខ្មែរ​​រកឃើញ​វិជ្ជ​មានកូ​វីដ​-១៩​ ជា​ករណី​នាំចូល​១​ករណី​បន្ថែមទៀត​​

23-05-2020 8:15 am 1251

​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល ដែល​ចេញ​នៅ​ថ្ងៃទី​២៣​ឧសភា បានឲ្យដឹងថា កម្ពុជា​រកឃើញ​ករណី​វិជ្ជ​មានកូ​វីដ​-១៩​ថ្មី​មួយ​ករណី​ទៀតហើយ គឺជា​ស្ត្រី​ជនជាតិខ្មែរ​មាន​វ័យ​២៦​ឆ្នាំ​។ ស្ត្រី​ខាងលើ​មាន​ទីលំនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​ដែល​បាន​វិលត្រឡប់​មកពី​សហរដ្ឋ​អាមេរិក ​ឆ្លងកាត់​បន្ត​ជើងហោះហើរ​តាម​សាធារណរដ្ឋ​កូរ៉េ និង​បាន​មកដល់​កម្ពុជា​តាំងពី​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០២០​។

​នៅក្នុង​ជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា ស្ត្រី​រូបនេះ គឺ​គាត់​បាន​ទៅ​សហរដ្ឋអាមេរិក (​ទីក្រុង​ញូវយ៉ក​) តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២០ រួច​បាន​បន្ត​នៅ​ទីនោះ​មួយរយៈ ដោយមាន​ការបិទ​ជើងហោះហើរ​ធ្វើដំណើរ​ត្រឡប់មកវិញ​មិនបាន​។ ពេលមកដល់​កម្ពុជា​វិញ គាត់​បានធ្វើ​ការរស់នៅ​ដាច់ដោយឡែក​ដោយ​ខ្លួនឯង (Self quarantine ) ហើយ​បាន​ទៅពិនិត្យ​សុខភាព និង​ធ្វើតេស្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ ២០២០ ដោយសារ​គាត់​មាន​បញ្ហា​ក្អក តឹង​ច្រមុះ និង​ស្ងួត​បំពង់ក ដែល​ទទួលបាន​លទ្ធផល​អវិជ្ជមាន​នៅពេលនោះ​។ គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​គាត់​បន្តធ្វើ​ចត្តា​ឡី​ស័កឱ្យ​គ្រប់​១៤​ថ្ងៃ រហូតដល់​ថ្ងៃទី​២០ខែ​ឧសភា ឆ្នាំ​២០២០ អាការៈ​របស់គាត់​មិនមាន​ភាព​ធូរស្រាល ហើយ​នៅ​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ គាត់​ក៏​ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​វត្ថុ​សំណាក របស់គាត់​ទៅ​វិភាគ​សាជាថ្មី​ម្ដងទៀត ដែល​ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូវី​ដ​-១៩​។​

​បច្ចុប្បន្ន​ស្ត្រី​រូបនេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​រួចហើយ​។ ដោយឡែក​អ្នកដំណើ​រទាំ​៦១​នាក់​ផ្សេងទៀត​ត្រូវ​បន្ដធ្វើ​ចត្ដា​ឡី​ស័ក​១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​សុខភាព​តាម​វិធានការ​សុខាភិបាល​ជា​ចាំបាច់​។​

​គួរ​បញ្ជាក់ថា កម្ពុជា​បាន​រកឃើញ​ករណី​វិជ្ជ​មានកូ​វីដ​១៩ ជា​ករណី​នាំចូល ចំនួន​២​ករណី​ហើយ​បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់ អស់​ជាង​មួយខែ​រួចមក​។ ករណី​ដំបូង​គឺជា​បុរស​ជនជាតិខ្មែ​រវ័យ​២៦​ឆ្នាំ មាន​ទីលំនៅ​នៅ​ឃុំ​កំ​ព​ង់​​ត្រាច ស្រុក​កំពង់ត្រាច ខេត្ដ​កំពត ជា​អ្នកដំណើរ​មកពី​ប្រទេស​ហ្វីលីពីន បន្ដ​ជើងហោះហើរ​ពី​សាធារណរដ្ឋ​កូរ៉េ បាន​មកដល់​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២០​។ បច្ចុប្បន្ន​បុរស​រូបនោះ ក៏​ត្រូវបា​ន​​​​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​រួចហើយ​ដែរ​។​

ជាមួយគ្នា​នោះដែរ ក្រសួង​សុខាភិបាល ក៏បាន​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ជា​ចាំបាច់ នៅក្នុង​ដំណាក់កាល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវី​ដ​១៩​នេះ ដើម្បី​ការពារ​ការ​ចម្លងជំងឺ​កូវី​ដ​១៩ ពី​បុគ្គល​ម្នាក់ ទៅកាន់​បុគ្គល​ម្នាក់ទៀត ហើយ​ក្រសួងសុខាភិបាល នឹង​បន្ត​ជូនដំណឹង​ដល់​សាធារណជន អំពី​ការវិវឌ្ឍ​នៃ​បញ្ហា​សុខភាព តាម​ទំព័រ​ហ្វេ​ស​បុក និង​វេបសាយ​របស់ខ្លួន​ជា​បន្តប់ទៀត​៕​

 

ព័ត៌មានផ្សេងទៀត