ចិន​លើកទឹកចិត្ត​ឲ្យ​ប្រជាជន​តៃវ៉ាន់ លើកកម្ពស់​ការបង្រួបបង្រួម​

22-05-2020 4:46 pm 312

​នៅក្នុង​ការចាប់ផ្តើម​នៃ​កិច្ចប្រជុំសភា​ចិន​នៅថ្ងៃសុក្រនេះ លោក​Li Keqiang​នាយករដ្ឋមន្ត្រី​ចិន ថា​ប្រទេស​របស់លោក  នឹង​ប្រឆាំង​និង​រារាំង​រាល់​សកម្មភាព​ឆ្ពោះទៅរក​ការ​បំបែក​ខ្លួន ស្វែងរក​ឯករាជ្យភាព​សម្រាប់​កោះ​តៃវ៉ាន់​។ ចិន​ពណ៌នា​ថា តៃវ៉ាន់​ជា​បញ្ហា​ដែនដី​ដ៏​រសើប​និង​សំខាន់បំផុត​របស់ខ្លួន ហើយ​មិនដែល​បោះបង់ចោល ការប្រើប្រាស់​កម្លាំង ដើម្បី​នាំយក​ដែន​កោះ​ដែល​ចិន​ចាត់ទុកជា​ខេត្ត​មួយ​របស់ខ្លួន​មក​គ្រប់គ្រង​ឡើយ​។ 

​ចិន​នឹង​ធ្វើឲ្យ​ប្រសើរឡើង នូវ​គោលនយោបាយ​និង​វិធានការ ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ការពារ​សុខុមាលភាព​របស់​ប្រជាជន​តៃវ៉ាន់​។ លោក​Li Keqiang សង្កត់ធ្ងន់ថា នឹង​លើកទឹកចិត្ត​ពួកគេ​ឲ្យចូល​រួម​ជាមួយចិន ក្នុងការ​ប្រឆាំងនឹង​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់ និង​លើកកម្ពស់​ការបង្រួបបង្រួម​។ ជាមួយនឹង​ការខិតខំ​ទាំងនេះ លោក​ជឿជាក់ថា ប្រាកដជា​អាចបង្កើត​អនាគត​ដ៏​ស្រស់បំព្រង​មួយ នៃ​ប្រជាជាតិ​ចិន​ទាំងមូល​។​

​ឆ្លើយតប​នឹង​សុន្ទរកថា របស់លោក Li Keqiang ក្រុមប្រឹក្សា​កិច្ចការ​ដីគោក​របស់​កោះ​តៃវ៉ាន់ និយាយថា ប្រជាជន​តៃវ៉ាន់​ត្រូវតែ​ជំទាស់​យ៉ាង​ដាច់ខាត ចំពោះ​សំណើ​អនុវត្ត​គោលការណ៍ ប្រទេសមួយ​ប្រព័ន្ធ​ពីរ នៅ​តៃវ៉ាន់​។ ការធ្វើ​បែបនេះ​នឹង​ប៉ះពាល់​ដល់​កោះ​តៃវ៉ាន់ និង​ធ្វើឲ្យ​ខូចខា​តដល់​ស្ថានភាព​បច្ចុប្បន្ន​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​។ លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​មេដឹកនាំ​បំបែក​ខ្លួន បានប្រកាស​ក្នុងពេល​ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាណត្តិ​ទី​២ ដោយ​នៅតែ​បដិសេធ​យ៉ាង​ដាច់     អហង្កា​រ ចំពោះ​ការទាមទារ​អធិបតេយ្យភាព​របស់​ចិន​។ 

​តៃវ៉ាន់​ត្រូវបាន​គ្រប់គ្រង​ដាច់ដោយឡែក​ពី​ចិនដីគោក ចាប់តាំងពី​ឆ្នាំ​១៩៤៩ គឺ​ក្រោយ​អ្នក​ជាតិនិយម​ចាញ់​សង្គ្រាម​ជា​មួយក្រុម​កុម្មុយនីស្ដ​។ បន្ទាប់ពី​ចាញ់​សង្គ្រាម​ក្រុម​អ្នក​ជាតិនិយម​ទាំងអស់​ភៀសខ្លួន​ទៅកាន់​កោះ​តៃវ៉ាន់ ដើម្បី​បង្កើត​រដ្ឋាភិបាល​ដែលជា​គូប្រជែង​។ អស់​រយៈពេល​ជាច្រើន​ទសវត្ស​មេដឹកនាំ​តៃវ៉ាន់​និង​ម្ចាស់ឆ្នោត មើលឃើញ​តៃវ៉ាន់​ជា​អ្នកតំណាង​ពិតប្រាកដ​សម្រាប់​ប្រទេស​ចិន ទោះបី​ប្រទេស​ជាច្រើន​ផ្ដាច់ទំនាក់ទំនង​ការទូត ងាក​ទៅរក​ក្រុង​ប៉េកាំង​ក៏ដោយ​។​

​នៅពេល​ដែន​កោះ​មួយ​នេះ​បាន​ផ្លាស់ប្ដូរ​ពី​ស្វ័យភាព ទៅជា​ប្រជាធិបតេយ្យ​ពី​ទសវត្ស​ឆ្នាំ​១៩៩០​មក អត្ដ​សញ្ញាណ​របស់​តៃវ៉ាន់ បាន​លេញ​ចេញ​ធ្វើឲ្យ​ពលរដ្ឋ​រស់​លើកោះ​ភាគច្រើន លែង​ចង់​ស្វែងរក​ការបង្រួបបង្រួម​ជាមួយ​ប្រទេស​ចិន​។ រហូតមកដល់​បច្ចុប្បន្ន​តៃវ៉ាន់​បាន​ខិតខំ​ប្រឹងប្រែង បំពេញបាន​លក្ខខណ្ឌ​ស្ទើរតែ​ទាំងអស់​ទៅហើយ ដើម្បី​ក្លាយជា​ប្រទេសមួយ​ស្របច្បាប់​។ នៅឡើយ​តែ​ការទទួលស្គាល់​ពី​សហគម​ន៍​អន្តរជាតិ​ប៉ុណ្ណោះ ដែល​តៃវ៉ាន់​ធ្វើ​មិនទាន់បាន​៕ ដោយ​៖​អ៊ុន សុខ​ឡា 

 ពាក្យគន្លឹះ  ចិនតៃវ៉ាន់

ព័ត៌មានផ្សេងទៀត