ខ្សែ​ដៀវ​ឧបករ​ណ៍​ដែល​មាន​អាយុ​កាល​រាប់ពាន់​ឆ្នាំ​លើ​ទឹកដី​កម្ពុជា​

22-05-2020 4:21 pm 233

+.​អត្ថន័យ​នៃ​ពាក្យ​ខ្សែ​ដៀវ ឬ​សាដៀវ ឬ​សាយដៀវ​

​ខ្សែ​ដៀវ ឬ​សាដៀវ ឬ​សាយដៀវ ដោយ​ពាក្យ​ថា​«​សា​»​មានន័យ​ថា ម្តងទៀត​។​ពាក្យ​«​សាយ​»​មានន័យ​ថា​សំណុំ​សរសៃសូត្រ​តូច ដែល​ចង​ពី​ក្បាល​ស្លាបឯក​ភ្ជាប់​នឹង​ចុង​ដង​(​សាយ​ឯក​, ឯក​ដាច់​សាយ​) ។​ចំណែក​ពាក្យ​«​ដៀវ​»​មានន័យ​ថា មួយ ឬ​តែមួយ​បើ​គេ​និយាយថា ទឹម​ដៀវ គឺ​ទឹម​សត្វ​តែមួយ​, រាំ​ដៀវ គឺ​រាំ​ម្នាក់​ម្ដង​, ភ្លេង​ដៀវ គឺ​ភ្លេង​លេង​ម្នាក់​ម្ដង​, ខ្សែ​ដៀវ គឺ​ខ្សែ​១​។​

+.​ដើមកំណើត​ខ្សែ​ដៀវ ឬ​សាដៀវ ឬ​សាយដៀវ​

​យោង​តាម​សៀវភៅ​«​ទស្សនីយភាព​ខ្មែរ​» បានបញ្ជាក់​ថា ឧបករណ៍​នេះ​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ​។​គេ​ជឿជាក់ថា​សាដៀវ​មាន​អាយុកាល​តាំងពី​ការកកើតឡើង​នៃ​ព្រះ​រាជវង្ស ព្រះ​បឋម​មហាក្សត្រ​ខ្មែរ​។​ពិសេស​គឺ​ជា​កេរដំណែល​ដែល​ចេញមក​ពី​ពិធី​រាជាភិសេក​(​អាពាហ៍ពិពាហ៍ មង្គលការ​) រវាង​ព្រះថោង និង​នាងនាគ ឬ​កៅណ្ឌិ​ន្យ និង​ព្រះ​នាង​សោមា ឬក៏​ព្រះបាទ​ហ៊ុន​ទៀន និង​ព្រះ​នាង​លីវយី នៅ​ដើម​សតវត្ស​ទី​១​នៃ​គ្រឹស្តសករាជ​នោះឯង ។​រហូតមកដល់​សព្វថ្ងៃ​នេះ គេ​សង្ក​ត​ឃើញ​មាន​រូបចម្លាក់​នៃ​ឧបករណ៍​តន្ត្រី​សាដៀវ​នៅលើ​ផ្ដែរ ឬ​ជញ្ជាំង​ប្រាសាទ​ជាច្រើន​ដូចជា ប្រាសាទសំបូរព្រៃគុក ប្រាសាទអង្គរវត្ត ប្រាសាទ​បាយ័ន និង​ប្រាសាទ​ដទៃទៀត​ជាដើម ។​

+​លក្ខណៈ​និង​រូបរាង​របស់​ខ្សែ​ដៀវ ឬ​សាដៀវ ឬ​សាយដៀវ​

​ឧបករណ៍​តន្ត្រី​នេះ​មាន​ខ្សែ​តែមួយ ដែល​វេញ​ដោយ​សរសៃសូត្រ​បញ្ចូល​គ្នា​(​ឥឡូវ​គេ​ប្រើ​ខ្សែលួស​ជំនួស​វិញ​)​ដាក់​សណ្ដូក​តាម​បណ្ដោយ​ដង​យ៉ាង​វែង​ធ្វើ​ពី​ឈើ​រឹង ។​

​ខ្សែ​ដៀវ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​គឺ​មាន​លក្ខណៈ​ដូច​ជា​៖

-​ដង : ដង​ធ្វើ​ពី​ប្រភេទ​ឈើ​រឹង ដូច​ជា​ឈើ​នាងនួន ឈើ​គ្រញូង និង​ឈើខ្មៅ​មាន​រាង​មូល រាវ ង​ផ្នែក​ខាងចុង​។​នៅ​ខាងចុង​ដង​គេ​ច្រើន​តែ​ឆ្លាក់​ក្បាល​ពស់នាគរាជ​ជា​លំអ​។​ដង​ត្រូវបាន​ចែកចេញ​ជា​ពីរ​កំណាត់ ដែល​អាច​ដក​ចេញ ដាក់​ចូល​គ្នា​បាន​ក្នុងពេល​ត្រូវការ​

-​ព្រ​លួត : ព្រលួត​មានតែ​មួយ​ធ្វើ​អំពី​ឈើ​រឹង ក្រឡឹង​យ៉ាង​ស្អាត​សំរាប់​រឹតខ្សែ​សំនៀង ហើយ​ស្ថិត​នៅ​ផ្នែក​ខាង​គល់​នៃ​ដង​

-​ស្នូ​ក​: ស្នូក​ធ្វើ​អំពី​សំបក​ឃ្លោក​ក្អម កាត់​យក​ពាក់កណ្ដាល​ទុក​ខាង​ផ្នែក​ស្ដួច​ចងភ្ជាប់​ទៅ​នឹង​គល់​ដង​សំរាប់ធ្វើ ជា​ប្រអប់​សំនៀង​។ នៅពេល​សំដែង​ម្ដងៗ​គេ​យក​ស្នូ​កមក​ផ្អឹប​នឹង​ទ្រូង ដើម្បី​ឱ្យ​មានសំនៀង​ខ្ទ័រ ឬ​គេ​អង្រន់​ស្នូក ដើម្បី​ឱ្យ​មានសំនៀង​ញ័រ 

-​ខ្សែ​សំនៀង​:​ខ្សែ​សំនៀង​មាន​១​ធ្វើ​អំពី​សរសៃ​លោហធាតុ ខ្សែ​សំនៀង​នេះ​ចង​លាតសន្ធឹង​ពី​ចុង​ដង​ទៅ​ព្រលួត ដោយ​មាន​ខ្សែក​ចង​ផ្អោប​ជាប់​ទៅ​នឹង​ដង​ត្រង់​ជិត​ប្រអប់​សំនៀង 

-​ក្រចក :​ក្រចក​កេះ​ធ្វើ​អំពី​បន្ទះ​លោហធាតុ មូរ ល្មម​ស៊ក​នាងដៃ​បាន ហើយ​កាត់​បញ្ឆិត​ចុង​ទុក​ល្មម​អាច​កេះ​ខ្សែ​បាន​ស្រួល​។​នៅពេល​កេះ ខ្សែ​ម្ដងៗ គេ​ត្រូវ​យក​គល់​ចង្អុលដៃ​ទៅ​ប៉ះ​នឹង​ខ្សែ​ហើយ​ដក​ចេញ​យ៉ាង រហ័ស​ដើម្បីឱ្យ​សំនៀង​លាន់ឮ​ឡើង​តូ​មៗ ដែល​ជា​លក្ខណៈ​សំនៀង​របស់​ខ្សែ​ដៀវ បើ​មិន​ធ្វើ​យ៉ាងនេះ​ទេ សំនៀង​នឹង​ឮសូរ​ទឺងៗ ដូច​ខ្សែលួស​ហាល​ខោអាវ​វិញ 

​នៅពេល​ប្រគំ​ម្ដងៗ ខ្សែ​ដៀវ​មិន​ដើរ​ផ្លូវ​រាបសា​ដូច​ឧបករណ៍​ដទៃ​ឡើយ គឺ​ដើរ​ផ្លូវ​ផ្ដក់មុខ​ផ្ដ​ក់​ក្រោយ ធ្វើឱ្យ​សំនៀង​របស់​ខ្លួន​លេចធ្លោ​ឡើង​នៅក្នុង​ចំណោម​ឧបករណ៍​ដទៃ ។​ជាងនេះទៀត រូបរាង​ខ្សែ​ដៀវ​ទាំងមូល​តំណាង​ឱ្យ​សត្វ​ពស់ នាគរាជ ជា​សត្វ​តំណាង​ភាពត្រជាក់ត្រជុំ មាន​សច្ចធម៌ និង​មាន​សុភមង្គល​ក្នុង​ជីវិត​។​

+.​ភាព​ល្បីល្បាញ​របស់​សាដៀវ​

​នៅ​ចុង​សតវត្សរ៍​ទី​១៩ ដើម​សតវត្សរ៍​ទី​២០ ចម្រៀង​ខ្សែ​មួយ ឬ​សាដៀវ​លេចមុខ​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​សង្គម​កម្ពុជា ហើយ​នៅ​អំឡុងពេល​នោះ សង្គម​បរិយាកាស​នៅ​កម្ពុជា ត្រូវ​ផ្លាស់ប្ដូរ​យ៉ាងខ្លាំង​ព្រោះ​អាណានិគមនិយម​បារាំង​បាន​ប្រើ​អំណាច បង្ខំ​ដាក់​ប្រទេស​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​ក្រោម​អាណានិគម​របស់​ខ្លួន​។​

​ក្នុង​អំឡុងពេល​នោះ​ដែរ ក៏​មាន​អ្នកប្រាជ្ញ​ប្រជាប្រិយ​ខ្មែរ​ម្នាក់ គឺ​អ្នក​ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ក្រម​ង៉ុយ​(១៨៦៥-១៩៣៦) បាន​ដើរ​ទេសន៍ ឬ​ច្រៀង​ដើម្បី​អប់រំ​ជនជាតិ​ខ្មែរ​នៅ​គ្រប់​តំបន់​ដោយ​ប្រើ​ឧបករណ៍​តន្ត្រី​ខ្សែ​មួយ ឬ​សាដៀវ​នេះ​។ គាត់​និយម​យក​សម្បក​ឃ្លោក​ចង​ក្នុង​បង្វេច​ស្ពាយ ហើយ​យក​ដង​សាដៀវ​នោះ​ធ្វើ​ឈើច្រត់​ក្នុង​ពេល​ធ្វើ​ដំណើរកាត់​ពី​ទី​មួយ​ទៅ​ទី​មួយ​ទៀត​។​

​លោកតា​ក្រម​ង៉ុយ​អាច​យក​សម្បកឃ្លោក​ក្នុងប​ង្វេ​ចនោះ​ផ្គុំ​ជាមួយ​ដង​ដែលជា​ឈើច្រត់​បានជា​សាដៀវ ភ្លាមៗ ក្នុងពេល​ដែល​គាត់​ត្រូវការ​ដើម្បី​បាន​ជា​ឧបករណ៍​តន្ត្រី​ជូន​ចម្រៀង​របស់លោក ពន្យល់​ប្រជារាស្ត្រ​អំពី​ការលំបាក​សព្វបែបយ៉ាង​ពី​ការបាត់បង់​ឯករាជ្យ និង​សេរីភាព ពន្យល់​ណែនាំ​ប្រជារាស្ត្រ​ឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ​ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹមជីវិត​ទូន្មាន​ប្រៀនប្រដៅ​ឱ្យមាន​ការប្រុងប្រយ័ត្ន​កុំឱ្យ​បែកបាក់​គ្នា និង​ឱ្យ​ខ្មែរ​រួបរួម​សាមគ្គី​គ្នា​ជាដើម ។​ល​។ ដែល​ធ្វើឱ្យ​កិត្តិនាម​របស់​គាត់​ល្បី​រន្ទឺ​យ៉ាង​ក្រៃលែង ។​

+.​ចម្រៀង​ខ្សែ​មួយ ឬ​ចម្រៀង​សា​ដៀវ​

​ចម្រៀង​ខ្សែ​មួយ ឬ​ចម្រៀង​សាដៀវ​វិញ​មិន​ខុស​អី្វ​ពី​ចម្រៀង​ចាប៉ី​រឿង ឬ​ចាប៉ី​ឆ្លងឆ្លើយ​ឡើយ គឺជា​ប្រភេទ​ចម្រៀង​រៀបរាប់​រឿង​និង​ពេលខ្លះ​ជា​ចម្រៀង​ដេញ​ប្រាជ្ញា​ចោទ​ឆ្លើយ​គ្នា ជា​កំណាព្យកាព្យឃ្លោង​ឥត​ព្រាងទុក​យ៉ាង​ប៉ិនប្រសប់ ដោយ​ចម្រៀង​ខ្លួនឯង​ត្រូវ​ច្រៀង​ផង​ដេញ​សាដៀវ​ខ្លួនឯង​ផង ឬ​ពេល​ខ្លះ​ក៏​មាន​អ្នក​ដេញ​សាដៀវ​ជំនួស​ផង​ក៏មាន​។​

​នៅក្នុង​សង្គម​កម្ពុជា​សិល្បៈ​ចម្រៀង​ខ្សែ​មួយ​ក៏ដូចជា​សិល្បៈ​ចម្រៀង​ចាប៉ី​ដែរ គឺជា​ប្រភេទ​សិល្បៈ​ផ្នែក​គំនិត​ស្ងប់ស្ងៀម​មិន​អាសអាភាស ប៉ុន្តែ​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការកសាង​ធនធាន​មនុស្ស​ខ្មែរ ថែម​ទាំង​ផ្តល់​នូវ​ចំណេះដឹង ចំណេះធ្វើ កសាង​សីលធម៌​សង្គម ជួយ​ជំរុញ​ឱ្យ​សង្គមជាតិ​រស់រាន​ប្រកបដោយ​ធម៌​ការយោគយល់ សុខ​សុភមង្គល ។ គេ​មាន​ជំនឿ​ជឿជាក់ថា តាំងពី​យូរលង់​ណាស់​មក​ហើយ​ចម្រៀង​សា​ដៀវ ឬ​ចម្រៀង​ខ្សែ​មួយ​នេះ​(​តិច ឬ​ច្រើន​) តែង​មាន​វត្តមាន​ជានិច្ច​ក្នុង​សង្គម​ជាតិ​កម្ពុជា ជា​សិល្បៈ​មួយ​ប្រភេទ​សម្រាប់​ការអប់រំ​។​

​ទាក់ទង​នឹង​ឧបករណ៍​នេះ​ដែរ ក្រុម​អ្នកស្រាវជ្រាវ​បាន​សម្ដែង​ការព្រួយបារម្ភ​ព្រោះ​រហូតមកដល់​ពេល​កត់ត្រា ឬ​សរសេរ​អត្ថបទ​ស្ដី​ពី​សាដៀវ​(​ខែ​មេសា ឆ្នាំ​២០០៣ និង​មកដល់​បច្ចុប្បន្ន ) គេ​បាន​សង្កេតឃើញថា ឧបករណ៍​ចាប៉ីដងវែង ក៏​ដូច​ជា​ឧបករណ៍​ខ្សែ​មួយ ឬ​សាដៀវ​ដែរ ហាក់ដូចជា​មាន​កម្រិត​ស្រុតចុះ​យ៉ាងខ្លាំង​ក្នុងការ​សមប្រកប​នៅក្នុង​វង់ភ្លេង​ប្រពៃណី ឬ​ភ្លេង​ការ​ខ្មែរ ពិសេស​គឺ​នៅ​រាជធានី​ភ្នំពេញ ដោយ​តន្ត្រីករ​ភាគច្រើន យក​ឧបករណ៍​តន្ត្រី​ផ្សេងៗ​ដូចជា ឃឹម ឬ​តាខេ ជាដើម​ជំនួស​វិញ (​នេះ​ប្រហែលជា​មកពី​ឧបករណ៍​ចាប៉ីដងវែង ឬ​សាដៀវ​ខ្សែ​មួយ​ពិបាក​រៀន ? ឬ​ក៏​ដោយ​ប្រការ​ណា​ផ្សេង​?) ៕

+.​ឯកសា​រយោង​
-​ស្រាវជ្រាវ​ចងក្រង​ដោយលោក ហ៊ុន សារិន សាស្ត្រាចារ្យ​សិល្បៈ​តន្ត្រី​
-​សៀវភៅ «​ទស្សនីយភាព​ខ្មែរ​»

 

 

 


 ពាក្យគន្លឹះ  ឧបករណ៍សាដៀវ

ព័ត៌មានផ្សេងទៀត