អាជ្ញាធរអប្សរាលើកទឹកចិត្តឲ្យពលរដ្ឋក្នុងឧទ្យានអង្គរសង់លំនៅដ្ឋានគំរូខ្មែរបុរាណ

22-05-2020 2:56 pm 963

អាជ្ញាធរជាតិអប្សរា បានលើកទឹកចិត្តប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឲ្យចាប់អារម្មណ៍ចំពោះការសាងសង់លំនៅដ្ឋានតាមគំរូផ្ទះខ្មែរបុរាណ។ ការលើកទឹកចិត្តនេះ គឺដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ ប្រពៃណីពីខ្មែរបុរាណមក និងការពារទេសភាពវប្បធម៌ ព្រមទាំងជួយលើកគុណតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះបើតាមការផ្សព្វផ្សាយព័ត៌មាននៅលើទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២២ ខែឧសភានេះ។ 

បើតាមលោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានឲ្យដឹងថា ផ្ទះខ្មែរជាប្រភេទសំណង់ស្រាល ដែលងាយស្រួលសាងសង់ មិនតម្រូវឲ្យជីកដី ឬជីកគ្រឹះដែលអាចមានការប៉ះពាល់ ដល់បុរាណវត្ថុដែលកប់ក្នុងដីឡើយ។ ផ្ទះខ្មែរមានលក្ខណៈចំហនៅផ្នែកខាងក្រោមសម្រាប់ខ្យល់បក់ចេញចូល ដាក់សម្ភារកសិកម្ម ចងគោ ក្របី ចិញ្ចឹមសត្វផ្សេងៗ ហើយការសាងសង់ផ្ទះបែបនេះ វាសមស្របទៅនឹងលក្ខខណ្ឌអាកាសធាតុក្តៅ កត្តាជីវភាពរស់នៅ និងជំនឿផងដែរ។ 

លោកបានបញ្ជាក់ទៀតថា តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ប្រភេទគំរូផ្ទះដែលគេតែងឃើញប្រជាពលរដ្ឋខ្មែរសាងសង់មានដូចជា៖ ផ្ទះប៉ិត ផ្ទះរោងដោល ផ្ទះរោងឌឿង និង ផ្ទះកន្តាំងជាដើម។ ដូចច្នេះ រាល់ពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការអនុញ្ញាត នោះមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ និងចុះទៅដល់ទីតាំងសាងសង់ផ្ទាល់ ដើម្បីជួយផ្ដល់ជាបច្ចេកទេសក្នុងការសង់លំនៅដ្ឋាន ដើម្បីឲ្យសមស្របតាមគំរូផ្ទះបែបខ្មែរ៕

ដោយ៖ ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត