សភា​ប្រជាជន​ចិន​ពិភាក្សា​លើ​ច្បាប់​សន្តិសុខ​ថ្មី​សម្រាប់​ហុងកុង​

22-05-2020 2:37 pm 206

​ថ្ងៃ​សុក្រ​ទី​២២​ខែឧសភា​ឆ្នាំ​២០២០ សភា​ប្រជាជន​ចិន​ប្រជុំពិភាក្សា ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើត​និង​កែលម្អ​ប្រព័ន្ធ​ច្បាប់​និង​យន្តការ​អនុវត្ត សម្រាប់​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ដើម្បី​ការពារ​សន្តិសុខ​ជាតិ​។ កាសែត South China Morning Post ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​និយាយថា ច្បាប់​នេះ​នឹង​ហាមឃាត់​មិន​ឲ្យមាន​ការបំបែ​ករដ្ឋ ការជ្រៀតជ្រែក​ពី​បរទេស អំពើ​ភេរវកម្ម និង​រាល់​សកម្មភាព​ដែលមាន​កលល្បិច សំដៅ​ផ្តួលរំលំ​រដ្ឋាភិបាលកណ្តាល និង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ណាមួយ នៅក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​។​

​ការណ៍​នេះ​បាន​បង្កក្តី​ព្រួយបារម្ភ​ទាំង​នៅ​ក្នុងស្រុក​និង​អន្តរជាតិ​។ ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​និយាយថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ប្រតិកម្ម ប្រឆាំងនឹង​ការប៉ុនប៉ង​ណាមួយ​របស់​ទីក្រុង​ប៉េកាំង ដើម្បី​រឹតបន្តឹង​ការគ្រប់គ្រង​របស់ខ្លួន​លើ​ទីក្រុង​ហុងកុង​។ កម្រិត​ខ្ពស់​នៃ​ស្វ័យភាព​និង​ការគោរព​សិទ្ធិមនុស្ស គឺជា​គន្លឹះ​ក្នុង​ការថែរក្សា​ឋានៈ​ពិសេស​របស់​ទឹកដី​នេះ​។ កិច្ចខិតខំ​ប្រឹងប្រែង​ណាមួយ ដើម្បី​ដាក់ចេញ​ជា​ច្បាប់​សន្តិសុខ​ជាតិ ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​ហុងកុង និង​ធ្វើឲ្យមាន​អស្ថិរភាព​ខ្ពស់ នឹងត្រូវ​ទទួល​នូវ​ការ​ថ្កោលទោស​យ៉ាងខ្លាំង ពី​សហរដ្ឋអាមេរិក​និង​សហគមន៍​អន្តរជាតិ​។ នៅ​ថ្ងៃ​សុក្រ​រដ្ឋាភិបាល​តៃវ៉ាន់​បាន​ទទូច​ដល់​ប្រទេស​ចិន កុំ​រុញ​ទីក្រុង​ហុងកុង​ឲ្យ​ធ្លាក់​ទៅក្នុង​ភាពវឹកវរ កាន់តែខ្លាំង ជាមួយនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​បាន​ស្នើឡើង​។ 

​សម្រាប់​សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​វិញ នាំគ្នា​ព្រួយបារម្ភ​ថា ច្បាប់​សន្តិសុខ​ថ្មី​នឹង​ក្លាយជា​ទី​អវសាន​របស់​ហុងកុង និង​ជា​ថ្ងៃ​សោកសៅ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ហុងកុង​។ ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បារម្ភ​ថា​ច្បាប់​នេះ នឹងត្រូវ​ប្រើ​ដើម្បី​រារាំង​ការតវ៉ា​ប្រឆាំងនឹង​សេរីភាព ដែល​មានចែង​ក្នុង​ច្បាប់​មូលដ្ឋាន ពីព្រោះ​ច្បាប់​នេះ​ស្រដៀង​ទៅនឹង​ច្បាប់ ដែល​ដាក់ឲ្យអនុវត្ត​នៅក្នុង​ប្រទេ​សចិន ដើម្បី​បំបិទ​សំឡេង​ប្រឆាំងនឹង​បក្ស​កុម្មុយនីស្ត​។ 

​ការប្រជុំ​ពិភាក្សា​លើ​ច្បាប់​សន្តិសុខ​ថ្មី​សម្រាប់​ហុងកុង ធ្វើឡើង​មុនពេល​ក្រុម​សកម្មជន​អ្នកគាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង គ្រោង​រៀបចំ​ការប្រមូលផ្តុំ​ទ្រង់ទ្រាយ​ធំ ក្នុង​រយៈពេល​ជាង​១​ខែ​ខាងមុខ​។ ពួក​សកម្មជន​អំពាវនា​វឲ្យមនុស្ស​២​លាន​នាក់​ចូលរួម នៅ​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២០ ជា​ខួប​លើក​ទី​២៣​ឆ្នាំ ដែល​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន​គ្រប់គ្រង​។ ហុងកុង​ត្រូវបាន​អង់គ្លេស​ប្រគល់ឲ្យ​ចិន​គ្រប់គ្រងនៅ​ឆ្នាំ​១៩៩៧​។ តាម​ការព្រមព្រៀង​រវាង​ចិន​និង​អង់គ្លេស​កាលនោះ ហុងកុង​នឹង​មិនត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទាំងស្រុង​នោះទេ គឺ ហុងកុង​ត្រូវដាក់​ជា​តំបន់​រដ្ឋបាល​ពិសេស តាម​គោលការណ៍ ប្រទេសមួយ​ប្រព័ន្ធគ្រប់គ្រង​ពីរ រហូតដល់​ឆ្នាំ​២០៤៧​។ 

​ជ្រក​ក្រោម​ដំបូល​គោលការណ៍ ប្រទេស​តែមួយ​ប្រព័ន្ធ​ពីរ ហុងកុង​នៅតែ​បន្ត​រក្សា​ការ​កាត់ផ្តាច់​នយោបាយ និង​សេដ្ឋកិច្ច​ចេញពី​ប្រទេស​ចិន​។ លើកលែងតែ​វិស័យ​យោធា​ការពារជាតិ និង​កិច្ចការបរទេស​។ ជាមួយគ្នានេះដែរ ហុងកុង​ក៏មាន​ភាព​ឯករាជ្យ​លើ​អំណាច​នីតិ​បញ្ញតិ្ត ប្រតិបត្តិ និង​តុលាការ​។ យ៉ាងនេះក្តី ចិន​តែងតែ​បង្ហាញ​ឥរិយាបទ ដោយ​ចង់​ក្រសោប​ហុងកុង​មក​ដាក់​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន ផ្ទុយ​ពី​ការចង់បាន​របស់​អ្នកប្រជាធិបតេយ្យ​ហុងកុង ហើយ​នេះ​ជា​ហេតុផល​ចម្បង ដែល​ជំរុញ​ឲ្យ​ពួកគេ​តវ៉ា ដើម្បី​រើ​បម្រាស​ចេញពី​ក្រ​ញ៉ាំ​ដៃ​របស់​ចិន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  ចិនហុងកុង

ព័ត៌មានផ្សេងទៀត