បើកការប្រកួតកីឡាឡើងវិញនៅខែមិថុនា តែមិនទាន់អនុញ្ញាតឲ្យមានអ្នកចូលទស្សនានៅឡើយ

22-05-2020 2:11 pm 217

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២២ ខែឧសភានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយអនុញ្ញាតឲ្យបើកការប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិ តែមិនទាន់អនុញ្ញាតឲ្យមានអ្នកចូលទស្សនានោះទេ។ ការអនុញ្ញាតនេះ បន្ទាប់ពីមានចំណារឯកភាពពីលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន កាលពីថ្ងៃព្រហស្បត្តិ៍ លើរបាយការណ៍សង្ខេបស្ដីពីលទ្ធផលប្រជុំរវាងក្រសួងសុខាភិបាល ក្រសួងទេស ចរណ៍ និងក្រសួងអប់រំយុវជន និងកីឡា ដើម្បីពិនិត្យមើលការបើកឡើងវិញនៃវិស័យកីឡាជាជំហានៗ។

សេចក្ដីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា ដើម្បីបើកដំណើរការឡើងវិញនូវវិស័យកីឡា ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា៖ទី១.អនុញ្ញាតឲ្យបើកការប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិ ដោយមិនមានអ្នកទស្សនាដែលមានតែកីឡាករ-កីឡាការិនី និងមន្ត្រីបច្ចេកទេសក្នុងចំនួនមិនឲ្យលើសពី១០០នាក់ ក្រោមការគ្រប់គ្រងទទួលខុសត្រូវយ៉ាងហ្មត់ចត់ពីសហព័ន្ធកីឡាជាតិនីមួយៗ និងអនុវត្តអនាម័យតាមវិធានការការ ពាររបស់ក្រសួងសុខាភិបាល។ ការអនុញ្ញាតនេះនឹងចាប់អនុវត្តជាបណ្ដើរៗចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ។

ទី២.អនុញ្ញាតឲ្យមានការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិឡើងវិញ ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន និងកីឡា ដោយគោរពយ៉ាងម៉ឺងម៉ាត់ តាមវិធានការការពារកុំឲ្យមានការចម្លងវីរុសកូវីដ-១៩ និងការពាររលកទីពីរនៃការចម្លងវីរុសនេះរបស់ក្រសួងសុខាភិបាល។ ទី៣.មុននឹងបើកឲ្យដំណើរការ ត្រូវមានការចាត់ចែងរៀបចំជាមុននូវវិធានការការពារនានាដូចជា៖-ការអនុវត្ត ការសម្អាតដៃឲ្យបានញឹកញាប់ ដោយប្រើទឹកស្អាត និងសាប៊ូ ឬទឹកអាល់កុល ឬទឹកដែលសម្រាប់លាងដៃ។-ការប្រើប្រាស់ម៉ាស(ក្នុងករណីចាំបាច់) ឬកន្សែង ឬក្រមា ឬក្រដាសជូតមាត់ ដើម្បីខ្ទប់ មាត់ច្រមុះ រាល់ពេលក្អកកណ្ដាស់ (រួចត្រូវបោះចោលក្នុង ធុងសំរាមឱ្យបានត្រឹមត្រូវ)។-ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលជាដើម។

ទី៤.ត្រូវធានាថា ទីកន្លែងដែលបើកដំណើរការកីឡាដូចបានជម្រាបជូនខាងលើនេះ មានការអនុវត្តវិធានការការពារការចម្លងវីរុសកូវីដ-១៩ បានត្រឹមត្រូវ និងហ្មត់ចត់ និងមានអ្នកត្រួតពិនិត្យត្រឹមត្រូវ ហើយមិនត្រូវឲ្យកន្លែងធ្វើសកម្មភាពកីឡារបស់ខ្លួន ក្លាយទៅជាកន្លែងរាតត្បាតជំងឺកូវីដ-១៩ នោះឡើយ។ យ៉ាងណាក៏ដោយតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន គឺគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏នូវតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ នៅក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឲ្យមានរលកទីពីរនៃការចម្លងវីរុសកូវីដ-១៩៕ ដោយ៖ឃួន សុភ័ក្រ 

ព័ត៌មានផ្សេងទៀត