ការបង្រៀនអក្ខរកម្មនិងកម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអនឡាញ ត្រូវបានក្រសួងដាក់ដំណើរការ

22-05-2020 11:35 am 552

វីដេអូស្ដីពីការបង្រៀនអក្ខរកម្ម និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានពីចម្ងាយ ត្រូវបានក្រសួងអប់រំ យុវជននិងកីឡា ដាក់ឲ្យដំណើរការជាផ្លូវការហើយ ក្រោមកិច្ចគាំទ្រជាថវិកា និងបច្ចេកទេសពីសំណាក់អង្គការយូណេស្កូប្រចាំនៅកម្ពុជា។ ការសម្រេចបើកកម្មវិធីរៀនពីចម្ងាយនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈក្រសួងបានបិទសាលារៀនទៅទូទាំងប្រទេសទាំងអស់។ នេះបើយោងតាមការចេញផ្សាយ របស់ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

តាមរយៈហ្វេសប៊ុកផ្លូវការ ក្រសួងអប់រំបានឲ្យដឹងថា ការដាក់ឱ្យដំណើរការជាផ្លូវការ ការបង្រៀនអក្ខរកម្ម និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានពីចម្ងាយគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការជំរុញការសិក្សារបស់ប្រជាពលរដ្ឋ យុវជន និងកម្មករ កម្មការិនីរោងចក្រ ក៏ដូចជាការឆ្លើយតបជាមួយការអប់រំក្នុងយុគសម័យឌីជីថល របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

គួរបញ្ជាក់ថា តាមរយៈការបង្កើតគណៈកម្មការដឹកនាំផលិតវីដេអូស្តីពីការបង្រៀនអក្ខរកម្មពីចម្ងាយ ក្រុមការងារបានសម្រេចថតវីដេអូស្ដីពីការបង្រៀនអក្ខរកម្ម មុខវិជ្ជាគណិតវិទ្យាចំនួន ២៩ វីដេអូ និងមុខវិជ្ជាភាសាខ្មែរចំនួន៥៥វីដេអូ ។ ដោយឡែកការផលិតវីដេអូកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានចំនួន៦០វីដេអូ៕ 

ដោយ៖ ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត