កម្ពុជា​ទើប​​រកឃើញ​​ករណី​​វិជ្ជ​មាន​កូ​វីដ​-១៩​​មួយ​ករណី​ថ្មី​​ជា​ជនជាតិ​ខ្មែរ​

21-05-2020 9:37 pm 519

តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល ដែល​ចេញ​កាលពី​យប់​ថ្ងៃទី​២១​ឧសភា បានឲ្យដឹងថា កម្ពុជា​រកឃើញ​ករណី​វិជ្ជ​មានកូ​វីដ​-១៩​ថ្មី​មួយ​ករណី​ទៀតហើយ គឺជា​បុរស​ជនជាតិខ្មែរ​អាយុ​២៦​ឆ្នាំ​។ បុរស​រូបនេះ មាន​ទីលំនៅ​នៅ​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ដ​កំពត ជា​អ្នកដំណើរ​មកពី​ប្រទេស​ហ្វីលីពីន បន្ដ​ជើងហោះហើរ​ពី​សាធារណរដ្ឋ​កូរ៉េ បាន​មកដល់​ប្រទេស​កម្ពុជា​កាលពី​យប់​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២០​។ 

​បើតាម​ការបញ្ជាក់​របស់​ក្រសួងសុខាភិបា​ល បានឲ្យដឹង​ដែរថា អ្នកដំណើរ​សរុប​ចូលមក​កម្ពុជា​រួមមាន​៦៣​នាក់ ហើយ​ពេលមកដល់ ក៏ត្រូវ​ក្រុមគ្រូពេទ្យ​ត្រួតពិនិត្យ​សុខភាព និង​បានដាក់ឲ្យ​នៅ​រង់ចាំ​កន្លែង​ធ្វើច​ត្ដា​ឡីស័​កនៅ​ជិត​អាកាសយានដ្ឋាន​អន្ដ​រ​ជាតិ​ភ្នំពេញ ពេលមកដល់​រាជធានី​ភ្នំពេញ​ភ្លាម​ហើយក៏​បាន​យក​សំណាក​ទៅ​វិភាគ​ទាំងអស់​ផងដែរ​។ ជា​លទ្ធផល​បង្ហាញថា មាន​វិជ្ជ​មានកូ​វីដ​-១៩​លើ​បុរស​ជនជាតិខ្មែរ​ម្នាក់​ខាងលើ​។​

បច្ចុប្បន្ន​បុរស​រូបនោះ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​រួចហើយ​។​ដោយឡែក​អ្នកដំណើ​រទាំ​៦២​នាក់​ផ្សេងទៀត​ត្រូវ​បន្ដធ្វើ​ចត្ដា​ឡី​ស័ក​១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​សុខភាព​តាម​វិធានការ​សុខាភិបាល​ជា​ចាំបាច់​។​

​ជាមួយគ្នា​នោះដែរ ក្រសួង​សុខាភិបាល ក៏បាន​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ជា​ចាំបាច់ នៅក្នុង​ដំណាក់កាល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវី​ដ​១៩​នេះ ដើម្បី​ការពារ​ការ​ចម្លងជំងឺ​កូវី​ដ​១៩ ពី​បុគ្គល​ម្នាក់ ទៅកាន់​បុគ្គល​ម្នាក់ទៀត ហើយ​ក្រសួងសុខាភិបាល នឹង​បន្ត​ជូនដំណឹង​ដល់​សាធារណជន អំពី​ការវិវឌ្ឍ​នៃ​បញ្ហា​សុខភាព តាម​ទំព័រ​ហ្វេ​ស​បុក និង​វេបសាយ​របស់ខ្លួន​ជា​បន្តប់ទៀត​៕​

​ដោយ​៖​ពេញ ផេង​

 ពាក្យគន្លឹះ  កម្ពុជាវីរុសកូវីដ-១៩

ព័ត៌មានផ្សេងទៀត