មនុស្សស្លាប់ដោយសារព្យុះស៊ីក្លូននៅឥណ្ឌានិងបង់ក្លាដែសកើនដល់ជាង២០នាក់

21-05-2020 5:22 pm 187

​ព្យុះ​ស៊ីក្លូន Amphan បាន​បោកបក់​ចេញពី​ឆកសមុទ្រ​បេង​ហ្គាល់ ហើយ​ចាប់ផ្តើម​វាយប្រហារ​តំបន់ Sundarbans ដែលជា​ជង្រុក​ព្រៃកោងកាង លាតសន្ធឹង​តាម​បណ្តោយ​ព្រំដែន​ឥណ្ឌា​និង​បង់​ក្លា​ដែស នៅ​រសៀល​ថ្ងៃ​ពុធ មុន​បោះពួយ​ទៅ​បោកបក់​លើ​តំបន់​ភាគ​ខាងជើង​និង​ភាគ​ខាងជើង​ឆៀង​ខាងកើត​ទីក្រុង Kolkata នៃ​រដ្ឋ West Bengal ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​។ ផ្នែក​ខ្លះ​នៃ​រដ្ឋ West Bengal និង​រដ្ឋ Orissa (Odisha) នៅក្នុង​ប្រទេស​ឥណ្ឌា និង​តំបន់​នៅ​ភាគ​និរតី​បង់​ក្លា​ដែស មាន​ខ្យល់​បក់​ខ្លាំង​ក្នុង​ល្បឿន​រហូតដល់​ទៅ ១៨៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ឥទ្ធិពល​ព្យុះកំ​ណា​ចនេះ បាន​នាំមក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ជា​ទឹកជំនន់​និង​ការបា​ក់ដី​ផងដែរ​។ 

​រដ្ឋ​West Bengal​បាន​រងគ្រោះ​ខ្លាំងជាងគេ ដោយមាន​មនុស្ស​យ៉ាងហោចណាស់​១២​នាក់​ស្លាប់ ហើយ​ស្រុក​ចំនួន ៣ នៅ​រដ្ឋ​នេះ ត្រូវបាន​បំផ្លាញ​ស្ទើរ​ទាំងស្រុង​។ នៅ​ទីក្រុង​Kolkata មាន​ខ្យល់​បក់បោក​ខ្លាំង​បណ្តាលឲ្យ​រថយន្ត ដើមឈើ​និង​បង្គោល​ភ្លើង ប៉ើង ដួលរលំ ធ្វើឲ្យ​ប្រជាជន​១៤​លាន​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់​។ មនុស្ស​៥០​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​គ្រោះថ្នាក់ ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។ អ្នកគ្រប់គ្រង​រដ្ឋ​West Bengal​ថ្លែងថា រដ្ឋ​កំពុង​ប្រឈម​នឹង​ការខូចខាត​និង​ការបំផ្លិចបំផ្លាញ​ខ្លាំង​ជាង​វីរុស​កូវី​ដ -១៩ ដែល​សម្លាប់​ប្រជាជន​នៅក្នុង​រដ្ឋ​នេះ​ចំនួន​២៥០​នាក់​។ អាជ្ញាធរ​បាន​ជួបប្រទះ​ការលំបាក​យ៉ាងខ្លាំង នៅក្នុង​ការអនុវត្ត​ប្រតិបត្តិ​ការសង្គ្រោះ ដោយសារតែ​វិធានការ​រក្សា​គម្លាត​សង្គម ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។​

​ដោយឡែក នៅក្នុង​ប្រទេស​បង់​ក្លា​ដែស​វិញ​ប្រភពពី​មន្ត្រី​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស ១០ នាក់​បាន​ស្លាប់ និង​ចរន្តអគ្គិសនី​ត្រូវបាន​កាត់ផ្តាច់​នៅតាម​ស្រុក​មួយចំនួន​។ នៅ​បង់​ក្លា​ដែ​សគឺស្រុក Satkhira​រងគ្រោះ​ខ្លាំងជាងគេ វា​បាន​គ្របដណ្តប​ដោយ​ទឹកជំនន់ ដោយសារតែ​ទំនប់​មួយចំនួន​បាន​បាក់​។ ផលដំណាំ​ក៏​រង​នូវ​ការខូចខាត​ដែរ ខណៈ​មាន​ការបារម្ភ​ថា ដី​មាន​ជីជាតិ​នៅ​ក្នុងប្រទេស​ដែលមាន​ប្រជាជន​យ៉ាង​ក្រាស់ក្រែល​នោះ នឹងត្រូវ​ទឹក​នាំយកទៅ​អស់​។ មន្ត្រី​ក្នុង​តំបន់​លោក Rezaul Karim  និយាយថា ទឹកបាន​ជន់​នៅលើ​ទំនប់​ព័ទ្ធជុំវិញ​កោះ​មួយ ក្នុង​សង្កាត់ Noakhali ប្រទេស​បង់​ក្លា​ដែស ដោយបាន​បំផ្លាញ​ផ្ទះ​ជាង ៥០០ ខ្នង​។ ក្រោយ​បោកបក់​អស់ចិត្ត  ពេលនេះ​ព្យុះ​ស៊ី​ក្លូន Amphan បាន​ចុះខ្សោយ​ឥទ្ធិពល និង​បន្ត​រំកិល​ខ្លួន​ទៅ​ភាគ​ខាងជើង​ប្រទេស​ប៊ូ​តាន​វិញ​។​

សូមបញ្ជាក់ថា ព្យុះ​ស៊ីក្លូន​Amphan​គឺជា​ព្យុះ​ទីមួយ​នៅ​តំបន់​ឈូង​សមុទ្រ​បេង​ហ្គាល់​គិតពី​ឆ្នាំ​១៩៩៩​។ កាលនោះ​មាន​ព្យុះ​ស៊ីក្លូន​មួយ​ដែរ​បាន​កើតឡើង ហើយ​សម្លាប់​មនុស្ស​ជាង​៩​ពាន់​នាក់​។ ព្យុះ​Amphan អាច​នឹង​វាយប្រហារ​តំបន់​ឆ្នេរសមុទ្រ​ក្នុង​ល្បឿន​ខ្យល់​១៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង គឺ​ការវាយប្រហារ​អាច​ស្មើនឹង​ព្យុះកំបុតត្បូង​កម្រិត​ទី​៥​។ ជា​ការកត់សំគាល់ ព្យុះ​ស៊ីក្លូន​តែងតែ​វាយប្រហារ​ផ្ទួនៗ លើ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា​និង​បង់​ក្លា​ដែស នៅ​ចន្លោះ​ខែមេសា​និង​ធ្នូ​។ ជារឿយៗ​ខ្យល់ព្យុះ​បាន​បង្ខំ​ឲ្យមាន​ការជម្លៀស​មនុស្ស​រាប់ម៉ឺន​នាក់ និង​បង្ក​ការខូចខាត​ជាច្រើន​កន្លែង​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត