កម្ពុជា​គ្រោង​សាងសង់​ស្ថានីយ៍​ផលិត​អគ្គិសនី​២​កន្លែង​ទៀត​នៅ​ខេត្ត​ពោធិ៍សាត់​

21-05-2020 5:05 pm 336

​លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​បានបញ្ជាក់​ថា ស្ថានីយ៍​ផលិត​អគ្គិសនី​ចំនួន​២​កន្លែង​ទៀត​គ្រោង​នឹង​សាងសង់​នៅ​ខេត្ត​ពោធិ៍សាត់ ដែល​មាន​ថាមពល​អគ្គិសនី​សរុប​១៤០​មេហ្គា​វ៉ាត់ ដើម្បី​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ 

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្ត​ពោធិ៍សាត់​នៅ​ថ្ងៃទី​២១​ខែ​ឧសភា​នេះ លោក​អភិបាលខេត្ត​ពោធិ៍សាត់​បា​ន​បញ្ជាក់ថា គម្រោង​ទាំង​ពីរ​នេះ គឺ​មួយ​ជា​វា​រី​អគ្គិសនី​គ្រោង​សាងសង់​នៅ​ស្ទឹង​ពោធិ៍សាត់​មាន​អានុភាព​៨០​មេហ្គា​វ៉ាត់ និង​មួយទៀត កន្លែង​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នៅ​ស្រុក​ក្រគរ​មាន​អានុភាព​៦០​មេហ្គា​វ៉ាត់​។​

​លោក ម៉ៅ ធនិន បាន​អះអាង​ថា ការស្ថាបនា​បន្ថែម​នូវ​កន្លែង​ផលិត​ថាមពល​អគ្គិសនី​នេះ មិនមែន​សម្រាប់​ប្រើប្រាស់​តែ​នៅក្នុង​ភូមិសាស្ដ្រ​ខេត្តពោធិ៍សាត់​នោះទេ ពោល​ប្រាកដជា​អាច​ចែកចាយ និង​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​តែម្ដង​។​

​គួរ​ជម្រាប​ថា កាលពី​ឆ្នាំ​២០១៩​កន្លងទៅ រាជរដ្ឋាភិបាល​សម្រេច​ឲ្យមាន​ការសាងសង់ កន្លែង​ផលិត​ថាមពល​អគ្គិសនី​ថ្មី រួមមាន ទី​១៖ វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ស្ថិតនៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ទី​២៖ ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ផលិត​ថាមពល​បាន​៦០​មេហ្គា​វ៉ាត់​៕

ព័ត៌មានផ្សេងទៀត