លោក​ហ៊ុន សែន​​អនុញ្ញាត​ឲ្យ​កីឡា​មួយ​ចំនួន​​ចាប់ផ្ដើម​កា​រប្រ​កួតឡើង​វិញ​

21-05-2020 4:56 pm 246
រូបភាព​​លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន

​តាមរយៈ​សារ​ជា​សំឡេង​នៅ​ព្រឹក​ថ្ងៃទី​២១​ឧសភា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន​បានឲ្យដឹងថា ប្រភេទ​កីឡា​មួយចំនួន​ដែល​បាន​ផ្អាក​សកម្មភាព ទាំង​ការហ្វឹកហាត់​ទាំ​ការប្រកួត​អស់​រយៈពេល​ជាង​២​ខែ​កន្លងមក ពេលនេះ​អាច​ចាប់ផ្ដើម​សកម្មភាព​ឡើងវិញ​បាន​ហើយ​។ ប៉ុន្ដែ​ការប្រកួត​អាច​ធ្វើឡើង​ដោយ​បិទទ្វារ ពោលគឺ​មិន​ឲ្យមាន​អ្នកចូល​ទស្ស​នាឡើយ​។ ការផ្អាក​សកម្មភាព​កីឡា គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឹ​កូវី​ដ​-១៩​។​

​តាមរយៈ​សារ​ជា​សំឡេង​ដដែល​នោះ​លោក​នាយករដ្ឋមន្ដ្រី​បានឲ្យដឹងថា លោក​ម៉ម ប៊ុនហេង​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល លោក​ថោង ខុន​រដ្ឋមន្ដ្រីក្រសួង​ទេសចរណ៍ និង​លោក​ហង់ ជូន​ណារ៉ុន​រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន​និង​កីឡា គប្បី​ពិភាក្សាគ្នា​ដើម្បី​បើក​ឲ្យមាន​ការប្រកួត​កីឡា​មួយចំនួន​ឡើងវិញ​។ ទាក់ទង​នឹង​វិស័យ​កីឡា​គឺ​បានអនុញ្ញាត​ឲ្យតែ​កីឡា​ប្រដាល់​ប៉ុណ្ណោះ​ធ្វើ​ការប្រកួត​ដោយ​បិទទ្វារ ឯ​កីឡា​ដទៃទៀត​គឺ​ត្រូវ​ស្ងាប់​ស្ងាត់​។  ប៉ុន្ដែ​ពេលនេះ​គួរ​ចាប់ផ្ដើម​ឲ្យមាន​សកម្មភាព​កីឡា​គ្រប់​ប្រភេទ​គ្រប់​ទម្រង់ ទាំង​បាល់ទាត់ បាល់ទះ បាល់បោះ និង​ប្រភេទ​កីឡា​ទៃទៀត ប៉ុន្ដែ​បើសិនជា​មាន​ការប្រកួត​ត្រូវ​ប្រកួត​បិទទ្វារ​។​

​លោក​នាយករដ្ឋមន្ដ្រី​ក៏​ជំរុញ​ឲ្យ​ក្លឹប​ជា​អ្នកទទួលខុសត្រូវ​កន្លែង​ប្រកួត​កីឡា​នីមួយៗ ត្រូវមាន​វិធានការ​តឹងរ៉ឹង​និង​ម៉ឺងម៉ាត់​បំផុត​លើ​ការត្រួតពិនិត្យ​កម្ដៅ និង​ការត្រួតពិនិត្យ​ផ្សេងៗ​ទៀត​មុន​ឲ្យចូល​ទៅ​ប្រកួត​។ ដោយឡែក​ចំពោះ​ក្លឹប​ហាត់ប្រាណ​ដែលមាន​មនុស្ស​ទៅ​ប្រមូលផ្ដុំ​កកកុញ​ហាត់ប្រាណ មិនទាន់​អាច​បើក​វិញ​បានទេ ហើយ​ក្លឹប​កម្សាន្ដ កន្លែង​ម៉ាស្សា ខារ៉ាអូខេ ក៏​មិនទាន់​អនុញ្ញាតឲ្យ​បើក​ឡើងវិញ​ដែរ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត