លោក​ត្រាំ​បន្ទោស​ចិន​ជា​អ្នក​ធ្វើឲ្យ​មនុស្ស​ស្លាប់​រង្គាល​ទូទាំង​ពិភពលោក​

21-05-2020 4:28 pm 614

ជាថ្មី​ម្តងទៀត​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ស្តីបន្ទោស​ចិន​ទាំង​ព្រឹក​ថា ជា​អ្នក​ធ្វើឲ្យ​មនុស្ស​ស្លាប់​រង្គាល​ទូទាំង​ពិភពលោក​។ តាមរយៈ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម tweeter​កាលពី​ថ្ងៃ​ពុធ ដែល​ហាក់​ចាត់ទុក​ចិន​ជា​ឃាតកសម្លាប់​មនុស្ស​នេះ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​ថា​«​វា​ជាការ​អសមត្ថភាព​របស់​ចិន ដូច្នេះហើយ​ទើបបានជា​ធ្វើឲ្យមាន​ការសម្លាប់​រង្គាល​ទូទាំង​ពិភពលោក​បែបនេះ​»​។​

​លោក​ត្រាំ​ធ្លាប់បាន​ចោទប្រកាន់​ចិន​ជាច្រើន​ករណី ពាក់ព័ន្ធ​នឹង​វីរុស​រាតត្បាត​កូរ៉ូណា​។ នៅក្នុង​នោះ​មានការ​ចោទថា ចិន​លាក់បាំង​ពី​ភាពគ្រោះថ្នាក់​នៃ​វីរុស​កូរ៉ូណា ពន្យា​ពេល​ជូនដំណឹង​ឲ្យ​ពិភពលោក​បានដឹង​ពី​ភាពកាចសាហាវ​របស់​វីរុស មុនពេល​រាតត្បាត​ជា​សកល​។ បើ​ពិភពលោក​បានដឹង​ពី​ភាពកាចសាហាវ​របស់​វីរុស ម្ល៉េះ​គេ​អាច​ទប់ស្កាត់ មិន​បណ្តោយឲ្យ​វីរុ​សបន្ត​សម្លាប់​មនុស្ស​ច្រើន​រហូតដល់​ពេលនេះ​ទេ​។ ក្រោយមក​ប្រមុខ​ការទូត​អាមេរិក​អះអាងថា​មាន​ភ័ស្តុតាង​បញ្ជាក់ថា វីរុស​នេះ​មាន​ប្រភព​ចេញ​មកពី មន្ទីរពិសោធន៍​នៅក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​។  

​យ៉ាងណាក៏ដោយ រាល់​ការចោទប្រកាន់​ទាំងឡាយ​មកលើ​ចិន តែងតែ​ត្រូវ​ចិន​បដិសេធ និង​ថា​អាមេរិក​ដើរ​និយាយ​បង្ខូចឈ្មោះ​ចិន​។ បន្ថែម​លើ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Zhao Lijian បាន​វាយបក​ទៅ​អាមេរិក​វិញ ដោយ​លើកឡើងថា វីរុស​កូរ៉ូណា​ត្រូវបាន​នាំ​មកកាន់​ប្រទេ​សចិន ដោយ​យោធា​អាមេរិក​។ កំហឹង​អាមេរិក​បាន​ឆេះឆួល​កាន់តែខ្លាំង រហូត​រាលដាល​ដល់​អង្គការ​សុខភា​ពពិភពលោក ថា​អង្គការ​អន្តរជាតិ​មួយ​នេះ បាន​រួមគំនិត​ជាមួយ​ចិន បិទបាំង​ពី​ភាពគ្រោះថ្នាក់​នៃ​វីរុស​កូរ៉ូណា តែ​អង្គការ​សុខភាព​ពិភពលោក​ប្រកែក​។​

​យោងទៅតាម​ការចុះផ្សាយ​ដោយ​គេហៈទំព័រ​Worldometer នៅ​រសៀល​ថ្ងៃទី​២១​ខែ​ឧសភា វីរុស​កូរ៉ូណា​បានសម្លាប់​មនុស្សជាង​៣២​ម៉ឺន​នាក់ និង​ឆ្លង​ជាង​៥​លាន​នាក់​ទូទាំង​ពិភពលោក ខណៈ​ករណី​ព្យាបាល​ជា​ស្បើយ​បាន​កើនឡើង​ដល់​ជាង​២​លាន​នាក់​។ ក្នុងចំណោម​ប្រទេស​និង​ដែនដី​ជាង​២០០ ដែល​វីរុស​កូរ៉ូណា​រាតត្បាត​ទៅដល់ គឺ​អាមេរិក​ជា​ប្រទេស​ទីមួយ ដែលមាន​ករណី​ឆ្លង​និង​ស្លាប់​ច្រើនជាងគេ​បំផុត​៕ ​ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត