ចំពោះបងប្អូនប្រជាពលរដ្ឋ ពលករ ពលការិនី សិស្ស និស្សិតកម្ពុជា ដែលកំពុងតែស្នាក់នៅ សិក្សា និងធ្វើការ នៅប្រទេសម៉ាឡេស៊ី ប្រសិនបើមានបំណងវិលត្រឡប់មកកម្ពុជាវិញ ត្រូវតែអនុវត្តទៅតាមការណែនាំរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីជាមុនសិន ដោយការអនុវត្តនេះគឺអនុលោមទៅតាមសេចក្តីប្រកាសរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងគូឡាឡាំពួរបានបញ្ជាក់ថា គ្រប់អ្នកដំណើរទាំងអស់ដែលចូលមកកម្ពុជា គឺតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព បញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ចេញដោយអាជ្ញាធរសុខាភិបាលដែលទទួលស្គាល់ដោយរដ្ឋាភិបាលម៉ាឡេស៊ីក្នុងរយៈពេល ៧២ម៉ោង។មួយវិញទៀត អ្នកដំណើរទាំងអស់ទាំងជនជាតិខ្មែរនិងជនបរទេសដែលចូលមកប្រទេសកម្ពុជា ត្រូវបញ្ចូនទៅមណ្ឌលរង់ចាំដើម្បីធ្វើតេស្តបញ្ជាក់រកជំងឺកូវីដ-១៩ និងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
ក្នុងករណីមានអ្នកដំណើរណាម្នាក់ឬច្រើននាក់ ដែលត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ អ្នករួមដំណើរជាមួយទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំងកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ម្យ៉ាងទៀតប្រសិនបើអ្នកដំណើរទាំងអស់ត្រូវបានរកឃើញអវិជ្ជមាន នោះពួកគេនឹងត្រូវអនុញ្ញាតឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីសុខាភិបាល ដោយតម្រូវឲ្យធ្វើតេស្តម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។
ដោយឡែកចំពោះប្រជាពលរដ្ឋកម្ពុជាទាំង១៤៣នាក់ ដែលបានខកខានការធ្វើដំណើរកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០កន្លងទៅ ហើយពុំទាន់បានផ្តល់ព័ត៌មានរបស់ខ្លួនមកស្ថានទូត សូមប្រញ៉ាប់ទាក់ទងមកស្ថានទូត ព្រោះថាស្ថានទូតបាននិងកំពុងសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដើម្បីឲ្យបងប្អូនអាចធ្វើដំណើរត្រឡប់ទៅប្រទសកម្ពុជាវិញបានឆាប់ ហើយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីនឹងជូនដំណឹងមកស្ថានទូតអំពីកាលបរិច្ឆេទហោះហើរនាពេលខាងមុខ៕
ដោយ៖ថា ចាន់ធី