អាមេរិក​ផ្ដល់​ជំនួយឥតសំណង​ជាង​៧​លាន​ដុល្លារ​ដល់​កម្ពុជា​

21-05-2020 3:02 pm 214

​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៧,៥​លាន​ដុល្លារ​អាមេរិក​។ ក្នុង​នោះ​ក្នុង​ថវិកា​ចំនួន​៥​លាន​ដុល្លារ​អាមេរិក សម្រាប់​ស្ដារ​សម្បទា​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ​បន្ទាប់​ពី​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ និង​ថវិកា​ចំនួន ២,៥​លាន​ដុល្លារ​អាមេរិក​ទៀត ជា​ហិរញ្ញាប្បទាន​បន្ថែមស​ម្រាប់ការ​ឆ្លើយតបនឹង​ការការពារ​សុខុមាលភាព​ប្រឆាំងនឹ​ង​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​។ នេះ​បើ​យោង​ទៅ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​។​

​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បានឲ្យដឹងថា លោក​Patrick Murphy ឯកអគ្គ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា បាន​ជម្រាបជូន​ដែរ​ថា ចំពោះ​ការប្រើប្រាស់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ ក្នុង​រយៈពេល​ខ្លី​នឹងត្រូវ​ប្រើប្រាស់​ក្នុង​ការជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​រង​ការប៉ះពាល់​ខ្លាំង​ពី​ការ​រាលត្បាត​ជំងឺ​កូវី​ដ​-១៩​។ ដោយឡែក​ក្នុង​រយៈពេល​មធ្យម​នឹង​ជួយ​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​ការងារ​ឡើងវិញ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​វិស័យ​ឯកជន​។​

​យ៉ាងណាមិញ​លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ជា​បន្តបន្ទាប់​នូវ​កញ្ចប់​វិធានការ ដើម្បី​រក្សា​លំនឹង​សកម្មភាព​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ជួយ​សម្រាល​ដល់​ជីវភាព​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​។ លើសពី​នេះ​រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​អន្តរាគមន៍​ចំនួន​០៣​ជុំ ដើម្បី​ជួយ​ស្រោចស្រង់​វិស័យ​ឯកជន​ជា​ពិសេស​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​ទេសចរណ៍ អាកាសចរណ៍ និង​កាត់ដេរ​វាយនភ័ណ្ឌ និង​ដើម្បី​រក្សា​លំនឹង​ជីវភាព​រស់នៅ​របស់​ក​ម្មករ​-​និយោជិត​ដែល​បម្រើការ​ក្នុង​វិស័យ​ទាំងនេះ​។​

​លើសពីនេះទៅទៀត​ភាគី​ទាំងពីរ​បាន​គូសបញ្ជាក់ថា ឆ្នាំ​២០២០​នេះ​ជា​ខួប​លើក​ទី​៧០​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​(​កម្ពុជា និង​អាមេរិក​) ដោយ​ភាគី​ទាំង​ពីរ​សន្យា​នឹង​ខិតខំ​បន្ដ​ថែរក្សា​ចំណងមិត្តភាព ក៏​ដូច​ជា​បន្ត​ពូន​ជ្រុំ​មូលដ្ឋានគ្រឹះ​នៃ​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ជ្រាលជ្រៅ​ដ​ថែមទៀត​៕

​ដោយ​៖​យឺន សីហា​

ព័ត៌មានផ្សេងទៀត