រាជអាជ្ញា​កំពូល​ជប៉ុន​គ្រោង​លាលែង​ពី​តំណែង ក្រោយ​លេងល្បែង​ខុសច្បាប់​

21-05-2020 2:58 pm 117
​លោក​Hiromu Kurokawa​ព្រះរាជអាជ្ញា​កំពូល​របស់​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន

​លោក​Hiromu Kurokawa​ព្រះរាជអាជ្ញា​កំពូល​របស់​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន គ្រោង​លាលែង​ពី​មុខតំណែង បន្ទាប់ពី​មាន​សេចក្តី​ការណ៍​ថា លោក​បាន​លួចលាក់​លេង​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​។  លោក Kurokawa បាន​រង​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​មាន​ការចុះផ្សាយ​ថា លោក​បាន​លេង​ល្បែងស៊ីសង ដែល​បាន​រំលោភបំពាន​លើ​ច្បាប់ រក្សា​គម្លាត​សុវត្ថិភាព អំឡុងពេល​ប្រទេស​នេះ​កំពុងស្ថិត នៅក្នុង​ភាពអាសន្ន​នៅឡើយ​។ ស្ថានភាព​អាសន្ន ដែល​រដ្ឋាភិបាល​បានដាក់​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។​

​រឿងអាស្រូវ​លេង​ល្បែងស៊ីសង​របស់លោក​Hiromu Kurokawa បាន​ធ្វើឲ្យមាន​ការរិះគ​ន់​លើ​ហ្ស៊ី​ន ហ្សូ​អាបេ​នាយករដ្ឋមន្ត្រីជ​ប៉ុន​ផងដែរ ព្រោះតែ​លោក​ទាំងពីរ​នាក់ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​។ នៅ​ក្នុងនោះ រដ្ឋាភិបាល​លោក​អាបេ ខិតខំ​ប្រឹងប្រែង​ក្នុង​ការកែប្រែ​ច្បាប់ ពន្យារ​អាយុ​ចូលនិវត្តន៍​របស់​ព្រះរាជអាជ្ញា​ពី​៦៣ ឆ្នាំទៅ ៦៥ ឆ្នាំ​។ ការកែប្រែ​ច្បាប់​នេះ នាំឲ្យ​សមាជិកសភាមក​ពី​គណបក្សប្រឆាំង និង​មជ្ឈដ្ឋាន​ខ្លះ​លើកឡើងថា ធ្វើឡើង​ក្នុង​បំណង​ការពា​រលោក Kurokawa ឲ្យបាន​នៅ​កាន់តំណែង​បន្តទៀត​។ ជាក់ស្តែង​លោក Hiromu Kurokawa បច្ចុប្បន្ន​មាន​វ័យ​៦៣​ឆ្នាំ ដែល​តាមពិតទៅ​ត្រូវ​ដល់ពេល​ចូលនិវត្តន៍​ទៅហើយ ប៉ុន្តែ​ត្រូវ​បាន​អនុញ្ញាតឲ្យ​កាន់​មុខតំណែង​ទៀត ដោយ​ស្របទៅនឹង​ការខិតខំ​របស់​រដ្ឋាភិបាល ក្នុង​ការកែប្រែ​ច្បាប់​ពន្យារ​អាយុ​ចូលនិវត្តន៍​របស់​ព្រះរាជអាជ្ញា​៕ ដោយ​៖​អ៊ុន សុខ​ឡា 

 ពាក្យគន្លឹះ  ជប៉ុនរាជអាជ្ញា

ព័ត៌មានផ្សេងទៀត