ព្យុះ​ស៊ីក្លូន​វាយប្រហារ​ប្រទេស​ឥណ្ឌា​និង​បង់​ក្លា​ដែស​សម្លាប់​មនុស្ស​១៤​នាក់​

21-05-2020 12:03 pm 211

​ព្យុះ​ស៊ីក្លូន Amphan​បាន​បោកបក់​ចេញពី​ឆកសមុទ្រ​បេង​ហ្គាល់ ជាមួយនឹង​ខ្យល់​បក់​ខ្លាំង​រហូតដល់ ១៨៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង វាយប្រហារ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​និង​បង់​ក្លា​ដែស​នៅ​ថ្ងៃ​ពុធ​។ ឥទ្ធិពល​ព្យុះកំ​ណា​ចនេះ បាន​នាំមក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ជា​ទឹកជំនន់​និង​ការបា​ក់ដី​ផងដែរ​។ ​ព្យុះ​ស៊ីក្លូន Amphan​ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៤ នាក់​និង​បំផ្លាញ​ផ្ទះសម្បែង​រាប់ពាន់​ខ្នង​។ គ្រោះធម្មជាតិ​នេះ​បាន​ទម្លាក់​បន្ទុក​លើ​អាជ្ញាធរ ដែល​កំពុង​តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ឲ្យ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត នៅក្នុង​ការ​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​។ 

​នៅ​ឥណ្ឌា​គឺ​រដ្ឋ​West Bengal​បាន​រងគ្រោះ​ខ្លាំងជាងគេ ដោយមាន​មនុស្ស​១០​នាក់​ស្លាប់ ហើយ​ស្រុក​ចំនួន ២ ត្រូវបាន​បំផ្លាញ​ទាំងស្រុង ដោយ​ព្យុះ​មួយ​ក្នុងចំណោម​ព្យុះ​ខ្លាំង​បំផុត ដែល​បាន​វាយប្រហារ​តំបន់​នេះ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​។ នៅ​ទីក្រុង​Kolkata នៃ​រដ្ឋ West Bengal មាន​ខ្យល់​បក់បោក​ខ្លាំង​បណ្តាលឲ្យ​រថយន្ត ដើមឈើ​និង​បង្គោល​ភ្លើង ប៉ើង​និង​ដួលរលំ ហើយ​ធ្វើឲ្យ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​បាន​ធ្លាក់ចូល​ក្នុង​ភាព​ងងឹត​។ មនុស្ស​៥០​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​គ្រោះថ្នាក់ ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។ អ្នកគ្រប់គ្រង​រដ្ឋ​West Bengal​ថ្លែងថា រដ្ឋ​កំពុង​ប្រឈម​នឹង​ការខូចខាត​និង​ការបំផ្លិចបំផ្លាញ​ខ្លាំង​ជាង​វីរុស​កូវី​ដ -១៩ ដែល​សម្លាប់​ប្រជាជន​នៅក្នុង​រដ្ឋ​នេះ​ចំនួន​២៥០​នាក់​។​

​ដោយឡែក នៅក្នុង​ប្រទេស​បង់​ក្លា​ដែស​វិញ ប្រភពពី​មន្ត្រី​ឲ្យដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស ៤ នាក់​ត្រូវ​បានសម្លាប់ និង​ចរន្តអគ្គិសនី​ត្រូវបាន​កាត់ផ្តាច់​នៅតាម​ស្រុក​មួយចំនួន​។ ផលដំណាំ​អាច​រង​ការខូចខាត​ផងដែរ ខណៈ​មាន​ការបារម្ភ​ថា ដី​មាន​ជីជាតិ​នៅ​ក្នុងប្រទេស ដែលមាន​ប្រជាជន​យ៉ាង​ក្រាស់ក្រែល​នោះ ត្រូវ​ទឹក​នាំយកទៅ​អស់​។ មន្ត្រី​ក្នុង​តំបន់​លោក Rezaul Karim  និយាយថា​ទឹកបាន​ជន់​ឡើង​នៅលើ​ទំនប់​ព័ទ្ធជុំវិញ​កោះ​មួយ ក្នុង​សង្កាត់ Noakhali​ប្រទេស​បង់​ក្លា​ដែស ដោយបាន​បំផ្លាញ​ផ្ទះ​ជាង ៥០០ ខ្នង​។ 

​សូម​ជម្រាបជូន​ថា ព្យុះ​ស៊ីក្លូន​តែងតែ​វាយប្រហារ​ផ្ទួនៗ លើ​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌា​និង​បង់​ក្លា​ដែស នៅ​ចន្លោះ​ខែមេសា​និង​ធ្នូ​។ ជារឿយៗ​ខ្យល់ព្យុះ​បាន​បង្ខំ​ឲ្យមាន​ការជម្លៀស​មនុស្ស​រាប់ម៉ឺន​នាក់ និង​បង្ក​ការខូចខាត​ជាច្រើន​កន្លែង​៕

ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត