ផ្លូវជាតិ​លេខ​៣​នឹង​សម្រេច​ការសាងសង់​នៅ​ចុងឆ្នាំ​២០២០​នេះហើយ​

21-05-2020 12:01 pm 896
ផ្លូវជាតិលេខ៣

​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ​គុណភាព​នៃ​ការសាងសង់​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៣ ពី​ចោមចៅ​ទៅ​ក្រុង​កំពត ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន ត្រួតពិនិត្យ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​គួរ​ជម្រាប​ថា គម្រោង​ពង្រីក​និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត ដែល​មាន​ប្រវែង សរុប​១៣៤,៨២៦ គីឡូម៉ែត្រ​នេះ ត្រូវបាន​ចែក​ជា​ពីរ​ដំណាក់កាល​៖ ដំណាក់កាល​ទី​១​ពី​ចោមចៅ (​ភ្នំពេញ​) ទៅ​បែក​គុស ប្រវែង​៦៩,៩០ គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូត​ដល់ ២៤,៥​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ​(AC) កម្រាស់​៩​សង់ទីម៉ែត្រ ចែកចេញ​ជា​៤​គន្លង (២​គន្លង​ទៅ​២​គន្លង​មក​)​។ ដំណាក់កាល​ទី​២ ពី​បែកគុស​ទៅក្រុង​កំពត​ប្រវែង​៦៤,៩២៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​AC​កម្រាស់​៧​សង់ទីម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូត​ដល់​១២ ម៉ែត្រ ចែកជា​២​គន្លង​។​

​គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ២១៩,៩១១ លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Corporation) ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​សំណង់ ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ។​

​សូមបញ្ជាក់​ថា​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣​នេះ​មាន​រយៈពេល​៤៨​ខែ តាម​គម្រោង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២ ប៉ុន្តែ​ដោយសារ​វឌ្ឍនភាព​នៃ​ការសាងសង់​បាន​ដំណើរការ​ដោយ​ភាពរលូន ការសាងសង់​អាច​នឹង​ត្រូវ​បញ្ចប់​មុន​គម្រោង​រយៈពេល​៩​ខែ ពោល​គឺ​នៅ​ចុងឆ្នាំ​២០២១​ខាងមុខនេះ បើ​គិត​រហូត​មក​ទល់​ពេល​នេះ​ការសាងសង់​សម្រេចបាន​៧៤%​ហើយ​៕ 

​ដោយ​៖​យឺន សីហា​

ព័ត៌មានផ្សេងទៀត