ចាប់ពីឆ្នាំ២០១៩ដល់ពាក់កណ្តាលឆ្នាំ២០២០នេះ អង្គការជីវិតសត្វស្លាបអន្តរជាតិ (Bird Life Internatioanal)បានរកឃើញសំបុកសត្វត្រយ៉ងចង្កំកសជិតផុតពូជបំផុតចំនួន១០សំបុកនៅដែនជម្រកសត្វព្រៃលំផាត់ ដោយក្នុងនោះសំបុកចំនួន៦បានជោគជ័យជាមួយនឹងកូនចំនួន១២ក្បាល។នេះបើតាមការបញ្ជាក់នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
អង្គការជីវិតសត្វស្លាបអន្តរជាតិបានបញ្ជាក់បន្ថែមថា ចំនួន៥០ភាគរយនៃសំបុកទាំងនេះគឺត្រូវបានរកឃើញនៅក្រៅដែនជម្រកសត្វព្រៃលំផាត់ ពិសេសនៅតំបន់ស្រែអង្គ្រងនិងស្រែជ្រៃ ហើយប្រៀបធៀបលទ្ធផលរយ:ពេល៥ឆ្នាំចុងក្រោយលទ្ធផលនៃសំបុកដែលបានរកឃើញនេះមានការថយចុះ។ថយចុះដោយសារតែការបាត់បង់ទីជម្រក ការរំខានរបស់មនុស្ស និងការបរបាញ់ដែលសុទ្ធសឹងតែជាកត្តារំខាន បណ្តាលឱ្យសំបុកទាំងនោះបរាជ័យ។
ដោយសារតែមើលឃើញពីការថយចុះបែបនេះហើយទើបអង្គការជីវិតសត្វស្លាបអន្តរជាតិបានប្តេជ្ញានឹងខិតខំប្រឹងប្រែងបន្តទៀតក្នុងការការពារសំបុកពងកូននៃសត្វជិតផុតពូជនេះតាមរយ:គាំទ្រដល់ឧទ្យានុរក្សក្នុងការល្បាត ការអនុវត្តច្បាប់ និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងកិច្ចការពារ និងតាមដានសំបុកសត្វទាំងនេះ តាមរយ:គម្រោងសាកល្បងបង្កើនជីវភាពស្រូវមិត្តសត្វព្រៃ៕
ដោយ៖ថា ចាន់ធី