គណៈ​សង្ឃនាយក​ប្រតិកម្ម​នឹង​លោក​ខាន់ សុវណ្ណ ថា​មាន​គំនិត​លាមក​

21-05-2020 10:20 am 531

​គណៈសង្ឃ​នាយក​នៅ​ថ្ងៃ​ទី​២០​ខែ​ឧសភា​នេះ បានចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ប្រតិកម្ម​យ៉ាងខ្លាំង និង​មិន​អាច​ទទួលយកបាន​ចំពោះ​ការលើកឡើង​របស់​លោក ខាន់ សុវណ្ណ ដែល​ចង់ឲ្យ​មាន​ការផ្សឹក​ព្រះសង្ឃ​ដែល​មាន​ព្រះជន្ម​ក្រោម​៥៦​វស្សា ដើម្បី​យក​កម្លាំង​ពលកម្ម​ទៅ​បម្រើ​វិស័យ​សំណង់​កំពុង​ខ្វះខាត​។ គណៈ​សង្ឃនាយក បានចាត់ទុក​ការលើកឡើង​នេះ ជា​គំនិត​ខ្វះ​វិចារណញ្ញាណ​។ 

​លោក​ខាន់ សុវណ្ណ អ្នកគ្រប់គ្រង​ហ្វេ​សប៊ុក​ផេ​ក​Khmer Mjas Srok កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា បានសរសេរថា «​កម្ពុជា​កំពុង​ខ្វះខាត​កម្លាំង ពលកម្ម​ក្នុង​វិស័យ​សំណង់ និង​ត្រូវការ​កម្មករ ជំនាញ និង​គ្មាន​ជំនាញ​ជា​ច្រើន​ម៉ឺន​នាក់​ដើម្បី​បង្គ្រប់​ទីផ្សារ​។​១៖ ចាត់ការ​ផ្សឹក​លោកសង្ឃ​ដែល​កំពុង​ពេញកម្លាំង​ក្រោម អាយុ​៥៦​ឆ្នាំ​ចោល​ឲ្យអស់​។ ២៖ ចាត់ការ​តម្លើង​ប្រាក់​ឈ្នួល​របស់​កម្មករ​សំណង់​នោះ​ឲ្យបាន​ស្មើ​តម្លៃ​ពលកម្ម​របស់​ប្រទេស​ថៃ​។ តើ​អាច​ទៅរួច​ដែរ​ទេ​?»

​សំណេរ និង​ការលើកឡើង​នេះ ត្រូវបាន​គណៈ​សង្ឃនាយក បដិសេធ​យ៉ាង​ដាច់អហង្ការ ហើយ​ពុំ​អាច​ទទួលយក​បាន​ជាដាច់ខាត​។​

​ក្នុង​សេចក្តីថ្លែងការណ៍​នេះ គណៈសង្ឃ​នាយក​យល់ឃើញ​ថា គំនិត​យោបល់​របស់​លោក ខាន់ សុវណ្ណ បាន​បង្កប់​នូវ​អត្ថន័យ​ខ្លឹមសារ និង​ការឆ្លុះបញ្ចាំង​ពី​ភាព​អសីលធម៌ គំនិត​លាមក និង​ភាព​យង់ឃ្នង​សាហាវ​ឃោរឃៅ​ព្រៃផ្សៃ​បំផុត​។ ជា​ការប្រមាថ​មាក់ងាយ​មកលើ​ព្រះសង្ឃ​ពុទ្ធ​សាសនា​គ្រប់​លំដាប់ថ្នាក់​ទូទាំងប្រទេស​។ ជាការ​បង្វែរ​គំនិត​មហាជន​ឲ្យ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ ល្វីង​ជូរចត់​(​បី​ឆ្នាំ​ប្រាំបី​ខែម្ដែ​ថ្ងៃ​) ជា​របប ខ្មៅ​ងងឹត​ទមិឡ​ឥត​សាសនា​ដែល​ពិភពលោក និង​មនុស្សជាតិ​ស្អប់ខ្ពើម​ជាទីបំផុត​។ ជា​ការរំលោភ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ត្រង់​មាត្រា​៥១៦ ពី​បទ​ប្រមាថ​កាត់​តឿន​ចំពោះ​ព្រះសង្ឃ និង​ជា​ការប៉ះពាល់​ស្មារតី​មាត្រា​៤៣ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែងថា ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ដែល​រដ្ឋ មាន​កាតព្វកិច្ច​ការពា​រ​មិន​ឱ្យ​បុគ្គល​ណា​រំលោភ​បំពាន​បានឡើយ​។

​គណៈ​សង្ឃនាយក ក៏​បាន​ចាត់ទុក​ការលើកឡើង​របស់​លោក​ខាន់ សុវណ្ណ ជា​ការរំលោភ​សិទ្ធិមនុស្ស​ជា​សកល​ដែល​ចែង​អំពី​សិទ្ធិ​ជំនឿ និង​ការរស់រានមានជីវិត​ប្រកប ដោយ​សេចក្ដីថ្លៃថ្នូរ​ក្នុង​ភេទ​ជា​បព្វជិត​ក្ដី និង​ជីវភាព​ជា​គ្រហស្ថ​ក្ដី​។ ជា​គំនិត​ខ្វះ​ការគិតគូរ​វែងឆ្ងាយ ខ្វះ​ពិសោធន៍ ខ្វះ​ចំណេះដឹង​ប្រវត្តិសាស្ត្រ គ្មាន​សុចរិត​ភាព គ្មាន ភាពយុត្តិធម៌ និង​គ្មាន​សេចក្ដីថ្លៃថ្នូរ​ក្នុង​ការប្រើប្រាស់​សំណេរ និង​ការបញ្ចេញមតិ និង​បង្កើត​នូវ​ភាពឈឺចាប់ និង​ការ​ចងកម្ម​ពៀរ​វេរា​ដល់​យុវ​សង្ឃ និង​ពុទ្ធបរិស័ទ​។​

​គណៈ​សង្ឃនាយក បាន​បន្ថែម​ក្នុង​សេចក្តីថ្លែងការណ៍​បន្តថា ទោះបីជា​ក្នុង​បច្ចុប្បន្នកាល​ក៏ដូចជា​ក្នុង​អតីតកាល ភាព​ខុសឆ្គង​របស់​អ្នកបួស​មួយចំនួន​តូច​ពិតជា​មាន​ខ្លះ ប៉ុន្តែ​ពុំ​មែន​ទាំងអស់​នោះ​ឡើយ​។ ផ្ទុយទៅវិញ គណៈសង្ឃ​នាយក​កម្ពុជា​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការចាត់វិធានការ ដោះស្រាយ​ប្រកបដោយ​តម្លាភាព​មិន​ឲ្យ​បុគ្គល​ប្រព្រឹត្ត​ខុស​វិន័យ​បន្ត​ភាព​ជា​សង្ឃ​តទៅទៀត​នោះ​ទេ​៕

ព័ត៌មានផ្សេងទៀត