សេចក្ដីព្រាងច្បាប់​“​គ្រប់គ្រង​ទឹក​កខ្វក់​និង​ប្រព័ន្ធ​លូ​បង្ហូរ​”​កំពុង​ស្ថិត​ក្រោម​ការពិភាក្សា​

21-05-2020 10:17 am 122

​លោក​ប៉ាល់ ចន្ទ​តារា រដ្ឋលេខាធិការ​និង​ជា​ប្រធាន​ក្រុមការងារ​តំណាង​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន​ចាន់ ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ជំនួយការ​រៀបចំសេចក្តី​ព្រាង​ច្បាប់ (Ad-hoc) និង​ក្រុម​ជំនួយការ​លេខាធិកា​ររ​បស់​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់​និង​ប្រព័ន្ធ​លូ​បង្ហូរ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់​ក្រសួង​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​ផ្ដោតជាសំខាន់​លើ​ការប្រកាស​សុពលភាព​សេចក្តីសម្រេច​លេខ​០២៧ សសរ​.​សក បង្កើត​ក្រុមការងារ​អន្តរក្រសួង និង​ប្រកាស​លេខ​១៧៤ ប្រក​.​សក ស្តីពី​ការបង្កើត​ក្រុម​ជំនួយការ​រៀបចំសេចក្តី​ព្រាង​ច្បាប់​Ad-hoc ដើម្បី​ពិភាក្សា​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់​និង​ប្រព័ន្ឋ​លូ​បង្ហូរ ពិភាក្សា​និង​ផ្ដល់​យោបល់​លើ​សាវតា​នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់​និង​ប្រព័ន្ឋ​លូ  ក៏ដូចជា​ពិភាក្សា​និង​ផ្ដល់​យោបល់​លើ​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់​និង​ប្រព័ន្ឋ​លូ​។​

​លោក​រដ្ឋលេខាធិកា​របា​ន​លើកឡើង​អំពី​លទ្ធផល​ការងារ​សំខាន់ៗ​សម្រេចបាន ដែល​ក្នុងនោះ​រួមមាន​៖ សេចក្តីសម្រេច​ស្ដីពី​ការបង្កើត​ក្រុម​ការងារ​អន្តរក្រសួង ដើម្បី​ពិនិត្យ​ពិភាក្សា​និង​ផ្ដល់​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ អនុក្រឹត្យ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​និង​ដឹកនាំ​ការងារ​គ្រប់គ្រង​ទឹក​កខ្វក់​នៅ​កម្ពុជា​។​

​ជាមួយគ្នា​លោក​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ការតាក់តែង​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ទឹក​កខ្វក់ និង​ប្រព័ន្ធ​លូ​បង្ហូរ ដែល​នឹង​ជួយ​ធ្វើឱ្យ​ប្រសើរ​ឡើង​ដល់​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ធានាបាន​នូវ​សុវត្ថិភាព​សុខភាព​សាធារណៈ​និង​ការអភិរក្ស​ជីវចម្រុះ នៅ​ពេល​សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​អនុម័ត​នាពេលខាងមុខ​។​

​គួរកត់សម្គាល់​ថា ដោយ​មើលឃើញ​អំពី​តម្រូវការ​កើនឡើង​ក្នុង​ការលើកកម្ពស់​អនាម័យ ការគ្រប់គ្រង និង​សម្អាត​ទឹក​កខ្វក់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​នឹង​កំពុង​សិក្សា​និង​អនុវត្ត​គម្រោង​ផ្សេងៗ​ដែល​ទាក់ទង​នឹង​វិស័យ​ទឹក​កខ្វក់ ដើម្បី​លើកកម្ពស់​សុខុមាលភាព​និង​អនាម័យ​របស់​ប្រជាពលរដ្ឋ​៕
​ដោយ​៖​យឺន សីហា​

ព័ត៌មានផ្សេងទៀត