អាមេរិក​លក់​គ្រាប់​បាញ់​នាវា​ឲ្យ​តៃវ៉ាន់​តម្លៃ​១៨០​លាន​ដុល្លារ​

21-05-2020 10:02 am 376

​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​សន្តិសុខ​ការពារជាតិ​សហរដ្ឋអាមេរិក និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​ពុធ​ទី​២០​ខែឧសភា​ថា ក្រសួងការបរទេស​អា​មេរិក បាន​យល់ព្រម​លក់​គ្រាប់​ប្រឆាំង​នាវា​ទម្ងន់​ធ្ងន់ MK-48 Mod6 Advanced Technology Heavy Weight Torpedoes និង​សម្ភារៈ​ពាក់ព័ន្ធ ឲ្យទៅ​កោះ​តៃវ៉ាន់ ដែល​មានតម្លៃ​សរុប​ប្រហែល​១៨០​លាន​ដុល្លារ​។ ការលក់​នេះ គឺ​បម្រើ​ផលប្រយោជន៍​ជាតិ សេដ្ឋកិច្ច​និង​សន្តិសុខ​របស់​អាមេរិក គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​បន្ត​របស់​កោះ​តៃវ៉ាន់ ក្នុង​ការធ្វើ​ទំនើបកម្ម​កងកម្លាំងប្រដាប់អាវុធ និង​ដើម្បី​រក្សា​នូវ​សមត្ថភាព​ការពារ​គួរឲ្យ​ទុកចិត្ត​។​

​ការប្រកាស​ឲ្យដឹង​អំពី​ការលក់​គ្រាប់​ប្រឆាំ​ង​នាវា​នេះ ធ្វើឡើង​នៅ​ថ្ងៃ​តែមួយ​ដែល​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen ស្បថ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាណត្តិ​ទី​២​។ ប្រធានាធិបតី​ស្ត្រី​រូបនេះ នៅតែ​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​ការទាមទារ​អធិបតេយ្យភាព​របស់​ចិន​។ តែ​ចិន​នៅតែ​រក្សា​ជំហរ​ដ៏​រឹងមាំ​របស់ខ្លួន​ដដែល​ដែរថា ការបង្រួបបង្រួម​ឡើងវិញ គឺជៀ​ស​មិន​រួចហើយ​ថា​ខ្លួន​នឹងមិន​អត់ធ្មត់ ចំពោះ​ឯករាជ្យភាព​របស់​តៃវ៉ាន់​ឡើយ​។ ដូច្នេះ ការប្រកាស​អំពី​ការលក់​គ្រាប់​ប្រឆាំង​នាវា​នេះ ទំនងជា​បញ្ឆេះ​កំហឹង​ដល់​ចិន ចំពោះ​តៃវ៉ាន់​និង​អាមេរិក​បន្ថែមទៀត​។ កន្លងមកឲ្យ​តែ​មានកា​រ​ទិញ​លក់​សព្វាវុធ​រវាង​អាមេរិក​-​តៃវ៉ាន់ ចិន​តែង​បរិហារ​ធ្ងន់ៗ​លើ​ប្រទេស​ទាំងពីរ​នេះ​។​

​សូម​ជម្រាបជូន​ដែរថា សហរដ្ឋអាមេរិក​ក៏ដូចជា​ប្រទេស​ភាគច្រើន​ផ្សេងទៀត​ដែរ មិនមាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់​ទេ ប៉ុន្តែ​ត្រូវបាន​ចងភ្ជាប់​ដោយ​ច្បាប់ ដើម្បី​ផ្តល់ឲ្យ​កោះ​តៃវ៉ាន់​នូវ​មធ្យោបាយ ដើម្បី​ការពារ​ខ្លួន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  អាមេរិកតៃវ៉ាន់

ព័ត៌មានផ្សេងទៀត