លោក​ហ៊ុន សែន​បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូវី​ដ​-១៩

21-05-2020 8:56 am 290
​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០​នេះ បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាល​ជំងឺ​កូវី​ដ​-១៩​។ ជាមួយគ្នា​លោកនាយក​រដ្ឋមន្ត្រី ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស​ការពារ សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល​សម្លាប់​មេរោគ​ជាប្រចាំ​ក្នុង​ករណី​ចាំបាច់​ពេល​ចេញ​ទៅ​ក្រៅ ក៏ដូចជា​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបាន​ត្រឹមត្រូវ​ដើម្បី​សុវត្ថិភាព​អាយុជីវិត​ទាំងអស់គ្នា​។​

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​លោកនាយករ​ដ្ឋ​មន្ត្រី​បានសរសេរថា “​សុខ​សប្បាយ​ទេ​បងប្អូន​ជនរួមជាតិ ?​យើង​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩ នៅ​ទូទាំង​ប្រទេស​។ មក​ទលល់​ថ្ងៃនេះ​នៅ​លើ​ពិភពលោក​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​បាន​កើនឡើង​ក្បែរ​៥​លាន​ករណី​ហើយ ដែល​គួរអោយ​បារម្ភ​ខ្លាំង​បំផុត​។ ហើយ​មកទល់ពេលនេះ ពិភពលោក​ក៏​មិន​ទាន់​រកឃើញ​ថ្នាំ​ព្យាបាល​ជម្ងឺ​ឆ្លង​រលាក​ផ្លូវដង្ហើម Covid-19 នេះ​នៅឡើយ​ដែរ​។ ទាំង​កម្ពុជា​និង​ពិភពលោក យើង​កំពុងតែ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺឆ្លង​ដ៏​កាច​សាហាវ​បំផុត​នេះ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការប្រុងប្រយ័ត្ន​គ្រប់​វិនាទី កុំអោយ​ឆ្លង​រោគ​ពី​គេ​មក​យើង​និង​ពី​យើង​ទៅ​គេ​។ បើ​ចាំបាច់​ចេញ​ក្រៅ​ផ្ទះ​ត្រូវ​ពាក់​ម៉ាស​ការពារ ត្រូវ​ដុស​សម្អាត​ដៃ​ជាមួយ​សា​ប៌ូ ទឹក​អាល់កុល ឬ​ជែល​ជាប្រចាំ កាត់បន្ថយ​ការជួបជុំ​ប្រមូលផ្ដុំ​គ្នា​ច្រើន និង​ត្រូវ​បន្ត​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​គ្រប់ពេលវេលា​។ សូម​បងប្អូន​ជនរួមជាតិ​យកចិត្តទុកដាក់​ខ្ពស់​លើ​អនាម័យ​សុខភាព​រស់នៅ​អោយបាន​ល្អ​ជា​ប្រចាំ ដូចគ្នា​នឹង​ការ​គោ​ព​ច្បាប់​ចរាចរណ៍​ដើម្បី​សុវត្ថិភាព​អាយុជីវិត​យើងទាំងអស់គ្នា​។​

​គួរ​ជម្រាប​ថា គិត​មក​ទល់​ពេល​នេះ​កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​សរុប​ចំនួន ១២២​ករណី និង​បាន​ព្យាបាល​ជា​សះស្បើយ​ទាំងអស់​រួចហើយ​តាំងពី​ថ្ងៃ​ទី​១៦​ឧសភា ខណៈ​ដែល​ពុំ​មាន​ករណី​ឆ្លង​ថ្មី​បន្ថែម​ទៀត​ឡើយ​៕ ​ដោយ​៖​យឺន សីហា​

ព័ត៌មានផ្សេងទៀត