ក្រសួង៖ពុំទាន់អនុញ្ញាតឲ្យដំណើរការក្លិបហាត់ប្រាណឡើងវិញទេ

21-05-2020 8:53 am 113

ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២០ ខែឧសភា បានជូនដំណឹងអំពីការបន្តបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩ ដល់សហព័ន្ធកីឡាជាតិ និងក្លិបហាត់ប្រាណទាំងអស់ ដោយបានបញ្ជាក់ថា ក្រសួងពុំទាន់អនុញ្ញាតឲ្យដំណើរការក្លិបហាត់ប្រាណឡើងវិញ និងពុំទាន់អនុញ្ញាតឲ្យកីឡាករ-កីឡាការិនីហាត់ហ្វឹកហ្វឺនឡើងវិញផងដែរ។

សេចក្ដីជូនដំណឹងនេះ បានបញ្ជាក់ថា ផ្អែកតាមស្មារតីលិខិតរបស់ក្រសួងអប់រំយុវជន និងកីឡាស្តីពីការពន្យាពេលគ្រឹះស្ថានសិក្សា និងផ្អែកតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជាមានភាពល្អប្រសើរក្នុងរយៈពេលមួយខែកន្លងមកពុំមានចម្លងថ្មី ហើយអ្នកឆ្លងចំនួន១២២នាក់បានជាសះស្បើយទាំងអស់ ពុំមានអ្នកស្លាប់ ប៉ុន្តែតាមការវាយតម្លៃស្ថានភាពកូវីដ១៩ នៅតែមាន​ហានិភ័យខ្ពស់នៅឡើយ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត នឹងអាចមានរលកឆ្លងជាថ្មីនៅជុំទីពីរ ក្រសួងអប់រំយុវជន និងកីឡា សូមធ្វើការណែនាំដូចខាងក្រោម៖

១. រក្សាគន្លាតសង្គម និង ពង្រឹងវិធានការទប់ស្តាត់ និងប្រឆាំងជំងឺកូវីដ១៩ ដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅឲ្យស្របទៅតាមសភាពធម្មតាបែបគន្លងថ្មី ដូចជាអនុវត្តអនាម័យដៃស្អាត ពាក់ម៉ាស់ និងវាសកំដៅ ដើម្បីរក្សាសុខភាពឲ្យបានល្អប្រសើរ។ ២. ពុំទាន់អនុញ្ញាតឲ្យកីឡាករការិនីហាត់ហ្វឹកហ្វឺន។ ៣. ពុំទាន់អនុញ្ញាតឲ្យដំណើរការក្លិបហាត់ប្រាណ។ ៤. ពុំទាន់អនុញ្ញាតឲ្យមានការប្រកួតលីគ។ ៥. ត្រូវរង់ចាំសេចក្តីប្រកាសផ្លូវការរបស់រដ្ឋាភិបាល ស្តីពីការអនុញ្ញាតឲ្យដំណើរការងារប្រក្រតីឡើងវិញ៕ ដោយ៖ឃួន សុភ័ក្រ

ព័ត៌មានផ្សេងទៀត