មតិ​អ្នកនយោបាយ​ជុំវិញ​“​ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ​”២០​ឧសភា​

20-05-2020 5:11 pm 817

​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ជា​«​ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ​» ជា​ថ្ងៃ​ដែល​រម្លឹក​ដល់​របប​ប្រល័យពូជសាសន៍​ប៉ុលពត បានសម្លាប់​ពលរដ្ឋ​ជាង​៣​លាន​នាក់​។​

​នៅក្នុង​ថ្ងៃ​នៃ​ទិវា​ជាតិ​នៃ​ការចងចាំ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បាន​បញ្ជាក់​នៅក្នុង​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោកថា​៖«​ថ្ងៃនេះ ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ​២០​ឧសភា ដែល​ជា​ថ្ងៃ​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​ចងចាំ​មិនអាច​បំភ្លេច​បាន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែល​ជា​របប​ដ៏​ឃោរឃៅ និង​ខ្មៅ​ងងឹត​។ ទិវា​នេះ​ជាការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ជាង​៣​លាន​នាក់​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ។​

​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលប់​បានដឹង និង​បាន​យល់ច្បាស់ អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរ​ចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍​ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការ​ជម្លៀស​ចេញពី​ទីលំនៅ​របស់​ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យ​ធ្វើការ​ដូច​សត្វ​ធាតុ​ជាដើម​។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​ស្លាប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បី​តែ​សិទ្ធិ​រស់រាន​មានជីវិត​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។​

​ដើម្បី​កុំ​ឲ្យ​របប​នេះ​វិលត្រឡប់​មក​វិញ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស ពីព្រោះ​សន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់យ៉ាង​ក្នុង​ការកសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ​ទៀត​»​។​

​ទាក់ទង​នឹង​«​ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ​»​នេះដែរ លោក​សុខ ឥ​សាន្ត ដែល​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​២០ ខែ​ឧសភា​ថា​ការ​ប្រារព្ធ​ទិវា​ជាតិ​នេះ​ឡើង គឺ​ដើម្បី​រំលឹក​ដល់​អ្នក​ដែល​បាន​ឆ្លងកាត់​នូវ​របប​ប៉ុល ពត កុំឲ្យ​ភ្លេច និង​ចង់ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​

លោក​សុខ ឥ​សាន្ត​បន្ថែមថា នៅក្នុង​ឆ្នាំ​២០២០​នេះ «​ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ​» គឺ​មិន​បាន​ប្រារព្ធ​នោះទេ ដោយសារ​តែ​បញ្ហា​កូវី​ដ ១៩ តែបើ​រៀបចំ​គឺ​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​តូចៗ​ទៅ​តាម​មូលដ្ឋាន​តែប៉ុណ្ណោះ​...

​សំឡេង​លោក​សុខ ឥ​សាន្ត​៖

​ចំណែក​លោក​ពេជ្រ ស្រស់ ដែល​ជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះនិងផ្តល់​យោបល់​ក៏​បាន​ឲ្យ​វិទ្យុ​វា​យោ​ដឹង​ដែរ​ថា ការ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ​ជា​រៀងរាល់​ឆ្នាំ​នេះ​ឡើង ​លោក​យល់ថា គឺ​ដើម្បី​ដាស់​ស្មារតី​ដល់​ពលរដ្ឋ និង​អ្នកនយោបាយ​ទាំងអស់ ដើម្បី​ចៀសវាង​កុំ​អោយ​ថ្ងៃ​ដែល​បាន​ធ្វើឲ្យ​ខ្មែរ​ស្លាប់​រាប់លាន​នាក់​កើត​ឡើង​ជា​ថ្មី​ម្តងទៀត​។​

​លោក​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ប្រារព្ធ​ទិវា​ជាតិ​នេះ​ក៏​ជា​ការជួយ​ដាស់​ស្មារតី​កូន​ខ្មែរ​គ្រប់​ជំនាន់ឲ្យ​បានដឹង​ពី​អន្តរាយ​របស់​សង្គមជាតិ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ធ្វើឲ្យ​ខ្មែរ​ភ្ញាក់​ខ្លួន​ពី​ការ​ធ្វើ​នយោបាយ​បែប​ជ្រុលនិយម​ដូច​ប៉ុលពត និង​ដាស់តឿន​កូន​ខ្មែរ​ឲ្យ​ចេះ​សាមគ្គី​គ្នា ព្រមទាំង​ធ្វើ​នយោបាយ​ស្វែងរក​ក្តី​សុខជូន​ពលរដ្ឋ​...

​សំឡេង​លោក​ពេជ្រ ស្រស់​៖

​រីឯ​លោក​ខឺ​យ ស៊ី​នឿន សហស្ថា​និកនៃ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ក៏បាន​លើកឡើង​ប្រហាក់ប្រហែល​នឹង​លោក​ពេជ្រ ស្រស់​ដែរ​ថា​ការ​ប្រារព្ធ​ទិវា​នេះ​គឺ​ដើម្បី​ជាការ​ដាស់​ស្មារតី​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់បាន​ឆ្លងកាត់​នូវ​របប​ប៉ុលពត ហើយ​ទិវា​នេះ​ទៀតសោត​ក៏បាន​ផ្តល់​នូវ​សារៈសំខាន់​ផងដែរ ដល់​យុវជន​ជំនាន់​ក្រោយ​អោយ​យល់ដឹង​ពី​ប្រវត្តិ​ដ៏​ជូរ​ចត់ និង​ចៀសវាង​នូវ​ទង្វើ​ដែល​មិន​គប្បី​ចំពោះ​ជាតិ​សាសន៍​ខ្លួនឯង​...

​សំឡេង​លោក​ខឺ​យ ស៊ី​នឿន​៖

សូមបញ្ជាក់​ថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ប្រជាជន​កម្ពុជា ដែល​បាន​ស្លាប់​ដោយ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ជាពិសេស គឺជា​ការ​ធ្វើ​បុណ្យ​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំង​នោះ​ផងដែរ​។ ប៉ុន្តែ​ដោយសារ បញ្ហា​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ (COVID-19) នៅ​ឆ្នាំ​២០២០​នេះ​ពិធី​នេះ ត្រូវបាន​ផ្អាក​ការរៀបចំ​៕

 

ព័ត៌មានផ្សេងទៀត