រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង កាលពីថ្ងៃទីនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានផ្ញើលិខិតមួយច្បាប់ទៅកាន់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ស្ដីពីការជំរុញការអប់រំសុខភាពជូនដល់ប្រជាជន និងពង្រឹងការងារ តាមដានការអនុវត្តវិធានការការពាររលកទីពីរ នៃការចម្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងលិខិតនោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ដូច្នេះ ថា ថ្វីត្បិតតែស្ថានភាពជំងឺវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះមិនមានរកឃើញ ករណីឆ្លងថ្មីជាងមួយខែ អ្នកឈឺបានព្យាបាលជាសះស្បើយ ១០០% និងមិនមានករណីស្លាប់ក៏ពិតមែន ហើយភាគច្រើនលើសលុបសុទ្ធ សឹងជាករណីនាំចូលមកពីក្រៅប្រទេស ក៏ប៉ុន្តែកម្ពុជា ត្រូវតែប្រកាន់យកការប្រុងប្រយ័ត្ន ជាប់ជានិច្ច ចំពោះការប្រឈមទៅនឹងការកើតមានឡើងនូវរលកទីពីរ នៃការចម្លងវីរុសកូវីដ-១៩ ពិសេសការចម្លងនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មានបាន។
ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តចូលរួមការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ដោយអនុវត្តនូវគោលការណ៍ណែនាំសំខាន់ៗដូចខាងក្រោម៖
១. បន្តធ្វើឱ្យសកម្មនូវដំណើរការគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានីខេត្តជាបន្តទៀត។
២. អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចាត់តាំងកម្លាំងគ្រប់គ្រងឃ្លាំមើល និងណែនាំអប់រំឲ្យមានការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារការចម្លងជំងឺ ព្រមទាំងជំរុញលើកទឹកចិត្តឲ្យពលរដ្ឋក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឲ្យមានការយល់ដឹង និងអនុវត្តការផ្លាស់ប្ដូរកែប្រែទម្លាប់ និងឥរិយាបថនៃការរស់នៅរបស់ខ្លួន ឲ្យស្របតាមរបត់នៃការរស់នៅ «សកម្មភាពធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ »។
៣. បន្តហាមឃាត់មិនឲ្យមានការជួបជុំ ឬរៀបចំពិធីណាមួយដែលមានអ្នកចូលរួមច្រើនកុះករពេក ដូចជាការជួបជុំស៊ីផឹកមានគ្នាច្រើន ឬការជួបជុំតាមបែបសាសនាជាដើម រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ទើបមានការពិនិត្យឡើងវិញនូវស្ថានភាពនៃការចម្លង និងមានការណែនាំសារជាថ្មី។
៤. ត្រូវតាមដាន និងត្រួតពិនិត្យតាមភោជនីយដ្ឋាន និងអាហារដ្ឋាននានាព្រមទាំងកន្លែងលក់ដូរនានា ដើម្បីឲ្យម្ចាស់ហាងទាំងនោះត្រូវបន្តការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩។
៥. ជំរុញប្រជាពលរដ្ឋមកពីក្រៅប្រទេសដែលមិនបានត្រួតពិនិត្យសុខភាពនៅតាមច្រកព្រំដែន ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពផ្ទាល់ខ្លួនចាំបាច់ក្នុងរយៈពេល ១៤ ថ្ងៃ និងទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត ប្រសិនបើមានអាការៈមិនស្រួល ឬករណីសង្ស័យ។
៦. ចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់អ្នកចត្តាឡីស័ក តាមផ្ទះដែលបញ្ជូនមកពីមណ្ឌលពិនិត្យសុខភាពខេត្ត ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងរៀបចំចាត់ចែងការងារបន្ត ដោយផ្អែកលើលទ្ធផលនៃការកត្តាពិនិត្យឲ្យបានហ្មត់ចត់ជាទីបំផុត៕