ទម្លាប់អាក្រក់១០យ៉ាងអាចបំផ្លាញតម្រងនោម

20-05-2020 4:33 pm 216
  ស្តាប់
ស្តាប់ជាសំឡេង

គ្រាន់តែលឺពាក្យថាតម្រងនោម រឺអ្នកខ្លះហៅថាក្រលៀន អ្នកប្រហែលជាគិតដល់សន្ទះមួយដែលប្រើសម្រាប់ច្រោះទឹកនោមជាក់ជាមិនខាន ក៏ប៉ុន្តែសរីរាង្គនេះវាមិនមែនមានមុខងារតែមួយប៉ុណ្ណោះទេ តែវាមានតួនាទីសំខាន់ៗជាច្រើនទៀតដែលយើងអាចនឹកស្មានមិនដល់។ ក្នុងមួយថ្ងៃ តម្រងនោមច្រោះឈាម២០០លីត្រ ដើម្បីកម្ចាត់ជាតិពុល បញ្ចេញកាកសំណល់ផ្សេងៗ បង្កើតអរម៉ូន សម្រួលសម្ពាធឈាម ផលិតកោសិកាឈាមក្រហម និងជួយរក្សាឆ្អឹងអោយមានភាពរឹងមាំជាដើម។ ហេតុដូច្នេះហើយអ្នកគួរតែចេះថែរក្សាតម្រងនោមរបស់ខ្លួនអោយបានល្អខ្ជាប់ខ្ជួនបំផុត ហើយជាក់ស្ដែងដូចជាទម្លាប់អាក្រក់ ដែលអ្នកតែងធ្វើជាប្រចាំទាំង១០ខាងក្រោមនេះ សូមកុំបន្តធ្វើទៀតឲ្យសោះ បើមិនចង់ឲ្យតម្រងរបស់ត្រូវបំផ្លាញដោយមិនបានដឹងខ្លួនទេនោះ។ ទម្លាប់អាក្រក់ទាំង១០នោះមានដូចជា៖

១ ផឹកទឹកមិនបានគ្រប់គ្រាន់ ការទទួលទានទឹកមិនបានគ្រាប់គ្រាន់ (តិចជាង១,៥ លីត្រ) វានឹងផ្ដល់ផលប៉ះពាល់ខ្លាំងណាស់ទៅដល់ប្រព័ន្ធតម្រងនោម ព្រោះតែទឹកជួយរក្សាតុល្យភាពអេឡិចត្រូលីត្រនៅក្នុងខ្លួន ហើយវាក៏ជួយបញ្ចេញកាកសំណល់នៅក្នុងឈាមផងដែរ។ ប្រសិនបើយើងផឹកទឹកមិនគ្រប់គ្រាន់ទេ ឈាមនឹងទៅជាខាប់ ហូរទៅកាន់តម្រងនោមដើម្បីចម្រោះជាតិពុលមានបរិមាណតិច ធ្វើអោយការបញ្ចេញជាតិពុលមានភាពមិនប្រក្រតី ហើយយូរៗទៅ ជាតិពុលនឹងស្ថិតនៅពាសពេញក្នុងឈាម។

២ ទប់មិនចូលបន្ទប់ទឹកយូរពេក នេះគឺជាបញ្ហាមួយដែលឪពុកម្តាយគួរណែនាំក្មេងតូចៗអោយបានដឹងច្បាស់ពីគុណវិបត្តិនៃការទប់នោមយូរមិនហ៊ានទៅបន្ទប់ទឹក។ ការទប់មិនចូលបន្ទប់ទឹកក្នុងរយៈពេលយូរ បាក់តេរីដែលស្ថិតក្នុងទឹកនោមនឹងបង្កជាបាក់តេរីនានា រួចឆ្លងទៅកាន់សរីរាង្គផ្សេងៗទៀតដូចជា ប្លោកនោម តម្រង់នោម និងទៅក្នុងឈាមជាដើម។ 

៣ ទទួលទានប្រៃពេក ជាតិសូដ្យូមដែលមាននៅក្នុងរបស់ប្រៃត្រូវបានកំចាត់ចោល៩៥ភាគរយ ចេញពីរាងកាយជារៀងរាល់ថ្ងៃ។ ដូច្នេះហើយប្រសិនបើយើងទទួលទានម្ហូបអាហារដែលសំបូរដោយជាតិប្រៃ តម្រងនោមយើងក៏ធ្វើការសកម្មខ្លាំងណាស់ដែរ ហើយកាលណាចំនួនសូដ្យូមនេះច្រើន វាអាចធ្វើអោយសរីរាង្គឡើងហើម នឹងបង្កជាអាការៈលើសឈាម និងជំងឺតម្រង់នោមផ្សេងៗជាដើម។

៤ ទទួលទានអាហារ រឺភេសជ្ជៈដែលមានសារធាតុកាហ្វេអ៊ីន នៅពេលស្រេកទឹក មនុស្សភាគច្រើនតែងតែទទួលទានភេសជ្ជៈផ្សេងៗដែលអាចដាស់ស្មារតីអោយស្រស់ថ្លា និងភ្លឺស្វាងជាងមុន។ ភេសជ្ជៈទាំងនោះសុទ្ធតែមានផ្ទុកដោយសារធាតុកាហ្វេអ៊ីន ហើយវាអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ ពិបាកដល់តម្រងនោមក្នុងការច្រោះជាតិពុលចេញពីឈាមបាន។

៥ ទទួលទានថ្នាំបំបាត់ភាពឈឺចាប់ ការទទួលទានថ្នាំបំបាត់ការឈឺចាប់ ដោយសារអាការៈស្រាលៗមិនមែនជារឿងដ៏ល្អសម្រាប់សុខភាពនោះទេ ហើយអ្នកគួរតែចៀសវាងអោយបានជាដាច់ខាត។ ថ្នាំបំបាត់ការឈឺចាប់ទាំងនោះអាចអោយអ្នកមានអារម្មណ៍ធូរស្រាលបានពិតប្រាកដមែន ប៉ុន្តែវានឹងចូលទៅបំផ្លាញសរីរាង្គផ្សេងទៀតបាន។ តាមការសិក្សាបានអោយដឹងថា ការទទួលទានថ្នាំបំបាត់ការឈឺចាប់ នឹងធ្វើអោយលំហូរឈាមមានភាពយឺត និងប៉ះពាល់ដល់ការចម្រោះជាតិពុលចេញពីរាងកាយ និងប៉ះពាល់ដល់តម្រងនោមបាន។

៦ ទទួលទានសាច់ ឬអាហារដែលមានសារធាតុប្រូតេអ៊ីនច្រើនពេក ការទទួលទានសាច់ស្រស់ និងម្ហូបអាហារដែលសំបូរដោយសារធាតុប្រូតេអ៊ីនច្រើនពេក និងបង្កគ្រោះថ្នាក់ខ្លាំងណាស់ទៅដល់តម្រងនោម។ សារធាតុប្រូតេអ៊ីនច្រើន និងបង្កើនសារធាតុ មេតាប៉ូលីសច្រើន ធ្វើអោយតម្រងនោមធ្វើការច្រើនជាងមុនដើម្បីសម្អាតសារធាតុនេះ។ អ្នកត្រូវចងចាំថាសាច់សត្វក៏សំបូរដោយជាតិពុលដែរ ហេតុដូច្នេះហើយចូរកុំទទួលសាច់អោយលើសពី៣០០ក្រាម ក្នុងមួយថ្ងៃ ផ្ទុយទៅវិញកាន់តែតិច គឺកាន់តែល្អ។

៧ ទទួលគ្រឿងស្រវឹងច្រើនពេក សារធាតុដែលមានជាតិអាល់កុល ក៏មានចំណែកបំផ្លាញតម្រងនោមផងដែរ ព្រោះវាមានផ្ទុកសារធាតុពុលច្រើន ដែលជាបន្ទុកដល់តម្រងនោមក្នុងការលាងសម្អាត។

៨ ជក់បារី សារធាតុពុលនៅក្នុងបារីអាចបំផ្លាញសរីរាង្គច្រើននៅក្នុងរាងកាយ ហើយក្នុងនោះក៏មានតម្រងនោមមួយផងដែរ។

៩ មិនខ្វល់ខ្វាយពីអាការៈផ្ដាសាយ ផ្តាសសាយគឺជាអាការៈមួយ ដែលវាតែងតែកើតឡើងនៅពេលដែលខ្លួនអ្នកជួបប្រទះនឹងអាកាសធាតុត្រជាក់ និងទទួលទានដំណេកមិនគ្រប់គ្រាន់ជាដើម។ ប្រសិនបើអ្នកមិនព្យាបាល និងដេកអោយគ្រប់គ្រាន់ទេ វានឹងប៉ះពាល់ដល់តម្រងនោមដូចគ្នាដែរ។

១០ គេងមិនបានគ្រប់គ្រាន់ ក្នុងកំឡុងពេលយើងគេង ជាលិកានៃសរីរាង្គនានាកំពុងតែដុះកើតសារជាថ្មី។ ហេតុដូច្នេះ ប្រសិនបើយើងគេងមិនបានគ្រាប់គ្រាន់ និងស្កប់ស្កល់នោះទេ ដំណើរនៃការបង្កើតជាលិកាថ្មីនេះក៏មានបញ្ហាដែរ ហើយក្នុងនោះសរីរាង្គតម្រងនោមក៏ជាអ្នករងគ្រោះ ។

គួរជម្រាបជូនថា បញ្ហាតម្រងនោមឬនោមក្រលៀនចុះខ្សោយនេះ គឺជាបញ្ហាមួយដែលមនុស្សជាច្រើនកំពុងតែប្រឈមមុខ ហើយអ្នកដែលមានលទ្ធភាពខ្ពស់មួយចំនួនបានចំណាយប្រាក់ជាច្រើនក្នុងការផ្លាស់ប្តូរតម្រង់នោមថ្មី។ វាគឺជាសរីរាង្គដ៏សំខាន់បំផុតមួយរបស់រាងកាយយើង ហើយប្រសិនបើសរីរាង្គនេះមានបញ្ហាចុះខ្សោយ សុខភាពយើងក៏នឹងចុះខ្សោយទៅតាមនោះដែរ ។ ហេតុដូច្នេះ អ្នកត្រូវតែមើលថែវាអោយបានល្អបំផុត ក៏ដូចជាបង្កើនការយកចិត្តទុកដាក់នឹងទម្លាប់ប្រចាំថ្ងៃឲ្យបានកាន់តែច្រើនជាងនេះ៕

ប្រភព៖cambo

ដោយ៖ស៊ូ សូរិយា

ព័ត៌មានផ្សេងទៀត